កាលពីម្សិលមិញក្រសួងយុត្តិធម៌ក៏ដូចជាគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានរិះគន់យុទ្ធនាការដែលកំពុងធ្វើឡើងដោយសកម្មជនគណបក្សសង្គ្រោះជាតិដែលរំលាយដោយតុលាការ ដែលមានគោលបំណងស្វែងរកការគាំទ្រតាមអ៊ីនធើណែតសម្រាប់ការអំពាវនាវឱ្យមានការស៊ើបអង្កេតលើ «ឃាតកម្មក្រៅប្រព័ន្ធតុលាការ» ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានឲ្យដឹងថា លោកចាត់ទុកសកម្មភាពនេះថាជា«យុទ្ធនាការឥតបានការនិងលួចបន្លំ» ដែលជាយុទ្ធសាស្ត្រនយោបាយមួយ ជំនួសឱ្យការជំរុញដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដសម្រាប់ជនរងគ្រោះ។
ជាមួយគ្នានេះដែរ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថាសកម្មភាពនេះក៏ជាសកម្មភាព«ខុសច្បាប់»ផងដែរ ហើយអាជ្ញាធរអាចចាប់ខ្លួនសកម្មជនទាំងនោះបាន ប្រសិនបើពួកគេអនុវត្តសកម្មភាពនៅក្នុងប្រទេស។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននិយាយកាលពីម្សិលមិញថាអតីតគណបក្សប្រឆាំងកំពុងប្រើសាកសពជនរងគ្រោះស្លូតត្រង់ជាឧបករណ៍នយោបាយ។
លោក ម៉ាលីន បាននិយាយថា៖«តាមពិតវាមិនមែនជាយុទ្ធនាការពិតប្រាកដទេប៉ុន្តែជាល្បិចនយោបាយដើម្បីដណ្តើមបាននយោបាយ។ ពួកគេថែមទាំងប្រើមនុស្សស្លាប់ដើម្បីធ្វើរឿងនេះទៀតផង» ។
យុទ្ធនាការនេះត្រូវបានលោកសម រង្ស៊ី ប្រកាសជាលើកដំបូងនៅថ្ងៃទី ១០ ខែកក្កដា ដែលជាខួបលើកទី ៤ នៃការធ្វើឃាតអ្នកវិភាគនយោបាយលេចធ្លោមួយរូបគឺ លោកកែម ឡី ខណៈដែលលោកអំពាវនាវឱ្យបញ្ឈប់និទណ្ឌភាពនៅកម្ពុជា។
ញត្តិមួយដែលត្រូវបានបង្ហោះក្នុងគេហទំព័រ Change.org របស់សកម្មជនអតីតគណបក្សសង្គ្រោះជាតិដែលបានរៀបចំដោយផ្ទាល់ជាមួយសហគមន៍កម្ពុជាទាំងក្នុងនិងក្រៅប្រទេសក៏ដូចជាបណ្តាជនជាតិបរទេសមួយចំនួន គ្រោងនឹងប្រមូលហត្ថលេខាចំនួន ៥០០ ០០០ ។
ញត្តិនេះបានឲ្យដឹងថា៖ «យើងទាមទារយុត្តិធម៌តាមរយៈការស៊ើបអង្កេតឯករាជ្យនៃឃាតកម្មទាំងនេះ។ នឹងមិនមានសន្តិភាពពិតប្រាកដទេរហូតដល់យើងបង្កើតការបញ្ចប់និទណ្ឌភាពជាមួយគ្នា»។
ញត្តិនេះក៏បានទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យលើឃាតកម្មលើមនុស្សជាច្រើនចាប់តាំងតាំងពីទសវត្សឆ្នាំ ១៩៩០ មក រួមមានតារាសម្តែង អ្នកស្រីពិសិដ្ឋ ពិលីកា មេដឹកនាំសហជីពសេរីកម្មករលោក ជា វិជ្ជា សកម្មជនបរិស្ថានលោក ឈុត វុទ្ធី និងអ្នកវិភាគសង្គម លោក កែម ឡី។
ញត្តិនោះបន្ថែមថា៖ «យើងក៏នឹងចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានសកម្មជន បុរសយោធា មេដឹកនាំសហជីពអ្ន កនយោបាយ និស្សិតពលរដ្ឋស្លូតត្រង់ និងកម្មករដែលត្រូវបានសម្លាប់ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសកាលពីថ្ងៃទី ២៣ ខែតុលាឆ្នាំ ១៩៩១» ។
នៅលើគេហទំព័ររបស់ខ្លួន Change.org បានបង្ហាញថាមនុស្សជិត ៧ ០០០ នាក់បានចុះហត្ថលេខាលើញត្តិដែលត្រូវបានផ្ញើទៅប្រជាជនតាមរយៈបណ្តាញទំនាក់ទំនងសង្គម។
លោកអេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថា យុទ្ធនាការនេះមានគោលបំណងប្រមូលផ្តុំការគាំទ្រតាមអ៊ីនធើណែតសម្រាប់បណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។
