cellcard cellcard cellcard

ក្រសួង​អប់រំ​ទំនងជា​អនុញ្ញាត​ឲ្យ​សិស្ស​ថ្នាក់​ទី​៩ និង​សិស្ស​ថ្នាក់​ទី​១២ ចូលរៀន​វិញ​​នៅ​ខែកញ្ញា​

​សុខ ស្រី​លុច​ / Khmer Times Share:
សិស្ស​ថ្នាក់​ទី ១២ ក្នុង​ការប្រឡង​សញ្ញាបត្រ​បាក់​ឌុប​នៅ​សាលា​មួយ​ក្នុង​រាជធានី​កាលពី​ឆ្នាំមុន​។ KT/​ស៊ីវ ចាន់ណា​

​ក្រសួង​អប់រំ​កាលពី​ម្សិលមិញ​បានធ្វើការ​ប្រកាស​ពី​ការបើក​ថ្នាក់រៀន​ឡើងវិញ​ចំពោះ​គ្រឹះស្ថានសិក្សា​សាធារណៈ​សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង​សិស្ស​ថ្នាក់​ទី​១២ ដែល​នឹង​ចូលរៀន​នៅ​ខែកញ្ញា​ខាងមុខ​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​មួយ ក្រសួង​អប់រំ យុវជន និង​កីឡា បានអនុញ្ញាត​ឲ្យ​សិស្ស​ថ្នាក់​ទី​៩ និង​សិស្ស​ថ្នាក់​ទី​១២ នៃ​គ្រឹះស្ថានសាធារណៈ ចូលរៀន នៅក្នុង​ដំណាក់កាល​ទី​២ នៃ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា ដោយ​គោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា (SOP)​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ថែមថា ការ​ចូលរៀន​ឡើងវិញ​នេះ​គឺធ្វើឡើង ក្នុង​ទ្រង់ទ្រាយ​តូច ដែល​តម្រូវ​ឲ្យ​មាន​សិស្ស​តែ ១៥​នាក់ ក្នុង​មួយ​ថ្នាក់​ប៉ុណ្ណោះ ដោយ​គោរព​តាម​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO)​។​

​យោងតាម​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា (SOP) របស់​ក្រសួង​អប់រំ សាលា​នានា​តម្រូវ​ឲ្យ​សម្អាត​​​និង​សម្លាប់​មេរោគ​នៅ​ទីតាំង​នានា​ឱ្យបាន​ទៀងទាត់​មុនពេល​បើក​ដំណើរការ​ឡើងវិញ​ដែល​ទីតាំង​ទាំងនោះ​រួមមាន​បណ្ណាល័យ បន្ទប់ទឹក បន្ទប់ពិសោធន៍ បន្ទប់រៀន និង​សួន​កុមារ ក៏ដូចជា​រក្សា​​សីតុណ្ហភាព​ក្នុង​បន្ទប់​មិនឱ្យ​ទាប​ជាង ២៤ អង្សា​សេ​។​

​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា​បាន​បន្ត​ឲ្យ​ដឹងថា​ការគោរព​ទង់ជាតិ​នៅពេល​ព្រឹក​ក៏ត្រូវ​ធ្វើ​ឡើងជា​ទ្រង់ទ្រាយ​តូច​ផងដែរ ខណៈដែល​ការផ្ដល់​សៀវភៅ​ក្នុង​បណ្ណាល័យ​ពី​សិស្ស​ម្នាក់​ទៅ​សិស្ស​ម្នាក់ទៀត ការប្រមូលផ្តុំ សកម្មភាព​ទាក់ទង​នឹង​កីឡា និសកម្មភាព​​នានា​ដ៏ទៃទៀត​តម្រូវ​ឲ្យ​ផ្អាក​។​

​នាយករង​សាលារៀន​ជំនាន់​ថ្មី (NGS) នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ លោក ស​ម្យ កំសាន្ត បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​សាលារៀន​បាន​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការបើក​ថ្នាក់រៀន​ឡើងវិញ​សម្រាប់​សិស្ស​ថ្នាក់​ទី ៩ និង ១២ ។​

​លោក​ថ្លែងថា​៖ «​សាលា​បាន​ស្នើសុំ​ឲ្យ​មាន​ការបើក​ថ្នាក់រៀន​ឡើងវិញ​សម្រាប់​សិស្សានុសិស្ស​បន្ទាប់ពី​បានធ្វើការ​ជួបប្រជុំ​ចំនួន ៥ លើក​រវាង​អ​ណា​ព្យាបាល គ្រូបង្រៀន សិស្សានុសិស្ស និង​ថ្នាក់ដឹកនាំ​សាលា​កាលពី​ខែ​មុន​» ។​

​លោក ស​ម្យ កំសាន្ត បាន​បន្ថែមទៀតថា​ការប្រជុំ​រវាង​សាលា​និង​អាណាព្យាបាល​សិស្ស​ជាង​ ២០០ នាក់​ត្រូវបាន​ធ្វើឡើង​មុនពេល​ដែល​សំណើ​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​ក្រសួង ខណៈ​​ដែលមាន​អាណាព្យាបាល​ប្រមាណ​ជា ៩០ ភាគរយ​យល់ព្រម​ក្នុង​ការបើក​ថ្នាក់រៀន​ឡើងវិញ​។​

