cellcard cellcard

អន្តរក្រសួងពិភាក្សាជំរុញការផលិត និងវិនិយោគ ចំណីសត្វក្នុងស្រុក

ស៊ន សារ៉ាត / Khmer Times Share:
សត្វគោនៅកម្ពុជាត្រូវបានចិញ្ចឹមតាមរយៈការផ្ដល់ចំណី ខណៈដែលផលិតកម្មក្នុងស្រុកមានតម្លៃខ្ពស់ជាងប្រទេសជិតខាង។ KT/ទេព សូនី

រដ្ឋាភិបាលកំពុងពិភាក្សា​លើការជំរុញលទ្ធភាពបង្កើន​ការ​ផលិតចំណីសត្វក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូល។

វិធានការ​នេះ នឹង​ជួយដល់សហគ្រាស​ធុន​តូច និងមធ្យម ខណៈ​អគ្គិសនីនៅតែមានតម្លៃខ្ពស់ក្នុងតំបន់។ នេះបើតាមការឲ្យដឹងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រូមជាមួយនិង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំតុមូលស្តីពីផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន ដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមទាំងវិស័យឯកជនផងដែរ។

ក្រសួងបានធ្វើការពិភាក្សាពីបញ្ហាប្រឈមដែលកសិករបានជួបប្រទះនៅក្នុងការចិញ្ចឹមសត្វ និង
វារីវប្បកម្មដើម្បីធ្វើឱ្យផលិតកម្មរបស់ពួកគេកាន់តែមានការប្រកួតប្រជែងជាមួយប្រទេសជិតខាងដោយ​​ផ្តោតលើការបង្កើនផលិតភាពផលិតកម្មចំណីសត្វក្នុងស្រុកប្រកបដោយគុណភាព ការប្រកួត​ប្រ​ជែង ធានានូវការផ្គត់ផ្គង់សាច់ និងត្រីដែលមានគុណភាពល្អគ្រប់គ្រាន់សម្រាប់ទីផ្សារ
ក្នុងស្រុកប្រកបដោយ​សុវត្ថិភាព ចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ពង្រីកសក្តានុពលវិនិយោគក្នុងការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ និងជំរុញ​ឲ្យ​រោងចក្រ​ប្រើវត្ថុធាតុដើមក្នុងស្រុក។

លោក វេង សាខុន បានថ្លែងថា ​បច្ចុប្បន្ននេះប្រទេសកម្ពុជានាំចូលចំណីសត្វស្ទើរតែជិត ៥០ ភាគរយ ខណៈការ​ផលិត​ក្នុងស្រុកមានតម្លៃថ្លៃខ្ពស់។

លោកបន្តថា៖ «យើងបានប្រមូលព័ត៌មានពីវិស័យឯកជន ហើយ​ក្រសួងឧស្សាហកម្មនឹងធ្វើការពិភាក្សាលម្អិតបន្ថែមទៀតជាមួយអ្នកផលិត។ យើងក៏កំពុងតែពិភាក្សាក្នុងការកាត់បន្ថយការចំណាយតម្លៃអគ្គិសនី តម្លៃដឹកជញ្ជូន ការកាត់បន្ថយពន្ធ និងរឹតត្បិតការនាំចូលវត្ថុធាតុដើម
ក្នុងគោលបំណងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកនៅក្នុងឧស្សាហកម្មនេះ។»

យោងតាមលោកវេង សាខុន ប្រទេសកម្ពុជានាំចូលទាំងចំណីសត្វនិងផលិតផលពាក់ព័ន្ធនឹងការចិញ្ចឹមសត្វ​មានតម្លៃចន្លោះពី ២៥០ លានដុល្លារទៅ ៣០០ លានដុល្លារក្នុងមួយឆ្នាំៗ។

លោកបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ១៧ ដែលវិនិយោគលើចំណីសត្វនៅក្នុងប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែកក្កដាក៏បានស្នើឱ្យវិនិយោគិនក្នុងស្រុកវិនិយោគលើរោងចក្រកែច្នៃចំណីសត្វដើម្បីកាត់បន្ថយការនាំចូល ដោយ​រដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តមួយចំនួនសម្រាប់ការវិនិយោគលើវិស័យនេះ។