លោកបានថ្លែងបែបនេះមួយថ្ងៃបន្ទាប់ពីលោកសម រង្ស៊ី បានថ្លែងថា យុទ្ធនាការនេះនឹងមានការប្រមូលញត្តិគាំទ្រដោយប្រជាជនកម្ពុជានិងជនបរទេសតាមអ៊ីនធើណែតដោយសម្ងាត់ ដើម្បីគាំទ្រការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។
លោកឆៃអ៊ាងបានថ្លែងថា លោកមិនជឿថាការបញ្ចប់វប្បធម៌និទណ្ឌភាពនឹងចេញពីរដ្ឋាភិបាលបច្ចុប្បន្នទេ។
កាលពីម្សិលមិញលោកសុខ ឥសាម បាននិយាយថា ដើម្បីបញ្ចប់«និទណ្ឌភាព»អតីតមេដឹកនាំក្រុមប្រឆាំងរួមទាំងលោកសមរង្ស៊ីនិងសកម្មជនដទៃទៀតដែលត្រូវបានផ្តន្ទាទោសដោយតុលាការ គួរតែបង្ហាញឧទាហរណ៍មួយដោយប្រគល់ខ្លួនទៅឲ្យអាជ្ញាធរនិងអនុវត្តទោសរបស់ពួកគេ។
លោកនិយាយថា៖« រដ្ឋាភិបាលបាននិងកំពុងធ្វើការដើម្បីគ្រប់គ្រងស្ថានការណ៍សន្តិសុខ។ យើងមិនចង់ឃើញការសម្លាប់បែបនេះទេ ។ ករណីឃាតកម្មរាប់ពាន់ករណីត្រូវបានបង្ក្រាប។ ទោះយ៉ាងណាក៏ដោយក្នុងករណីខ្លះយើងមិនអាចចាប់ខ្លួនជនល្មើសបានភ្លាមៗទេ» ។
លោកសុខ ឥសាន បាននិយាយថា ក្រុមប្រឆាំងមិនបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបបទឧក្រិដ្ឋភាគច្រើននោះទេ ប៉ុន្តែបានរិះគន់រដ្ឋាភិបាលនៅក្នុងករណីមួយចំនួនដែលការស៊ើបអង្កេតនៅតែបន្ត។
លោកបន្តថា៖ «ខ្ញុំចង់និយាយថាដើម្បីបញ្ចប់ «និទណ្ឌភាព» អ្នកដែលចាប់ផ្តើមយុទ្ធនាការនេះគួរតែវិលត្រឡប់មកប្រទេសវិញទទួលទោសពន្ធនាគាររបស់ពួកគេជាមុន។ ជនរត់គេចទាំងនោះដែលគួរតែត្រូវបានចាប់ខ្លួនតាមដីកាប្រឆាំងនឹងពួកគេគួរតែប្រគល់ខ្លួនឱ្យអាជ្ញាធរ» ។
លោក សុខ ឥសាន បាននិយាយថា យុទ្ធនាការនេះគឺជាល្បិចមួយដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន ប៉ុន្តែវាមានរបៀបវារៈនយោបាយលាក់កំបាំងដើម្បីវាយប្រហាររដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។
លោកថា លោកមិនជឿថាយុទ្ធនាការរបស់អតីតសកម្មជនបក្សប្រឆាំងនឹងទទួលបានជោគជ័យនោះទេ។
លោកផៃ ស៊ីផាន ដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីម្សិលមិញថា យុទ្ធនាការនេះគ្រាន់តែជាសកម្មភាពមួយដើម្បីសម្តែងមតិប៉ុណ្ណោះហើយមិនមានឥទិ្ធពលលើការវិនិច្ឆ័យរបស់តុលាការទេ។
លោកបន្ថែមថា៖« យើងមានរដ្ឋធម្មនុញ្ញរបស់យើងដូច្នេះគ្មានភាគីអង្គការក្រៅ
រដ្ឋាភិបាលឬប្រទេសបរទេសណាមួយមានសិទ្ធិជ្រៀតជ្រែកចូលក្នុងអធិបតេយ្យភាពរបស់តុលាការរបស់យើងទេ ។ ប្រសិនបើពួកគេមានភ័ស្តុតាងរឹងមាំពួកគេអាចបញ្ជូនវាទៅតុលាការប៉ុន្តែខ្ញុំបានកត់សម្គាល់ថាយុទ្ធនាការរបស់ពួកគេគ្រាន់តែជាហេតុផលនយោបាយប៉ុណ្ណោះ» ។
លោក ស៊ីផាន បានបន្តថា លោកជឿជាក់ថាយុទ្ធនាការនេះគឺខុសច្បាប់ហើយត្រូវបានប្រើដើម្បីបញ្ឆោតប្រជាជនឱ្យទទួលបានការគាំទ្រ។ លោកថា អ្នកដែលអនុវត្តការញុះញង់បែបនេះអាចប្រឈមនឹងច្បាប់។
ទាក់ទិននឹងអំពើឃាតកម្មលើអ្នកដែលបានលើកឡើងក្នុងញត្តិនេះ លោកផៃ ស៊ីផានមានប្រសាសន៍ថា អាជ្ញាធរស្វាគមន៍រាល់ភស្តុតាងថ្មីដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ៕
ប្រែសម្រួលដោយ តាំង រីនិត្យ