​លោក​បន្ថែមថា​៖ «​ថ្នាក់រៀន​យ​នឹងត្រូវ​ធ្វើឡើង​ជា​ពីរ​វេន​គឺ​ពេលព្រឹក​ចាប់ពី​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ១១ ព្រឹក និង​រសៀល​ចាប់ពី​ម៉ោង ១ រសៀល​ដល់​ម៉ោង ៥ ល្ងាច ខណៈដែល​នឹងមាន​សិស្ស​ចំនួន ១៦ នាក់​នៅក្នុង​ថ្នាក់​នីមួយៗ​។ ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​នៅតែ​បន្ត​ធ្វើឡើង ដើម្បី​ជា​ជំនួយ​ដល់​សិស្ស​ក្នុងការ​រំលឹក​មេរៀន​មុនពេល​ជួប​ជាមួយ​គ្រូ​ក្នុង​ថ្នាក់​»​។​

​ហុង បញ្ញា​វង្ស​វិបុល ជា​សិស្ស​ថ្នាក់​ទី ១២ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​បាន​ថ្លែងថា​ការកើនឡើង​នៃ​ករណី​វិជ្ជមាន​នៃ​វីរុស​កូ​វីដ​១៩ បានធ្វើឱ្យ​ខ្លួន​មានការ​ព្រួយបារម្ភ​អំពី​ការបើក​ថ្នាក់រៀន​ឡើងវិញ​។​

​ទោះយ៉ាងណា លោក​ថា​៖ «​ខ្ញុំ​នឹងចូលរួម​សិក្សា​ក្នុង​ថ្នាក់រៀន​ជាធម្មតា​តាម​អ្វីដែល​ក្រសួង​បានលើកឡើង ខណៈដែល​ក្រសួង​បាន​បញ្ជាក់ថា​សាលារៀន​អាច​បើក​ឡើងវិញ​បាន​ដោយមាន​លក្ខខណ្ឌ​មួយចំនួន​ដែល​រួមមាន​កំណត់​ថ្នាក់រៀន​នីមួយៗ​ត្រឹម​តែ ១៥ នាក់​ក្នុង​មួយ​ថ្នាក់​»​។​

​វិបុល ថ្លែងថា​៖ «​សាលារៀន​បាន​បិទ​អស់​រយៈពេល​ជា​យូរ​មកហើយ ខណៈដែល​ថ្នាក់​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​មិនសូវ​ជាមាន​ប្រសិទ្ធភាព​ស​សម្រាប់​សិស្សានុសិស្ស​ដូចជា​ថ្នាក់រៀន​ធម្មតា​នោះទេ​»​។​

​លោក Tin Sirivind ដែលមាន​កូន​ពីរ​នាក់​សិក្សា​ក្នុង​ថ្នាក់​ទី ៩ និង​ថ្នាក់​ទី ១២ បាន​គាំទ្រ​ចំពោះ​ការបើក​ថ្នាក់រៀន​ឡើងវិញ​នេះ។​

​លោក​ថា​៖ «​ខ្ញុំ​យល់ថា​យើង​ត្រូវ​ផ្តល់​អាទិភាព​ដល់​សុខភាព​របស់​យើង​ជាមុន ប៉ុន្តែ​យើង​ក៏ត្រូវ​ធ្វើការ​ពិចារណា​ផងដែរ​ថា​ការសិក្សា​ជិត​អស់​ពេលវេលា​ហើយ​ក្នុងឆ្នាំនេះ​។ ជាការ​ពិតណាស់ ខ្ញុំ​ក៏មាន​ការព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​ករណី​វិជ្ជា​មាន​ថ្មីៗ​នៃ​វីរុស​នេះ​ផងដែរ ដូច្នេះ​សាលា​ត្រូវតែ​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​ក៏ដូចជា​អង្គការ​សុខភាព​ពិភពលោក​» ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​កាលពី​ម្សិលមិញ​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​ការប្រឡង​សញ្ញាបត្រ​បាក់​ឌុប ថ្នាក់ជាតិ ក្នុងឆ្នាំនេះ​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ខែធ្នូ​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​ថ្ងៃទី ៤ ខែសីហា ក្រសួង​បានប្រកាសថា​ការបើក​សាលារៀន​ឡើងវិញ​នឹងត្រូវ​ធ្វើ​ឡើងជា ៣ ដំណាក់កាល​។ សម្រាប់​ដំណាក់កាល​ដំបូង នឹង​បើក​សាលា​ដែលមាន​ស្តង់ដារ​ខ្ពស់ ខណៈដែល សាលារៀន​ដែលមាន​ស្តង់ដា​មធ្យម​នឹង​ត្រូវបាន​បើក​ឲ្យ​ដំណើរការ​បន្ទាប់ ហើយ​ចុងក្រោយ​គឺ​សាលារៀន​ដែលមាន​ស្តង់ដារ​អប្បបរមា​។​

​កាលពី​ខែកក្កដា ទីស្តីការគណៈរដ្ឋមន្ត្រី​ក៏បាន​ប្រកាស​ក្នុងការ​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ​បើក​សាលារៀន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​ចំនួន ២០ នៅក្នុង​ខែ​នេះ បន្ទាប់ពី​បិទ​អស់​រយៈពេល ៥ ខែ​៕ ប្រែ​សម្រួល​ដោយ ភុ​ន ច័ន្ទ​ឧសភា

Related Posts

Previous Article

អាជ្ញាធរ​ព្រមាន​អំពី​កម្រិត​ទឹក​ខ្ពស់​និង​មានការ​រំពឹងថា​នឹងមាន​ទឹកជំនន់​

Next Article

លោក ហ៊ុន សែន ជំរុញអោយដំណើរការឡើងវិញលើពាណិជ្ជកម្មឆ្លងដែនក្នុងក្របខ័ណ្ឌតំបន់