cellcard cellcard

ស្ថានទូត​អាមរិក​ព្យាបាល​មន្ត្រី​ផ្ទុក​ជំងឺ​កូវីត​១៩​ដោយ​ខ្លួន​ឯង​

Khmer Times Share:
​រូបថត​ឯកសារ​ជនបរទេស​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ Khmer-Soviet Friendship Hospital

​ស្ថានទូត​អាមេរិក​កំពុង​ព្យាបាល​មន្ត្រីជាន់ខ្ពស់​របស់​ខ្លួន​ម្នាក់​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​កាលពី​ថ្ងៃ​ពុធ នៅក្នុង​បរិវេណ​ទូត​របស់ខ្លួន ដោយ​មិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កម្ពុជា​ទេ​។​

​ក្រសួងសុខាភិបាល​កាលពី​ម្សិលមិញ​បាន​រាយការណ៍​ថា បុរស​ជនជាតិ​អាមេរិក​ម្នាក់នេះ​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​នេះ ដែល​ធ្វើឱ្យ​ចំនួន​ករណី​សរុប​កើន​ឡើងដល់ ២៣៤ នាក់​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងសុខាភិបាល​បាន​ថ្លែងថា អ្នកជំងឺ​គឺជា​មន្ត្រីជាន់ខ្ពស់​របស់​ស្ថានទូត​អាមេរិក​ដែល​បានធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​និង​មកដល់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី ១៥ ខែកក្កដា​។​

​បន្ទាប់ពី​ការធ្វើ​តេស្ត​អវិជ្ជមាន​នៅពេល​មកដល់ គាត់​បានធ្វើ​តេស្តរ​កវី​រុស​វិជ្ជមាន​នៅ​ថ្ងៃទី ១៣ ក្នុងកំឡុងពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​របស់គាត់​។​

​សេចក្តីថ្លែងការណ៍​ក៏បាន​និយាយ​ផងដែរ​ថា ពលរដ្ឋ​កម្ពុជា ៧ នាក់ និង​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​បាន​រកឃើញ​វិញ​កាលពី​ម្សិលមិញ​បន្ទាប់ពី​បានធ្វើ​តេស្ត​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ចំនួន ២ ដង​។​

​ពលរដ្ឋ​ខ្មែរ​ដែល​បាន​រកឃើញ​នោះ​មាន​បុរស ៥ នាក់ ដែលមាន​អាយុ​ចន្លោះ​ពី ២៣ ទៅ ៣១ ឆ្នាំ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​វិញ​នៅ​ថ្ងៃទី ១៦ ខែកក្កដា​។ ហើយ​ហើយពីរ​នាក់​ទៀត​ជា​បុរស​ជនជាតិខ្មែរ​អាយុ ៣៤ ឆ្នាំ និង​ក្មេងប្រុស​ជនជាតិខ្មែរ​អា​យុ ៥ ឆ្នាំ​ដែល​អ្នក​ទាំងពីរ​មកពី​សហរដ្ឋអាមេរិក​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោកស្រី ឱ វណ្ណឌី​ន បាន​និយាយ​កាលពី​ម្សិលមិញ​ថា ស្ថានទូត​កំពុងតែ​ព្យាបាល​មន្ត្រី​របស់ខ្លួន​នៅ​នឹង​ទូត​របស់ខ្លួន​ក៏ដូចជា​មន្ត្រី​របស់ខ្លួន​ដែល​ធ្វើតេស្ត​វិជ្ជមាន​នេះដែរ​។​

​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​៖ «​ប្រព័ន្ធគ្រប់គ្រង​សារ​និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន​និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វីដ​-១៩» នៅ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កាលពី​ម្សិលមិញ​លោកស្រី ឱ វណ្ណឌី​ន បាន​និយាយថា​មាន​មន្ត្រី​អាមេរិក​ឆ្លង ៣ ករណី​ហើយ​ម្នាក់​ក្នុងចំណោម​នោះ​ជា​ស្ត្រី​ជនជាតិ​អាមេរិក​ដែល​បាន​រកឃើញ​កាលពី​ថ្ងៃ​ពុធ​។​

