cellcard cellcard

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ថា មន្ត្រី​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​

រី សុចាន់ / Khmer Times Share:
​លោក​ ខៀវ កាញារីទ្ធ​ និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ខ្មែរ​ថា​ម​ស៍​/ ខឹម សុវណ្ណារ៉ា​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​អំពាវនាវ​ដល់​មន្ត្រី​នានា​កុំ​ចាត់ទុក​អ្នកសារព័ត៌មាន​ថា​ជាស​ត្រូវ ប៉ុន្តែ​ផ្ទុយទៅវិញ​បាន​ជំរុញ​ឱ្យ​ពួកគេ​ធ្វើការ​ជាមួយ​បណ្តាញ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​បញ្ឈប់​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។​

​លោក​បាន​ថ្លែង​ឡើង​យ៉ាង​ដូច្នេះ​នៅក្នុង​វេទិកា​ពិភាក្សា​កាលពី​ម្សិលមិញ​ដែលមាន​គោលបំណង​វាយតម្លៃ​លទ្ធផល​នៃ​សន្និសីទ​សារព័ត៌មាន​ឆ្នាំ ២០១៩ ដែល​រៀបចំឡើង​ដោយ​ក្រសួង និង​រដ្ឋបាលខេត្ត​ទាក់ទង​នឹង​សារព័ត៌មាន​។​

​លោក កាញារីទ្ធ បាន​មានប្រសាសន៍ថា នេះ​ពិតជា​សំខាន់​ណាស់​ដែល​ក្រសួង​របស់លោក​ឆ្លើយតប​ជាបន្ទាន់​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ជាពិសេស​តាមរយៈ​ការបញ្ជាក់​ពី​ភាពត្រឹមត្រូវ​នៃ​តួលេខ និង​ការឆ្លុះបញ្ចាំង​ការពិត​។​

​លោក​បាន​បន្ដថា​«​ព័ត៌មាន​ក្លែងក្លាយ​គួរតែ​ដាស់តឿន​មន្ត្រី​ជំនាញ ហើយ​ធ្វើឱ្យ​ពួកគេ​ស្វែងរក​ការយល់ដឹង​ពី​ព័ត៌មាន​ដែល​បាន​មកពីណា ហើយ​ហេតុអ្វី​។ នៅពេល​ព័ត៌មាន​ក្លែងក្លាយ​ជះឥទ្ធិពល​ដល់​រូបភាព​របស់​មនុស្ស ឬ​អង្គភាព​យើង​ត្រូវ​ស្វែងរក​ការបញ្ជាក់​ឱ្យ​ច្បាស់​» ។​

​លោក កាញារីទ្ធ បាន​និយាយថា​៖ «​មន្ត្រី​នានា​ត្រូវតែ​ពិនិត្យ​មើលថា​តើ​មាន​ការពិត​ដូចម្តេចខ្លះ​នៅក្នុង​អត្ថបទ​ដែល​ត្រូវបាន​សរសេរ​។ ប្រសិនបើ​មានការ​ពិត​នៅក្នុង​អត្ថបទ​មួយ យើង​ត្រូវ​ដោះស្រាយ​យ៉ាងណា ។ ពេលខ្លះ​អ្នកកាសែត​និយាយ​ត្រូវ ដូច្នេះ​យើង​ត្រូវ​រក​វិធី​ដើម្បី​ចេញពី​ភាពចម្រូងចម្រាស​ហើយ​ធ្វើការ​ជាមួយគ្នា​ដើម្បី​មានការ​ដោះស្រាយ​ប្រសើរ​» ។​

​លោក កាញារីទ្ធ ក៏បាន​លើកឡើង​ផងដែរ​ថា មន្ត្រី​នានា​មិនគួរ​ចាត់ទុក​អ្នកសារព័ត៌មាន​ដែល​សរសេរ​អត្ថបទ​អវិជ្ជមាន​ជា​អ្នកប្រឆាំង​ទេ ។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ទាំងអស់​មិនត្រូវ​មើលឃើញ​អ្នកសារព័ត៌មាន និង​មនុស្ស​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយជា​ឧក្រិដ្ឋជន​ឡើយ ព្រោះ​អ្នកខ្លះ​គឺជា​ជនរងគ្រោះ​។​

