cellcard cellcard cellcard

កង្វះអ្នកបរិច្ចាគឈាមបណ្តាលមកពីកូវីដ-១៩

សំ កន្និកា / Khmer Times Share:
យុវជននិងមន្រ្តីរដ្ឋាភិបាលបរិច្ចាគឈាមក្នុងឱកាសទិវាបុណ្យនៃក្តីស្រឡាញ់នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ខ្មែរថាមសន៍

មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានប្រកាសថា ចំពេលមានការធ្លាក់ចុះ ១០ ភាគរយនៃការបរិច្ចាគឈាម តម្រូវការសម្រាប់ការបញ្ចូលឈាមបានកើនឡើង ២០ ភាគរយក្នុងរយៈពេល
៦ ខែដំបូងនៃឆ្នាំនេះ ដែលបណ្ដាលឱ្យមានការកង្វះខាត។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយកាលពីម្សិលមិញ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោក សុខ ប៉ូ បាននិយាយថា ការកើនឡើងនូវតម្រូវការ និងការធ្លាក់ចុះនៃការបរិច្ចាគឈាម គឺដោយសារមានការកើនឡើងនៃអ្នកជំងឺក្នុងស្រុកដែលពួកគាត់មិនអាចចេញទៅមើលជំងឺនៅខាងក្រៅបាននៅពេលមានជំងឺកូវីដ១៩រាតត្បាត ។

អគ្គនាយករងនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត លី សុវិទ្យ បានមានប្រសាសន៍ថា ការធ្លាក់ចុះនៃការបរិច្ចាគឈាម គឺដោយសារតែការភ័យខ្លាចការឆ្លងជំងឺកូវីដ១៩ នៅពេលធ្វើដំណើរឬទៅមជ្ឈមណ្ឌលដើម្បីបរិច្ចាគឈាម។ លោកបានបន្ថែមថា ជំងឺរាតត្បាតនេះក៏បានបណ្តាលឱ្យមានការបិទមជ្ឈមណ្ឌលផ្តល់ឈាមជាបណ្តោះអាសន្ន ដែលបណ្តាលឱ្យមជ្ឈមណ្ឌលមិនអាចទទួលយកការបរិច្ចាកឈាមបាន។

លោក​ សុវិទ្យ និយាយថា៖ «ជាធម្មតា ក្រសួងស្ថាប័ននិងក្រុមហ៊ុនឯកជននានារៀបចំកម្មវិធីបរិច្ចាគឈាមដើម្បីជំរុញការបរិច្ចាគ ប៉ុន្តែឆ្នាំនេះ កម្មវិធីដូចនោះមិនត្រូវបានរៀបចំទេ ដោយសារតែជំងឺរាតត្បាត»។

ជាការឆ្លើយតប លោក សុខ ប៉ូ បានលើកទឹកចិត្តឱ្យប្រជាជនបរិច្ចាគឈាមបន្ថែមទៀតដោយនិយាយថា ទង្វើនេះមានសារៈសំខាន់ណាស់ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជា។

លោកក៏បាននិយាយដែរថា ការផ្តល់ឈាមមិនបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបរិច្ចាគឬឆ្លងជំងឺកូវីដ១៩ ឡើយ។

លោកបន្ថែមថា៖ «មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការការបរិច្ចាគឈាមប្រហែល ៣០០ ផ្លោកក្នុងមួយថ្ងៃដើម្បីព្យាបាលអ្នកជំងឺ» ។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថានៅក្នុងឆមាសទី ១ នៃឆ្នាំ ២០១៩ ការបរិច្ចាគឈាមមានចំនួន ២២ ភាគរយខ្ពស់ជាងធម្មតា ដែលដឹកនាំរៀបចំដោយម្ចាស់ជំនួយវិស័យឯកជន និងសាធារណៈ និងយុទ្ធនាការរបស់អង្គការក្រៅរដ្ឋាភិបាល។

លោក សុខ ប៉ូ និយាយថា៖ «ការបញ្ចូលឈាមភាគច្រើនត្រូវបានប្រើក្នុងកំឡុងពេលវះកាត់។ ឧទាហរណ៍បន្ទាប់ពីការវះកាត់បេះដូង ឬបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ អ្នកជំងឺត្រូវការឈាមច្រើន ហើយបើសិនគ្មានឈាមទេ អ្នកជំងឺអាចនឹងស្លាប់»៕​ ប្រែសម្រួលដោយ៖ ហួន ឌីណា

Related Posts

Previous Article

នាយករដ្ឋមន្រ្តី៖ កម្មករដែលគ្មានការងារអាចមកធ្វើកសិកម្មវិញ

Next Article

លោក កឹម សុខា ត្រូវបានដាស់តឿនអំពីកាតព្វកិច្ចរបស់ខ្លួន