cellcard cellcard

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​បំផ្លាញ​គ្រឿងញៀន​ចំនួន ៣៦ គីឡូក្រាម​

ខាន់ ចាន់វីរៈ / Khmer Times Share:

កាលពី​ម្សិលមិញ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បំផ្លាញ​គ្រឿងញៀន និង​សារ​ធាតុគីមី​ផលិត​គ្រឿងញៀន​ជាង ៣៨ គីឡូក្រាម​ក្នុង​កំឡុង​ព្រឹត្តិការណ៍​មួយ ដើម្បី​សម្គាល់​ទិវា​អន្តរជាតិ​ប្រឆាំងនឹង​គ្រឿងញៀន​ដែល​មាននៅ​ថ្ងៃទី ២៦ ខែមិថុនា​។​

​ព្រឹត្តិការណ៍​នេះ ក្រោម​ប្រធានបទ «​ការ​កម្ចាត់​គ្រឿងញៀន​ត្រូវតែ​ចាប់ផ្តើម​ពី​យើង​» ដែល​បាន​ធ្វើឡើង​នៅ​ខេត្តស្វាយរៀង និង​បាន​បំផ្លាញ​មេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តា​ល់​ចំនួន ៣៦ គីឡូក្រាម ជាតិគីមី​ជាង ២,២៦ គីឡូក្រាម​ដែល​ត្រូវបាន​ប្រើ​សម្រាប់​ផលិត​គ្រឿងញៀន និង​កញ្ឆា ៨,៩៦ ក្រាម​។​

​គ្រឿងញៀន និង​សារ​ធាតុគីមី ត្រូវបាន​រឹបអូស​ពី​ការចាប់ខ្លួន​នៅ​ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។​

​នៅក្នុង​ពិធី​នោះ លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តស្វាយរៀង បាន​និយាយថា​ពិធី​ដុត​នេះ​ពិតជា​សំខាន់​ណាស់ ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​ភាពជោគជ័យ​របស់​អាជ្ញា​ធរ​។​

​លោក​បាន​បន្តថា​៖ «​ការដុត​គ្រឿងញៀន​បច្ចុប្បន្ននេះ​បានធ្វើឱ្យ​ប្រជាជន និង​សាធារណជន​ដឹង​ច្បាស់​ថា​រាល់​គ្រឿងញៀន​ដែល​ប៉ូលីស​រឹបអូស​បាន​មិនត្រូវ​បាន​ប្រើ​សម្រាប់​គោលបំណង​ផ្សេង​ទេ ហើយ​ត្រូវបាន​រក្សាទុក​យ៉ាង​ត្រឹមត្រូវ​» ។​

​លោក ប៉ុក ម៉ា​នី អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​បានអោយដឹង​នៅក្នុង​ព្រឹត្តិការណ៍​នោះ​ថា កន្លងមក​មាន​មនុស្ស​មួយចំនួន​បាន​ចោទសួរ​អាជ្ញាធរ​អំពី​ថ្នាំ​ដែល​រឹបអូស​បាន​ក្នុងពេល​បង្ក្រាប​។​

​លោ​កថា​នេះ​ជា​លើក​ទី ២ ហើយ​ដែល​អាជ្ញាធរខេត្ត​ស្វាយរៀង​បានរៀបចំ​ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​ដែល​រឹបអូស​បាន​។​

​លោក កើត រិ​ទ្ធ  រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​និយាយ​នៅក្នុង​ព្រឹត្តិការណ៍​កាលពី​ម្សិលមិញ​ថា ពួកគេ​បាន​បង្ក្រាប​ករណី​ជាង ៣០ ០០០ បាន​ឃុំខ្លួន​ជនសង្ស័យ​ជាង ៦០ ០០០ នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ២ ៣០០ គីឡូក្រាម​គិត​មកទល់ពេលនេះ​។​

​លោក​ថា​៖ «​បញ្ហា​គ្រឿងញៀន និង​ជំងឺ​កូ​វីដ​-១៩ គឺជា​បញ្ហា​ប្រឈម​សម្រាប់​យើងទាំងអស់គ្នា​។ ការហូរចូល​គ្រឿងញៀន​ពី​បណ្តា​ប្រទេសជិតខាង​នាំឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ទីផ្សារ និង​ជា​កន្លែង​ផលិត​ផងដែរ​» ។​

​លោក​បាន​និយាយថា ពាក់ព័ន្ធ​នឹង​ករណី​ស្ត្រី​ខ្មែរ​ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នៅ​ប្រទេស​វៀតណាម​ពីបទ​ជួញដូរ​គ្រឿងញៀន​នោះ ក្រសួង​សហការ​ជាមួយ​ក្រសួងការបរទេស​កំពុង​ស្វែងរក​វិធី​ដើម្បី​ជួយសង្គ្រោះ​នាង​ពី​ទោស​ប្រហារជីវិត​។​

​លោក​បាន​បន្ថែមថា​៖ «​ករណីនេះ​មិនទាន់​ចប់​នៅឡើយ​ទេ ជាមួយនឹង​ដំណាក់​កាលដែល​នៅសល់​នៃ​ដំណើរការ​បណ្តឹងឧទ្ធរណ៍​នៅតែ​មិនទាន់​សម្រេច​»៕

​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

Related Posts

Previous Article

មន្ត្រី​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ការពារ​ភាពត្រឹមត្រូវ​នៃ​ផែនទី​ភូមិសាស្ត្រ​ព្រំដែន​

Next Article

នីតិវិធី​ប្រតិបត្តិការ​ស្តង់ដារ​បាន​បញ្ចេញ​មុន បើក​ដំណើរការ​សាលារៀន​ដំណាក់កាល​ទី ១