លោកបន្តថាបញ្ហាប្រឈមគឺអគ្គិសនីដែលមានតម្លៃខ្ពស់។ ប្រសិនបើវិស័យឯកជនមិនមានថវិកាគ្រប់គ្រាន់ ពួកគេអាចចូលរួមជាមួយរដ្ឋាភិបាលបាន ដូច្នេះយើងថែមទាំងអាចបង្កើតការងារបានផងដែរ។

កិច្ចប្រជុំនេះក៏បានធ្វើការពិនិត្យលើតម្លៃអគ្គិសនីនៅកម្ពុជា កាត់បន្ថយថ្លៃដើមផលិតកម្ម និងបញ្ហានានាដែលសហគ្រាសធុនតូច និងមធ្យមកំពុងប្រឈមដើម្បីជំរុញការវិនិយោគក្នុងស្រុក។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបាននិយាយថា បច្ចុប្បន្ននេះប្រទេសកម្ពុជានាំចូលចំណីសត្វជាង ៣០ ភាគរយ ដែលភាគច្រើនមកពីប្រទេសវៀតណាម។

លោកថ្លែងថា៖ «បច្ចុប្បន្នមានក្រុមហ៊ុនផលិតចំណីសត្វជាង ១០ នៅក្នុងប្រទេសកម្ពុជា ហើយ
​បើក្រុមហ៊ុនទាំងនោះផលិត​តាម​សម្ថភាព​របស់ខ្លួន យើងនឹងអាចកាត់បន្ថយការនាំចូលបាន​។»

លោកបន្ត​ថា៖ «ដោយសារតែតម្លៃផលិតកម្មខ្ពស់ពេក ក្រុមហ៊ុនបានកម្រិត​ការផលិត របស់ពួកគេ ដោយសារ​ពួកគេមានការពិបាកក្នុងការប្រកួតប្រជែងជាមួយផលិតផលនាំចូល។»

លោក ស្រ៊ុន ពៅ បានបន្ថែមថា ដោយសារការ​ផលិតកម្មចំណីសត្វត្រូវការប្រើប្រាស់ថាមពល
អគ្គិសនីយ៉ាងច្រើនជាមួយនឹងតម្លៃខ្ពស់ជាងពាក់កណ្តាលបើប្រៀបធៀបជាមួយប្រទេសវៀតណាមនិងថៃ ផលិតផលក្នុងស្រុកនឹងមិនមែនជាជំរើសទី១ សម្រាប់កសិករនោះទេ។

លោកបានថ្លែងថា៖ «នៅពេលដែលតម្លៃមានការកើនឡើងខ្ពស់ កសិករនឹងសម្រេចចិត្តក្នុងការជ្រើសរើសយកតម្លៃណាដែលថោកជាដែលអាចធ្វើឱ្យពួកគេចំណាយតិចនិងទទួលបានប្រាក់ចំណេញកាន់តែច្រើន។»

លោកបានបន្ថែមទៀតថា ដើម្បីលើកកម្ពស់ការធ្វើជំនួញក្នុងវិស័យកសិកម្ម កសិករត្រូវតែទទួលបានការការអប់រំបន្ថែមទៀតលើជំនាញកសិកម្ម បច្ចេកទេសគ្រប់គ្រង និងចិញ្ចឹមសត្វ។ លោកបន្ត​ថា៖ «កសិករឬអ្នកចិញ្ចឹមសត្វនានាតែងតែអនុវត្តសកម្មភាពតាមគ្នា ខណៈដែលពួកគេមិនបានដឹងពីតម្រូវការនិងផ្នែកផ្គត់ផ្គង់នៅលើទីផ្សារនោះទេ។»

លោកបានថ្លែងថា​៖ «ជាឧទាហរណ៍ នៅពេលដែលការចិញ្ចឹមមាន់ទទួលបានតម្លៃល្អ កសិករងាកទៅរកការចិញ្ចឹមមាន់ ហើយបោះបង់ចោលការចិញ្ចឹមជ្រូក ហើយបន្ទាប់មកតម្លៃមាន់ក៏មានការធ្លាក់ចុះដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ»៕ ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

ចំនួនភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាមានការធ្លាក់ចុះយ៉ាងគំហុក

Next Article

វិស័យរោងកុនរំពឹងថា នឹងមានភាពប្រសើឡើងក្នុងពេលឆាប់ៗខាងមុខ