​លោក​បាន​និយាយថា​៖ «​យើង​មិនអាច​ដាក់​មនុស្ស​ទាំងអស់​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នៅក្នុង​ពន្ធនាគារ​បានទេ​។ យើង​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ធ្វើការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​ដើម្បី​លុបបំបាត់​បញ្ហា​នេះ​» ។​

​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកកាសែត​កម្ពុជា លោក ណុប វី បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍កា​លពី​ម្សិលមិញ​ថា បច្ចុប្បន្ន​គ្មាន​ស្ថាប័ន​ណា​ដែល​បញ្ជាក់ថា ព័ត៌មាន​អ្វី​ដែលជា​ព័ត៌មាន​ក្លែងក្លាយ​នោះទេ​។ ផ្ទុយទៅវិញ​សកម្មភាព​ផ្លូវច្បាប់​ត្រូវបាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ទៅលើ​អ្វីដែល​គេ​ចាត់ទុកថា​ជា​ព័ត៌មាន​ក្លែងក្លាយ​។​

​លោក​បាន​និយាយថា​៖ «​ជម្រើស​ល្អ​បំផុត​សម្រាប់​ដំណោះស្រាយ​គឺ​បង្កើន​ការយល់ដឹង​ក្នុងចំណោម​ប្រជាជន​”»​។​

​លោក​បាន​និយាយថា​៖ «​អ្នកខ្លះ​ដែល​ផ្សាយ ឬ​ចែករំលែក​ព័ត៌មាន​តាម​អ៊ិន​ធឺរ​ណែ​ត​មិនដឹងថា​វា​ជា​ព័ត៌មាន​ក្លែងក្លាយ​ទេ​។ ប្រសិនបើ​ពួកគេ​ត្រូវ​ជាប់ពន្ធនាគារ​ដោយសារតែ​វា​វា​ប៉ះពាល់​ដល់​សេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​ពួកគេ ហើយ​រារាំង​ប្រជាជន​ពី​ការចូល​ទៅក្នុង​ការជជែក​ដេញដោល​តាមបែប​ប្រជាធិបតេយ្យ​» ។​

​លោក ណុប វី បាន​និយាយថា​៖ «​នេះ​មិន​ត្រឹមតែ​ជា​តួនាទី​របស់​រដ្ឋាភិបាល [​ដើម្បី​គ្រប់គ្រង​ព័ត៌មាន​ក្លែងក្លាយ​] ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គួរតែ​ជាការ​សហការ​រវាងរ​ដ្ឋា​ភិ​បាល សមាគម​អ្នកសារព័ត៌មាន​សាធារណៈ និង​អង្គការក្រៅរដ្ឋាភិបាល​» ។​

​លោក​បាន​និយាយថា ជំនួស​ឱ្យ​ការដាក់ទណ្ឌកម្ម​ប្រជាជន អាជ្ញាធរ​គួរតែ​អប់រំ​ពួកគេ​អំពី​អ្វី​ដែលជា​ព័ត៌មាន​ក្លែងក្លាយ និង​វិធី​ដើម្បី​ចៀសវាង​ការចែករំលែក​ឬ​ការបង្កើត​ព័ត៌មាន​នោះ​។​

​លោក​បាន​និយាយថា ការឆ្លើយតប​នេះ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ធានាថា​ប្រជាជន​អាចធ្វើ​ការសម្រេចចិត្ត​ក្នុងការ​ផ្សព្វផ្សាយ ហើយ​អនុញ្ញាតឱ្យ​ពួកគេ​មើលឃើញថា​រដ្ឋាភិបាល​កំ​ពុង​គាំទ្រ​ដល់​ការចូលរួម​របស់​សាធារណៈជន​៕

​ប្រែ​សម្រួល​ដោយ សុខ ស្រី​លុច​

Related Posts

Previous Article

វិស័យរោងកុនរំពឹងថា នឹងមានភាពប្រសើឡើងក្នុងពេលឆាប់ៗខាងមុខ

Next Article

អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​អ្នកកាសែត​ប្រជុំគ្នា​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​