​លោកស្រី​និយាយថា​៖ «​ដោយ​មន្ត្រី​សហរដ្ឋអាមេរិក​មាន​សិទ្ធិ និង​អភ័យឯកសិទ្ធិ ពួកគេ​ត្រូវបាន​ថែរក្សា​ដោយ​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​របស់​ស្ថានទូត​អាមេរិក​»​។​

​លោកស្រី​បន្ថែមថា​៖ «​បើទោះបីជា​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បានទាមទារ​ឱ្យ​អ្នកជំងឺ​គួរតែ​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​ក៏ដោយ ក៏​ស្ថានទូត​អាមេរិក​នៅតែ​ទទួលខុសត្រូវ​ចំពោះ​អ្នកជំងឺ​អាមេរិក​របស់​ពួកគេ​»​។​

​លោក Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​តាមរយៈ​អ៊ីមែល​កាលពី​ម្សិលមិញ​ថា ភ្នាក់ងារ​សុខាភិបាល​អាមេរិក​រួមទាំង​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ជំងឺ បន្ត​រក្សា​ភាពជា​ដៃគូ​យូរអង្វែង​ជាមួយ​សម​ភាគី​កម្ពុជា​ដើម្បី​ជួយ​ដល់​កម្ពុជា ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​រាតត្បាត​សកល​រួមទាំង​កម្មវិធី​ដើម្បី​បង្កើត​ការឃ្លាំមើល និង​សមត្ថភាព​តាមដាន​ទំនាក់ទំនង​។​

​លោក​បាន​មានប្រសាសន៍ថា ស្ថានទូត​សហរដ្ឋអាមេរិក​គោរព​តាម​រាល់​តម្រូវការ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​សម្រាប់​ការចូល​មកដល់​ប្រទេស​កម្ពុជា ការធ្វើ​តេស្ត និង​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក ពី​បុគ្គលិក​ការទូត​ទាំងអស់ និង​សមាជិកគ្រួសារ​របស់​ពួកគេ​។​

​លោក Arend Zwartjes បាន​និយាយថា​ស្ថានទូត​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាល​និង​អាជ្ញាធរ​ដទៃទៀត​ដើម្បី​ការពារ​ការឆ្លង​បន្ថែមទៀត​។​

​លោក​និយាយថា​៖ «​យើង​អាច​បញ្ជាក់បាន​ថា​សមាជិក​ម្នាក់​នៃ​សហគមន៍​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​នៅ​ថ្ងៃទី ២៨ ខែកក្កដា​។ សមាជិក​ម្នាក់​នោះបាន​ទទួល​ទទួល​ការធ្វើ​តេស្ត​លទ្ធផល​អវិជ្ជមាន​ពេល​ចាក​ចេញពី​សហរដ្ឋអាមេរិក​មុនពេល​មកដល់​ប្រទេស​កម្ពុជា​»​។ លោក​បន្តថា​៖ «​អនុលោម​តាម​តម្រូវការ​របស់​ក្រសួងសុខាភិបាល​កម្ពុជា បុគ្គល​ម្នាក់ៗ​ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅពេល​មកដល់​ហើយ ត្រូវបាន​គេ​ធ្វើតេស្ត​អវិជ្ជមាន​ម្តងទៀត​» ។​

​លោក Arend Zwartjes បាន​បន្ថែមថា ស្ថានទូត​អាមេរិក​បាន​ជូនដំណឹង​ជាបន្ទាន់​ដល់​ក្រសួងសុខាភិបាល​នៅពេលដែល​ការធ្វើ​តេស្ត​បន្ថែម​ក្នុងអំឡុងពេល​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ត្រូវបាន​បញ្ជាក់ថា​វិជ្ជមាន​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​និយាយ​កាលពី​ម្សិលមិញ​ផងដែរ​ថា ប្រជាជន​មួយចំនួន​កំពុង​ធ្វេសប្រហែស​នឹង​វិធានការណ៍​ដើម្បី​ការពារ​ជំងឺ​កូ​វីត​១៩ ពីព្រោះ​ពួកគេ​គិតថា​ករណី​វីរុស​ទាំងអស់​សុទ្ធតែ​នាំចូល ដូច្នេះ​ក្រសួងសុខាភិបាល​នឹង​គ្រប់គ្រង​។​

