យោងតាមរបាយការណ៍ពីសមាគមធនាគារនៅកម្ពុជា (ABC) បានឱ្យដឹងថាវិស័យធនាគារមានការរៀបចំឡើងវិញនូវប្រាក់កម្ចីចំនួន ២,១៦ ពាន់លានដុល្លារដែលគ្របដណ្តប់គណនីចំនួន ៤៤ ៥០០ គិតត្រឹមខែមិថុនាឆ្នាំនេះ។
ប្រធានចាត់ការទូទៅសមាគមធនាគារនៅកម្ពុជា លោក ហេង កូយ បានប្រាប់ខ្មែរថាមស៍ឲ្យដឹងថាធនាគារនឹងបន្តអនុញ្ញាតឱ្យមានការរៀបចំប្រាក់កម្ចីឡើងវិញ។
លោកថា៖ «ការរៀបចំប្រាក់កម្ចីឡើងវិញនឹងមិនប៉ះពាល់ដល់ឧស្សាហកម្មធនាគារនោះទេ ខណៈដែលសកម្មភាពនេះត្រូវបានអនុញ្ញាតដោយសារាចររបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី ២៧ ខែមីនាស្តីពីការរៀបចំប្រាក់កម្ចីឡើងវិញ។ សកម្មភាពនេះជួយឱ្យធនាគារមានលទ្ធភាពគាំទ្រដល់អតិថិជនរបស់ពួកគេ»។
ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាធនាគារនិងស្ថាប័នហិរញ្ញវត្ថុនានាត្រូវកំណត់អត្តសញ្ញាណអតិថិជនដែលរំពឹងថានឹងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុមុនពេលរៀបចំប្រាក់កម្ចីឡើងវិញ ដែលគួរតែត្រូវបានផ្តល់ជូនអតិថិជនជាមួយនឹងលក្ខខណ្ឌក្នុងការសងការប្រាក់ថ្មីនិងផ្តល់ជូនកិច្ចព្រមព្រៀងថ្មីសំរាប់តែអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុក៏ដូចជាការទូទាត់សងសម្រាប់រយៈពេលបណ្តោះអាសន្ន។ រាល់កិច្ចព្រមព្រៀងថ្មីណាមួយគឺផុតកំណត់នៅថ្ងៃទី ៣១ ធ្នូ។
ជាមួយគ្នានេះផងដែរ លោក ហេង កូយ បន្ថែមថាធនាគារគួរតែពិចារណាលើប្រភេទអាជីវកម្មហើយប្រៀបធៀបប្រាក់ចំណូលបច្ចុប្បន្នទៅនឹងប្រាក់ចំណូលកាលពីពេលកន្លងទៅ និងលំហូរសាច់ប្រាក់មុនពេលមានករណីវីរុសកូវីដ១៩។ បន្ទាប់មក ពួកគេត្រូវបញ្ជូនព័ត៌មានលម្អិតរបស់អតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅទីស្នាក់ការកណ្តាលរបស់ពួកគេ ព្រោះពួកគេនឹងត្រូវបានសំរេចចិត្តដោយអ្នកជំនាញឯកទេសក្នុងការរៀបចំប្រាក់កម្ចីឡើងវិញ។
យោងតាមសមាគមធនាគារនៅកម្ពុជា ការរៀបចំប្រាក់កម្ចីភាគច្រើនគឺធ្វើឡើងសម្រាប់វិស័យកសិកម្ម សំណង់ ការលក់ទិញលំនៅឋាន ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្មខ្នាតតូច។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុនៃធនាគារអេស៊ីលីដាបានប្រាប់កាសែតខ្មែរថាមស៍ថាខ្លួនបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុដោយឯករាជ្យនិងសហការជាមួយធនាគារជាតិនៃកម្ពុជា ផងដែរ។
លោកស្រីបន្តថាធនាគារក៏បានជួបអតិថិជនដោយផ្ទាល់ដើម្បីណែនាំពួកគេអំពីរបៀបប្រើប្រាស់ប្រាក់កម្ចីនិងកាតព្វកិច្ចរបស់ពួកគេក៏ដូចជាដោះស្រាយបញ្ហានានារបស់ពួកគេ។
លោកស្រីថា៖ «យើងអនុវត្តតាមបទប្បញ្ញត្តិនិងច្បាប់។ យើងស្ថិតនៅក្រោមធនាគារជាតិនៃកម្ពុជា ដូច្នេះធនាគារជាតិនៃកម្ពុជា នឹងមិនអនុញ្ញាតឱ្យវិស័យមីក្រូហិរញ្ញវត្ថុនិងធនាគារធ្វើប្រតិបត្តិការអាជីវកម្មរបស់ពួកគេផ្ទុយនឹងច្បាប់ឡើយ។ របៀបដែលយើងអនុវត្តគឺផ្អែកលើច្បាប់និងបទប្បញ្ញត្តិហើយស្ថិតនៅក្រោមការត្រួតពិនិត្យដោយធនាគារជាតិនៃកម្ពុជា»។
