cellcard cellcard

ចំនួនភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាមានការធ្លាក់ចុះយ៉ាងគំហុក

សុខ ចាន់ / Khmer Times Share:
ចំនួនភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ។ KT/ខឹម សុវណ្ណារ៉ា

ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ចំនួនភ្ញៀវទេសចរបរទេសដែលមកកាន់ប្រទេសកម្ពុជាមានការធ្លាក់ចុះប្រមាណជា ៦៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍។

 

របាយការណ៍បានបញ្ជាក់ថា ក្នុងខែមិថុនាកន្លងទៅ ចំនួនភ្ញៀវទេសចរបរទេសមានការថយចុះចំនួន ៩៧,៣ ភាគរយ។ គិតចាប់ពីខែមករាដល់ខែមិថុនា ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណជា ១,១៨ លាននាក់ ដែលជាការធ្លាក់ចុះចំនួន ៦៤,៦ ភាគរយ ខណៈដែលខែមិថុនាកន្លងទៅ ភ្ញៀវទេសចរណ៍បរទេសមានចំនួនប្រមាណជា ១២ ២៨៤ នាក់ប៉ុណ្ណោះ ជាតួលេខដែលមានការធ្លាក់ចុះជាង ៩៧,៣ ភាគរយបើប្រៀបធៀបទៅនឹងខែមិថុនាឆ្នាំមុន។

 

ក្នុងចំណោមភ្ញៀវទេសចរសរុប ភ្ញៀវទេសចរចំនួន ៩២៩ ៩២៩ នាក់បានមកលេងកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាក ២០២ ៧៨៥ នាក់ធ្វើដំណើរសម្រាប់ធុរកិច្ច ខណៈដែល ៥០ ០៦២ នាក់ផ្សេងទៀតបានមកកាន់ប្រទេសកម្ពុជាក្រោមហេតុផលផ្សេងៗ។

 

ជាមួយគ្នានេះផងដែរ ចំនួនភ្ញៀវទេសចរមកពីប្រទេសចិនមានការធ្លាក់ចុះចំនួន ៧៨,៧ ភាគរយ វៀតណាមធ្លាក់ចុះ ៥៥ ភាគរយ សហរដ្ឋអាមេរិកធ្លាក់ចុះ ៦០ ភាគរយ កូរ៉េខាងត្បូងមានការធ្លាក់ចុះ ៦២ ភាគរយ ចក្រភពអង់គ្លេសធ្លាក់ចុះ ៥០ ភាគរយ បារាំង ៥១ ភាគរយ ជប៉ុន ៦០ ភាគរយ  ប្រទេសឡាវ ៨៣ ភាគរយ និងអាល្លឺម៉ង់ធ្លាក់ចុះ ៤៦ ភាគរយ។

 

ក្រសួងទេសចរណ៍បច្ចុប្បន្នកំពុងតែរៀបចំវិធានការនានាក្នុងការជួយ​ស្ដារវិស័យទេសចរណ៍ដែល​រងផលប៉ះពាល់ដោយ​សារ​កូវីដ តាមរយៈការរៀបចំផែនការ​ស្តីពីការធ្វើដំណើរដោយកន្លែង ឬហៅថា Travel Bubble​ ដើម្បីទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ បើទោះបីករណីនៃការឆ្លងរីករាលដាលនៃ​កូវីដ១៩កំពុងតែមានការកើនឡើងនៅ​កម្ពុជាក៏ដោយ។

 

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថាក្រសួងបានរៀបចំសេចក្តីណែនាំស្តីពីការធ្វើដំណើរដោយកន្លែងរួចហើយសម្រាប់ប្រទេសកម្ពុជា។

 

លោកបានថ្លែងថា៖ «ក្រសួងនឹងធ្វើការពិគ្រោះយោបល់ជាមួយអ្នកជំនាញនានានិងក្រសួងសុខាភិបាលក្នុងការរៀបចំផែនការធ្វើដំណើរដោយកន្លែងដើម្បីរៀបចំកញ្ចប់ទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាពពីតំបន់ ឬប្រទេសនានាដោយគ្មានវីរុសកូវីដ១៩។»

 

លោកបានបន្ថែមថា៖ «ប្រសិនបើសកម្មភាពនេះទទួលបានជោគជ័យ វានឹងជួយស្តារវិស័យទេសចរណ៍​ឡើងវិញសម្រាប់ប្រទេសកម្ពុជា ធានាបាន​ការងារ​ដល់​បុគ្គលិក​ ដែលរងផលប៉ះពាល់ដោយវីរុសកូវីដ១៩ និងធានាបាននូវកំណើនសេដ្ឋកិច្ច។»

 

តាម​រយៈ​ផែនការនេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរ​ដែលចូលនិវត្តន៍ ភ្ញៀវទេសចរណ៍អ្នកមាន ជាពិសេសអ្នកដែលមកពីតំបន់ដែលមានសុវត្ថិភាព។

 

លោក ថោង ខុន បន្ត​ថាអាស៊ាន និងអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) នឹងក្លាយជាប្រទេសគោលដៅ ខណៈ​ដំណើរការនេះត្រូវធ្វើឡើងជាបណ្តើរៗ ដោយមានការយល់ព្រមពីក្រសួងសុខាភិបាល និងដោយមានការអនុញ្ញាតពីរដ្ឋាភិបាល៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

កញ្ចប់ជំនួយដើម្បីគាំទ្រដល់ធុរកិច្ចបង្កើតថ្មី សហគ្រាសធុនតូច និងមធ្យម

Next Article

អន្តរក្រសួងពិភាក្សាជំរុញការផលិត និងវិនិយោគ ចំណីសត្វក្នុងស្រុក