​លោកស្រី​និយាយថា​៖ «​ប្រសិនបើ​ប្រជាជន​គាត់​នៅតែមាន​ការយល់​ឃើញបែបនេះ យើង​នឹងមាន​ហានិភ័យ​ខ្ពស់​ព្រោះ ពួកគាត់​ភ្លេច​ការពារ​មេរោគ ហើយ​ភ្លេច​ការពារ​ខ្លួន​។ ដូច​យើង​បានឃើញ​ហើយ​ថ្មីៗ​នេះ មានការ​ផ្ទុះឡើង​នៃ​វីរុស​នៅក្នុង​ប្រទេស​វៀតណាម​ដែល​យើង​គួរតែ​យកចិត្តទុកដាក់ ព្រោះ​ប្រទេស​វៀតណាម​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​កម្ពុជា​»​។​

​លោក ឱ វណ្ណឌី​ន បាន​និយាយថា ទោះបី​ករណី​ថ្មីៗ​ត្រូវបាន​នាំចូល ហើយ​ក្រសួងសុខាភិបាល​ក៏​អាច​គ្រប់គ្រង​បាន តែ​ប្រសិនបើ​មាន​អ្វី​កើតឡើង​ដូចជា​ករណី​ស្ត្រី​ដែល​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នោះ​វា​នឹង​ក្លាយជា​បញ្ហា​ធំ​។​

​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកាំង​អាយុ ៣៦ ឆ្នាំឈ្មោះ រ៉ូ​ស វី​រ៉ា ដែល​បាន​ភៀសខ្លួន​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក កាលពី​ម្សិលមិញ​បានធ្វើ​តេស្ត​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ត្រូវបាន​ពិនិត្យ​និង​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ឡើងវិញ​។ ស្ត្រី​ម្នាក់​នោះ​ត្រូវបាន​គេ​អនុញ្ញាត​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ហើយ​។​

​ស្ត្រី​ម្នាក់​នោះបាន​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ១៥ ខែកក្កដា​តាម​ជើងហោះហើរ​ដូចគ្នា​នឹង​អ្នកការទូត​អាមេរិក​ពីររូប​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា នៅពេល​មកដល់​ប្រទេស​កម្ពុជា​។​

​ឈ្មោះ រ៉ូ​ស វី​រ៉ា និង​អ្នករួមដំណើរ​ចំនួន ៨៨ នាក់​ផ្សេងទៀត​ដែល​មិនមាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤ ថ្ងៃ នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ ទោះយ៉ាងណា នាង​បាន​រត់គេច​ពី​បន្ទប់​របស់​នាង​ប្រហែល​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃទី ១៨ ខែកក្កដា​បន្ទាប់ពី​បាន​លួច​ចូលក្នុង​ការិយាល័យ​រប​ស់ម​ន្ត្រី ដើម្បី​យក​លិខិតឆ្លងដែន​របស់​នាង​ត្រឡប់មកវិញ​។​

​ទោះយ៉ាងណា​ក្រោយមក​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ អាជ្ញាធរ​បាន​រកឃើញ​ស្ត្រី​ម្នាក់​នោះ​នៅក្នុង​ផ្ទះសំណាក់​មួយ​ក្នុង​ក្រុង​កំពង់ចាម ហើយ​ដាក់​នាង​ឱ្យនៅ​ដាច់ដោយឡែក​ម្ដងទៀត​។​

​លោកស្រី ឱ វណ្ណឌី​ន ក៏បាន​និយាយ​កាលពី​ម្សិលមិញ​ថា រហូតមកដល់​ពេលនេះ​ក្រសួង​កំពុងមាន​ការលំបាក​ក្នុងការ​វាយតម្លៃ និង​សន្និដ្ឋាន​លើ​លក្ខណៈ​នៃ​វីរុស​និង​ការឆ្លង​របស់​វា​។ លោកស្រី បាន​បន្ថែមថា​សូម្បីតែ​អង្គការ​សុខភាព​ពិភពលោក​ក៏​មិនអាច​ឆ្លើយតប​ទៅនឹង​លក្ខណៈ​និង​ការឆ្លង​របស់​ជំងឺ​កូ​វីត​១៩ ដែរ​។​