លោកស្រីបន្តថាគិតត្រឹមខែកក្កដាឆ្នាំ ២០២០ ធនាគារបានរៀបចំប្រាក់កម្ចីឡើងវិញរបស់អតិថិជនចំនួន ១ ៥១៣ នាក់ ខណៈដែលអតិថិជនភាគច្រើន (២៦ ភាគរយ) ក្នុងវិស័យទេសចរណ៍។
លោកស្រីបន្ថែមថា៖ «នៅពេលអតិថិជនជួបប្រទះបញ្ហា យើងព្យាយាមធ្វើការសិក្សាអំពីបញ្ហានោះហើយធ្វើការដោះស្រាយ ជាពិសេសប្រសិនបើវាទាក់ទងនឹងវីរុសកូវីដ១៩ ។ យើងមិនបង្ខំពួកគេឱ្យសងប្រាក់កម្ចីនោះទេនៅពេលដែលពួកគេជួបបញ្ហា ពីព្រោះយើងដឹងថាវាជាស្ថានភាពលំបាកមួយ»។
នាយកប្រតិបត្តិនៃធនាគារ PPCBank លោកShin Chang Moo បានប្រាប់កាសែតខ្មែរថាមស៍ថា PPCBank បានផ្តួចផ្តើមក្នុងការរៀបចំប្រាក់កម្ចីឡើងវិញចាប់តាំងពីខែឧសភា ហើយរហូតមកដល់ពេលនេះធនាគារបានអនុវត្តចំពោះអតិថិជនប្រមាណជា ២០០ នាក់ ក្នុងទឹកប្រាក់ចំនួន ៥៥ លានដុល្លារដែលស្មើនឹងជាងប្រាំពីរភាគរយនៃប្រាក់កម្ចីសរុបរបស់ធនាគារ។
លោកថាការដាក់ឲ្យមានការរៀបចំប្រាក់កម្ចីឡើងវិញនេះនឹងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អតិថិជនអ្នកខ្ចីប្រាក់ក្នុងស្ថានភាពនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ពេលវេលាដល់អ្នកដែលផ្ដល់ប្រាក់កម្ចីក្នុងការវាយតម្លៃហានិភ័យនិងសក្តានុពលថ្មីៗដែលពួកគេមិនធ្លាប់ប្រឈមមុខ។
លោកថា៖ «ដើម្បីបង្កើនអត្ថប្រយោជន៍នានា យើងបានរៀបចំទីតាំងសម្រាប់ការពិគ្រោះយោបល់និងដាក់ពាក្យលើកម្មវិធីរៀបចំប្រាក់កម្ចីឡើងវិញ និងបើកមជ្ឈមណ្ឌលទំនាក់ទំនងសម្រាប់អតិថិជន។ ការរៀបចំប្រាក់កម្ចីឡើងវិញនេះត្រូវបានអនុវត្តសម្រាប់វិស័យធំៗដែលរួមមានទេសចរណ៍ អប់រំ ផលិតកម្មនាំចេញ និងការធ្វើពាណិជ្ជកម្ម»។
លោក Shin Chang Moo បន្តថា៖ «អាជីវកម្មឥណទានសរុបក្នុងឆ្នាំ ២០២០ នឹងថយចុះ ប៉ុន្តែខ្ញុំយល់ថាកំណើនមិនមែនជាអាទិភាពកំពូលក្នុងចំណោមស្ថាប័នឥណទានភាគច្រើននៅកម្ពុជាសម្រាប់ឆ្នាំនេះនោះទេ»។
លោកក៏បានថ្លែងឲ្យដឹងផងដែរថា វាពិបាកក្នុងការទស្សទាយថានឹងមានអ្វីកើតឡើងបន្ទាប់ពីរយៈពេលនៃការរៀបចំប្រាក់កម្ចីឡើងវិញបញ្ចប់ទៅ ប៉ុន្តែបុគ្គលិករបស់លោកកំពុងតាមដានអតិថិជនយ៉ាងយកចិត្តទុកដាក់លើកម្មវិធី ផ្តល់នូវការគាំទ្រ ជំនួយផ្សេងៗពីធនាគារ និងប្រភពផ្សេងៗក្នុងវិស័យសាធារណៈរួមទាំងធនាគារជាតិកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថាចាប់ពីខែមីនាដល់ថ្ងៃទី ៩ ខែសីហាអតិថិជនប្រមាណជា ២៦៦ ៨២០ នាក់បានស្នើសុំរៀបចំប្រាក់កម្ចីឡើងវិញដោយសារតែបញ្ហានានាដែលបង្កឡើងដោយវីរុសកូវីដ១៩ ។ អតិថិជនជាង ២៥០ ៩០៥ នាក់ត្រូវបានអនុម័តសម្រាប់ការរៀបចំប្រាក់កម្ចីឡើងវិញ ជាមួយនឹងទឹកប្រាក់សរុបចំនួន ១,២៣២ ពាន់លានដុល្លារ។
ធនាគារជាតិនៃកម្ពុជាបានថ្លែងថាការរៀបចំប្រាក់កម្ចីឡើងវិញកែសម្រួលលក្ខខណ្ឌនៃកិច្ចសន្យាប្រាក់កម្ចី ដោយអនុញ្ញាតឱ្យមានការរៀបចំពិសេសដល់អតិថិជនដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ ខណៈដែលការផ្តល់ជូននេះរួមមានការកាត់បន្ថយដើមទុន ការប្រាក់ ការធ្វើកិច្ចសន្យាឡើងវិញនិងរយៈពេលអនុគ្រោះផ្សេងៗទៀត៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា