cellcard cellcard

ក្រសួងមហាផ្ទៃកំពុងផ្ទៀងផ្ទាត់ពីតង់ដែលវៀតណាមដំឡើងតាមព្រំដែនជាប់កម្ពុជា

បែន សុខហ៊ាន / Khmer Times Share:
KT/Khem Sovannara

រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សក់ សេដ្ឋា បានថ្លែង​ថា​ក្រសួងកំពុងត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ «តង់មួយចំនួន» ដែលភាគីវៀតណាមបោះនៅតាមព្រំដែន មុនពេលបញ្ជូនរបាយការណ៍​ទៅគណៈកម្មាធិការកិច្ចការព្រំដែនដើម្បីពិភាក្សា ចរចាជាមួ​យភាគីវៀតណាមឱ្យរុះរើ តង់ទាំង​នោះចេញ ។

 

នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ លោក សេដ្ឋា បាន​និយាយថា ប្រទេសវៀតណាម ចាប់តាំងពីខែមីនា បានដាក់ពង្រាយកងទ័ពរបស់ខ្លួននៅតាមព្រំដែនកម្ពុជា-វៀតណាមក្រោមរូបភាព ទប់ស្កាត់ការឆ្លងជំងឺ​កូវីដ១៩(​COVID-19) ដោយលើកទង់ជាតិវៀតណាមនិងបដាសរសេរ​ជាភាសាវៀតណាមនៅតាមតំបន់នានាតាមបណ្ដោយព្រំដែន។

 

លោកនិយាយថា៖ «បច្ចុប្បន្ន ក្រសួងមហាផ្ទៃកំពុងបូកសរុបផ្ទៀងផ្ទាត់កូអរដោនេ នៃទីទាំង​
តង់​ទាំងនោះ ដើម្បីផ្តល់ជូនគណៈកម្មាធិការចំរុះកិច្ចការព្រំដែនចាត់ចែងតាមសមត្ថកិច្ច» ។

 

បញ្ហាបោះតង់​បាន​កើតឡើងបន្ទាប់ពី មន្រ្តីនគរបាលព្រំដែនខេត្តកណ្តាលកាលពីខែមេសា បានចុះត្រួតពិនិត្យនៅជិតច្រកព្រំដែនហើយបានរកឃើញថា ទាហានវៀតណាមបានដំឡើងតង់ចំនួន ៣១ នៅតាមបណ្តោយព្រំដែនដែលពុំទាន់ឯកភាពខណ្ឌសីមានិងបោះបង្គោលរួច ជាមួយខេត្តអានយ៉ាង (An Giang )របស់ប្រទេសវៀតណាម។

 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីខែមិថុនាបានផ្ញើលិខិតមួយទៅលោក វ៉ា
គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ស្នើឲ្យគណៈកម្មាធិការត្រួតពិនិត្យរបាយការណ៍ដែលថាប្រទេសវៀតណាមបានដំឡើ​ងតង់នៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

ទោះយ៉ាងណា លោក គឹម​ហុ​ង​ បានប្រាប់ក្រសួងឱ្យបញ្ជូនអ្នកសម្របសម្រួលទៅជាមួយគណៈ​កម្មាធិ​ការឱ្យទៅកន្លែងដែលត្រូវបានទាហានវៀតណាមបោះតង់នោះ ។ លោកបន្ត ថា
គណៈកម្មាធិការនឹងមិនអា​ច​រ​កតង់ឃើញបានទេ ប្រសិនបើគ្មានកូអរដោនេច្បាស់លាស់​។

 

នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែនបាននិយាយថា ថ្មីៗនេះអាជ្ញាធរកម្ពុជាបានរកឃើញតង់ចំនួន
២៥៦ ត្រូវបានបោះដោយជនជាតិវៀតណាម​នៅតាមបណ្ដោយតំបន់ព្រំដែនរវាងប្រទេសទាំងពីរចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីត១៩ ។

 

លោកសេដ្ឋានិយាយថា៖ ភាគីវៀតណាមបានបោះតង់ចំនួន ៤២ នៅ «តំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា» នៅតាមបណ្តោយព្រំដែនចន្លោះទន្លេមេគង្គនិងទន្លេបាសាក់ ហើយរហូតមកដល់ដើមខែនេះ ភាគីវៀតណាមបានរុះរើចេញតែ ៨កន្លែងតែប៉ុណ្ណោះ។

 

លោកបាននិយាយថា ក្រសួងបានស្នើសុំឱ្យភាគីវៀតណាមគោរពឱ្យបានម៉ឺងម៉ាត់ នូវកិច្ច
ព្រមព្រៀងឆ្នាំ ១៩៨៣ ស្តីពីលក្ខន្តិកៈព្រំដែនកម្ពុជា-វៀតណាម, សេចក្តីប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥, សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងរដ្ឋាភិបាលទាំង
ពីរ ។

លោក សេដ្ឋា បន្តថា៖ «ភាគីវៀតណាម ត្រូវរក្សាស្ថានភាពដដែលនៅតំបន់ពុំទាន់ឯកភាព ជៀសវាងធ្វើសកម្មភាពឯកតោភាគីណាមួយដែលអាចប៉ះពាល់កិច្ចការដ៏សំខាន់នេះ រហូតដល់វេលាដែលគណៈកម្មការចំរុះព្រំដែនទាំងពីរឯកភាពខណ្ឌសីមានិងបោះបង្គោលក្នុងតំបន់នោះរួចរាល់ជាស្ថាពរ» ។

 

លោកថា ក្រសួងក៏បានស្នើរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធជាប់ព្រំដែនកម្ពុជា-វៀតណាមបន្តតាមដាន សកម្មភាពរបស់ភាគីវៀតណាមឱ្យបានខ្ជាប់ខ្ជួន។  លោកសេដ្ឋានិយាយថា៖
«ក្នុងករណីភាគីវៀតណាមធ្វើសកម្មភាពមិនប្រក្រតី ត្រូវហាមឃាត់ជាបន្ទាន់ និងធ្វើសេចក្តីរាយការណ៍មកក្រសួង-ស្ថាប័នពាក់ព័ន្ធដោះស្រាយតាមនីតិវិធីច្បាប់»។

 

លោកបន្តថា៖ «រដ្ឋបាលខេត្ត ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពនូវយន្តការដែលមានស្រាប់
ក្នុងក្របខ័ណ្ឌច្បាប់ អនុញ្ញាតដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយបញ្ហាអសកម្មទាំងឡាយប្រកបដោយស្មារតី មិត្តភាពនិងភាពជាអ្នកជិតខាងល្អ»។

 

បន្ទាប់ពីទទួលបានថាវៀតណាមបានបោះតង់របស់ខ្លួនក្នុងខេត្តកណ្តាល ក្រសួងការបរទេស បានផ្ញើកំណត់ទូតមួយទៅកាន់ក្រសួងការបរទេសវៀតណាម ដើម្បីស្នើឱ្យភាគីវៀតណាម រុះរើតង់ដែលបានបោះនោះចេញ។

 

ជាការឆ្លើយតប ក្រសួងការបរទេសវៀតណាមកាលពីខែឧសភាបាននិយាយថា ការបោះតង់នៅតាមព្រំដែន ដោយខេត្តអានយ៉ាងនេះ គឺជាវិធានបណ្តោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា «នូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃ ការរីករាលដាលជំងឺ​ឆ្លងកូវីដ១៩» ។ ក្រសួងការបរទេសវៀតណាម​បន្តថា អាជ្ញាធរវៀតណាម នឹងធ្វើការរុះរើតង់ដែលបានបោះជា បណ្តោះអាសន្នទាំងអស់ចេញពីតំបន់នោះ។

 

ទោះជាយ៉ាងនេះក្តី ក្រសួងការបរទេសវៀតណាមបាននិយាយថា តង់បណ្តោះអាសន្ន ត្រូវបានបោះនៅក្នុងដីដែលគ្រប់គ្រងវៀតណាមទាំងស្រុង ដែលស្របតាមបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែងដែលត្រូវបានវាស់វែង និងឯកភាពដោយក្រុមការងារពិសេសនៃគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក។

 