​លោកស្រី​និយាយថា​៖ «​ដូចដែល​យើង​បានឃើញ​រឿង​ប្ដី​ប្រពន្ធ​មួយគូ​ដែល​រស់នៅ​ជាមួយគ្នា ប្តី​ធ្វើតេស្ត​វិជ្ជមាន ប៉ុន្តែ​ប្រពន្ធ​គឺ​អវិជ្ជមាន​។ អ្នកជំងឺ​ខ្លះ​បាន​រកឃើញថា​មាន​ផ្ទុក​វីរុស​នេះ​ក្នុងការ​ធ្វើតេស្ត​លើក​ទី ១  អ្នកខ្លះ​ទៀត​នៅ​លើក​ទី ២ ហើយ​និង​ខ្លះទៀត​ធ្វើតេស្ត​លើក​ទី ៣» ។​

​ម​គ្គុ​ទេ្ទ​ស​ទេសចរណ៍​នៅ​ភ្នំពេញ​លោក សា​វី អា​រី​ណា បាន​និយាយ​កាលពី​ម្សិលមិញ​ថា គាត់​នៅតែ​ការពារ​ខ្លួន​គាត់ ជាពិសេស​នៅពេល​ចេញពីផ្ទះ​។ ទោះយ៉ាងណា​លោក​ថា​លោក​មិនសូវមាន​ការព្រួយបារម្ភ​អំពី​ជំងឺ​កូ​វីត​១៩​ទេ ដោយសារ​ថា គ្មាន​ការ​ផ្ទុះឡើង​នៅក្នុង​សហគមន៍​។​

​លោក​បាន​និយាយថា​៖ «​តាម​គំនិត​របស់ខ្ញុំ អ្នក​ឆ្លង​ជំងឺ​ទាំងអស់​ត្រូវបានធ្វើ​មាតុភូមិនិវត្តន៍​ពី​បរទេស ប៉ុន្តែ​មិនមាន​ការឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​នៅក្នុង​ប្រទេស​ទេ​» ។​

​លោកស្រី មិញ រី​កា ជា​គណនេយ្យករ​នៃ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា លោកស្រី​នៅតែមាន​ការព្រួយបារម្ភ ហើយនឹង​បន្ត​ចាត់វិធានការ​ការពារ​ជាមុន​។ ទោះយ៉ាងណា លោកស្រី​បាន​កត់សម្គាល់ថា​មនុស្ស​ផ្សេងទៀត​ហាក់ដូចជា​មិនសូវ​យកចិត្តទុកដាក់​នឹង​ជំងឺ​កូ​វីត​១៩ ទេ ។​

​លោកស្រី​បាន​និយាយថា​៖ «​ខ្ញុំ​បានឃើញ​មនុស្ស​ផ្សេងទៀត​ដើរ​ជុំវិញ ដោយ​មិន​ទាំង​ពាក់​ម៉ាស់​ផង មិន​ចាំ​បាត់ទៅ​និយាយ​ពី​ការរក្សា​គម្លាត​បី​គ្នា​ទេ​ជាពិសេស​នៅតាម​ផ្សារ​» ។​

​មកទល់ពេលនេះ កម្ពុ​ជាមាន​ករណី​ជំងឺ​កូ​វីត ១៩ សរុប​ចំនួន ២៣៤ ករណី​។ ក្នុងនោះ ១៦២ នាក់​ត្រូវបាន​រកឃើញថា​ជាសះស្បើយ​វិញ​៕

​ប្រែ​សម្រួល​ដោយ​៖ ហួន ឌី​ណា​

Related Posts

Previous Article

សុខភាព​និង​សុវត្ថិភាព​សាធារណៈ​ត្រូវបាន​ដាក់​ជា​អាទិភាព​កំពូល​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ខែក្រោយ

Next Article

គន្លឹះ​ជាតិ​និយម​ចំពោះ​កំណែ​ទម្រង់​វិស័យ​ការពារ​ជាតិ​៖ ហ៊ុន ​ម៉ាណែត ​ព្យាយាម​ពង្រឹង​វិស័យ កងទ័ព​