ភ្នំពេញ រួមជាមួយខេត្តរតនគិរី និងខេត្តកំពត បានដាក់ចេញនូវវិធានការបង្ការមេរោគដើម្បីការពារភ្ញៀវទេសចរ និងសាធារណជនទូទៅក្នុងឱកាសថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
លោក នាង សំអាត អ្នកនាំពាក្យសាលាខេត្តរតនគិរីបានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា អាជ្ញាធរស្រុកទាំងអស់ត្រូវបានបញ្ជាឱ្យរឹតបន្តឹងសន្តិសុខ និងធានាសណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋានរបស់ពួកគេរៀងៗខ្លួនក្នុងឱកាសវិស្សមកាល។
លោក នាង សំអាត បន្តថាមន្ទីរពិសេសខេត្តនឹងចុះត្រួតពិនិត្យអាជីវកម្មដើម្បីពិនិត្យមើលថាតើពួកគេបានអនុវត្តវិធានការការពារមេរោគឬយ៉ាងណា។
លោកក៏បានបន្ថែមទៀតថា នៅតាមផ្លូវចូលខេត្តនីមួយៗអាជ្ញាធរ នឹងត្រូវចុះផ្សាយដើម្បីពិនិត្យសីតុណ្ហភាព ផ្ដល់ទឹកលាងដៃ និងត្រួតពិនិត្យភ្ញៀវទេសចរមុនពេលចូល។ លោកបាននិយាយថា ក៏នឹងមានមជ្ឈមណ្ឌលចត្តាឡីស័កផងដែរប្រសិនបើវាចាំបាច់។
ជាមួយគ្នានេះដែរ លោក វិត វឌ្ឍនា ប្រធានរដ្ឋបាលសាលាខេត្តកំពត បាននិយាយកាលពីម្សិលមិញថា រដ្ឋបាលខេត្តនឹងពិនិត្យមើលវាថាគោលការណ៍ណែនាំបង្ការរបស់ក្រសួងសុខាភិបាលត្រូវបានអនុវត្តដោយគ្រឹះស្ថាននានា ជាពិសេសភោជនីយដ្ឋាន និងកន្លែងកំសាន្ត។
លោកក៏បាននិយាយថា ការរៀបចំដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានធ្វើឡើងរួចហើយ ជាពិសេសដើម្បីការពារការកកស្ទះចរាចរណ៍នៅលើបណ្តាស្ពានក្នុងខេត្ត។
លោកនិយាយថា៖ «យើងបន្តអប់រំប្រជាជនអំពីកូវីត១៩ ។ មជ្ឈមណ្ឌលចត្តាឡីស័កចំនួន ៧ កន្លែងនៅតែត្រូវរៀបចំ ដែលមាន ៤ កន្លែង ស្ថិតនៅមន្ទីរពេទ្យបង្អែក។ មួយគឺនៅវិទ្យាល័យមួយគឺនៅសាលាគរុកោសល្យ ហើយនិងមួយទៀតនៅឯផ្ទះសំណាក់ឯកជន»។
លោក វិត វឌ្ឍនានិយាយថា៖ «នៅតាមតំបន់ទេសចរណ៍នីមួយៗ ឬតំបន់កម្សាន្តម្ចាស់ហាងតម្រូវឱ្យស្កេនសីតុណ្ហភាពរបស់ភ្ញៀវទេសចរ ឱ្យពួកគេពាក់ម៉ាស់មុខ និងលាងដៃមុនពេលចូល។ ប្រសិនបើសីតុណ្ហភាពរបស់មនុស្សលើសពី 38 អង្សាសេពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលហើយអាចត្រូវបានគេដាក់ឱ្យនៅដាច់ពីគ្នា»។
បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី វិធានការការពារសន្តិសុខនិងជំងឺកូវីត១៩ នឹងត្រូវធ្វើបច្ចុប្បន្នភាពនៅពេលដែលប្រទេសកាន់តែខិតជិតដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងពេលនេះលោក ម៉េត មាសភក្តី បានិយាយថា អាជ្ញាធរនៅតែអនុវត្តវិធានការដែលបានបញ្ជាក់ដោយក្រសួងសុខាភិបាល។
លោកបន្តថា៖ «សាធារណជនត្រូវរក្សាអនាម័យឱ្យបានតឹងរឹង ដោយប្រើសាប៊ូលាងដៃលាងសម្អាត លាងដៃជាមួយអាកុល ជៀសវាងការប៉ះច្រមុះមាត់ ឬភ្នែក និងពាក់ម៉ាសមុខ។ គ្រឹះស្ថានអាជីវកម្មក៏ត្រូវពង្រឹងវិធានការណ៍គម្លាតសង្គម ការពិនិត្យសីតុណ្ហភាព និងដាក់កន្លែងសំអាតដៃដើម្បីការពារការឆ្លង»៕
ប្រែសម្រួលដោយ៖ ហួន ឌីណា