cellcard cellcard

កម្ពុជារៀបចំយុទ្ធសាស្ត្រសង្គ្រោះវិស័យទេសចរណ៍

ស៊ន សារ៉ាត់ / Khmer Times Share:
ខ្នងផ្សារដែលមានទីតាំងស្ថិតនៅលើព្រំប្រទល់នៃខេត្តកំពង់ស្ពឺនិងកោះកុងគឺជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។ Bayon Unique

ក្រសួងទេសចរណ៍កំពុងតែរៀបចំវិធានការនានាក្នុងការជួយ​ស្ដារវិស័យទេសចរណ៍ដែល​រងផលប៉ះពាល់ដោយ​សារ​កូវីដ តាមរយៈការរៀបចំផែនការ​ស្តីពីការធ្វើដំណើរដោយកន្លែង ឬហៅថា Travel Bubble​ ដើម្បីទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ បើទោះបីករណីនៃការឆ្លងរីករាលដាលនៃ​កូវីដ១៩កំពុងតែមានការកើនឡើងនៅ​កម្ពុជាក៏ដោយ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថា ក្រសួងបានរៀបចំសេចក្តីណែនាំស្តីពីការធ្វើដំណើរដោយកន្លែងរួចហើយសម្រាប់ប្រទេសកម្ពុជា។

លោកបានថ្លែងថា៖ «ក្រសួងនឹងធ្វើការពិគ្រោះយោបល់ជាមួយអ្នកជំនាញនានានិងក្រសួង
សុខាភិបាលក្នុងការរៀបចំផែនការធ្វើដំណើរដោយកន្លែងដើម្បីរៀបចំកញ្ចប់ទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាពពីតំបន់ ឬប្រទេសនានាដោយគ្មានវីរុសកូវីដ១៩។»

លោកបានបន្ថែមថា៖ «ប្រសិនបើសកម្មភាពនេះទទួលបានជោគជ័យ វានឹងជួយស្តារវិស័យ ទេសចរណ៍ ​ឡើងវិញសម្រាប់ប្រទេសកម្ពុជា ធានាបាន​ការងារ​ដល់​បុគ្គលិក​ ដែលរងផលប៉ះពាល់ដោយវីរុសកូវីដ១៩ និងធានាបាននូវកំណើនសេដ្ឋកិច្ច។»

តាម​រយៈ​ផែនការនេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរ​ដែលចូលនិវត្តន៍ ភ្ញៀវទេសចរ
អ្នកមាន ជាពិសេសអ្នកដែលមកពីតំបន់ដែលមានសុវត្ថិភាព។

លោក ថោង ខុន បន្ត​ថា អាស៊ាន និងអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) នឹងក្លាយជាប្រទេសគោលដៅ ខណៈ​ដំណើរការនេះត្រូវធ្វើឡើងជាបណ្តើរៗ ដោយមានការយល់ព្រមពីក្រសួងសុខាភិបាល និងដោយមានការអនុញ្ញាតពីរដ្ឋាភិបាល។

ថ្ងៃលិចនៅលើភ្នំខ្នងផ្សារដែលមានទីតាំងស្ថិតនៅព្រំប្រទល់រវាងខេត្តកំពង់ស្ពឺនិងកោះកុង។ Bayon Unique

លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជាបានឲ្យដឹងផងដែរថា ក្នុងអំឡុងពេលនៃវិបត្តិនេះ វាមានការលំបាកក្នុងការទាក់ទាញភ្ញៀវអន្តរជាតិ។

លោកស្រីបន្ត​ថា៖ «យើងនៅតែមិនអាចធ្វើការទស្សន៍ទាយបានថានឹងមានអ្វីកើតឡើង ខណៈជើងហោះហើរនានាស្ទើរតែបាត់បង់ទាំងស្រុង ប្រជាជននៅតែមានភាពភ័យខ្លាច ហើយសេដ្ឋកិច្ចពិភពលោកកំពុងតែមានការធ្លាក់ចុះ ដូច្នេះវាពិតជាពិបាកក្នុងការទស្សទាយពីស្ថានការណ៍នេះណាស់។»

ទោះយ៉ាងណា លោកស្រីបានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់ក្រសួងក្នុងការជួយស្ដារ
វិស័យនេះឡើងវិញក្នុងអំឡុងពេលនេះ។

លោកស្រីបានថ្លែងថា៖ «ការចេញជាយុទ្ធសាស្ត្រនានាដែលធ្វើឡើងដោយក្រសួងក្នុងការទាក់
ទាញភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងពេលនៃជំងឺរាតត្បាតដើម្បីជួយវិស័យនេះគឺជាសកម្មភាព
ដ៏ល្អ ព្រោះ​យើងចាំបាច់ត្រូវមានការវិវត្តន៍ខ្លះ ក៏ដូចជាចាត់វិធានការណ៍ថ្មីៗដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតនេះ»។

​​ក្រសួងទេសចរណ៍​ជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ កន្លែងស្នាក់នៅ និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជាខិតខំថែរក្សាអនាម័យដើម្បីផ្ដល់ជាទំនុកចិត្តរបដល់ភ្ញៀវទេសចរអន្តរជាតិផងដែរ។

លោកស្រីបានបន្ថែមទៀតថាការអនុលោមតាមវិធានការណ៍របស់ក្រសួងក្នុងការទប់ស្កាត់ការឆ្លងរីករាលដាននៃវីរុសកូវីដ១៩នឹងមិនមាន​បញ្ហាទេ​សម្រាប់​សណ្ឋាគារ ប៉ុន្តែបញ្ហាប្រឈមគឺវិធីក្នុងការទាក់ទាញភ្ញៀវទេសចរណ៍។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា អាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍ជាង ៣០០០ ទីតាំងបានបិទទ្វារ ដែលបានបណ្តាលឱ្យបាត់បង់ការងារចំនួន ៥ ម៉ឺនកន្លែងនៅក្នុងវិស័យនេះដោយសារតែការធ្លាក់ចុះដ៏ខ្លាំងនៃភ្ញៀវទេសចរណ៍អន្តរជាតិ៕ ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

នីតិវិធី​ប្រតិបត្តិការ​ស្តង់ដារ​បាន​បញ្ចេញ​មុន បើក​ដំណើរការ​សាលារៀន​ដំណាក់កាល​ទី ១

Next Article

ប្រៃសណីយ៍កម្ពុជាបើកទទួលបញ្ញើពីប្រទេសមួយចំនួនឡើងវិញ