បន្ថែមពីនេះ ប្រទេសកម្ពុជានិងវៀតណាមកំពុងត្រៀមរៀបចំកិច្ចប្រជុំ គណៈកម្មាធិការចម្រុះកម្ពុជា-វៀតណាម នាពេលខាងមុខក៏ដូចជាកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលក្នុងកំឡុងពេលនោះគេរំពឹងថាកិច្ចសហប្រតិបត្តិការតាមព្រំដែននឹងត្រូវបានលើកឡើង។

 

យោងតាមប្រភពព័ត៌មានពីភាគីទាំងពីរ កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី ១៨ និងសន្និសីទលើកទី ១១ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅបានឆាប់បំផុត។

 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បាននិយាយកាលពីម្សិល
មិញថា ភា​គីទាំងពីរកំពុងពិភាក្សាគ្នាអំពីពេលវេលាដ៏សមស្របមួយ។ ទោះយ៉ាងណាលោកសង្ឃឹមថាកិច្ចប្រជុំអាចនឹងធ្វើឡើងនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ។

 

របៀបវារៈនៃការប្រជុំនាពេលខាងមុខនេះ មិនទាន់ត្រូវបានគេបង្ហាញឲ្យដឹងនៅឡើយទេ ប៉ុន្តែលោកឯកអគ្គរដ្ឋទូត Vu បាននិយាយថា កិច្ចប្រជុំនេះនឹងដូចកិច្ចប្រជុំដទៃទៀតកាលពីឆ្នាំមុន។ ដោយសំដៅទៅលើបញ្ហាការបោះតង់តាមបណ្ដោយព្រំដែនលោកបាននិយាយថា៖ «ប៉ុន្តែខ្ញុំគិតថា រឿងនេះមិនមែនជាបញ្ហាទេ»។

 

កាលពីឆ្នាំមុន កិច្ចប្រជុំនៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី ១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានធ្វើឡើងនៅថ្ងៃទី ២០ និង ២១ ខែសីហានៅទីក្រុងភ្នំពេញ ខណៈកិច្ចប្រជុំលើកទី ១០ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតាមបណ្តាខេត្តនៅតាមព្រំដែនត្រូវបានធ្វើឡើងនៅទីក្រុងហូជីមិញកាលពីខែមករា។

 

លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងកាលពីម្សិលមិញថាលោកមិនទាន់ដឹងអំពីរបៀបវារៈនៃការប្រជុំនាពេលខាងមុខឬថាតើបញ្ហាបោះតង់តាមបណ្ដោយព្រំដែននឹងត្រូវពិភាក្សានៅក្នុងនោះទេ។  លោកបានបង្វែរសំណួរនេះទៅអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង ដែលមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានកាលពីម្សិលមិញ។

 

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានាធិបតីវៀតណាម ង្វៀន ហ្វ៊ូជុង កាលពីសប្តាហ៍មុន មេដឹកនាំទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាស្តីពីកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់និងពិភពលោកដែលមានការយកចិត្តទុកដាក់រួមគ្នា។

 

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំមេដឹកនាំទាំងពីរ បានអះអាងជាថ្មីម្តងទៀតថា នឹងបន្តសហការគ្នាយ៉ាងស្អិតរមួត ដើម្បីពូនជ្រុំទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

 

ភាគីទាំងពីរក៏ប្តេជ្ញាបន្តអនុវត្តរាល់សេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងរៀបចំកិច្ចប្រជុំប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាមលើកទី១៨ និងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍខេត្តតាមព្រំដែនកម្ពុជា-វៀតណាមលើកទី ១១ នៅពេលវេលាសមស្រប៕  ប្រែសម្រួលដោយ៖ ហួន ឌីណា

 

Related Posts

Previous Article

ទស្ស​នះ​ឯកអគ្គរដ្ឋទូត​អាមេរិក​៖ សន្តិភាព​និង​វិបុលភាព​ត្រូវបាន​បង្កើតឡើង​ដោយ​ឈរលើ​គោលការណ៍​

Next Article

ឧស្សាហកម្មអចលនៈទ្រព្យនៅកម្ពុជាកំពុងតែជួបដំណឹងអាក្រក់