cellcard cellcard

ឧស្សាហកម្មអចលនៈទ្រព្យនៅកម្ពុជាកំពុងតែជួបដំណឹងអាក្រក់

សុខ ចាន់ / Khmer Times Share:
KT/TepSony

យោងតាមរបាយការណ៍របស់ CBRE Cambodia  ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ នៅតែបន្ត
ប៉ះពាល់ដល់ឧស្សាហកម្មអចលនៈទ្រព្យនៅកម្ពុជា ការធ្លាក់ចុះនៃសេដ្ឋកិច្ចពីការរំខាននៅត្រីមាសទី ២ មិនទាន់ត្រូវបានដឹងពេញលេញនៅឡើយទេ។

 

ក្រុមហ៊ុន CBRE ជាអ្នកប្រឹក្សាផ្នែកអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានអោយដឹងថា ការជួល និងតម្លៃនៅទូទាំងវិស័យ ភាគច្រើនបានបន្តទិសដៅអវិជ្ជមាន។ អចលនទ្រព្យនៅត្រីមាសទី ២ ឆ្នាំ ២០២០ ទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងត្រីមាសទី ១ ឆ្នាំ ២០២០ ជាមួយនឹងផលប៉ះពាល់នៃការផ្លាស់ប្តូរអត្រាជួលនិងតម្លៃលក់ចេញ ។

មានការកត់សម្គាល់ឃើញថា ទាំងផ្នែកបដិសណ្ឋារកិច្ច និងផ្នែកលក់រាយត្រូវបានជះឥទ្ធិពលអវិជ្ជមានបន្ថែមទៀតនៅត្រីមាសនេះ ជាមួយនឹងតម្រូវការភាគច្រើនបានធ្លាក់ចុះយ៉ាងខ្លាំង។ ដោយមានការជំរុញទីផ្សារក្នុងស្រុក រួមទាំងទីផ្សារវិនិយោគដីធ្លី និងផ្នែកទ្រព្យសម្បត្តិដីធ្លី នៅតែមានការសកម្មបំផុត។

របាយការណ៍ក៏បានបញ្ជាក់ផងដែរថា តម្លៃដីបានកើនឡើងនៅក្នុងទីក្រុងក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ។ តម្លៃដីនៅតាមបណ្តោយផ្លូវដូចជាផ្លូវ ២០០៤ និងផ្លូវវេងស្រេង មានការឡើងយ៉ាងខ្ពស់ ដែលមិនអាចទ្រទ្រង់ការប្រើប្រាស់សម្រាប់ឧស្សាហកម្មបាន។ ហេតុដូច្នេះហើយ ទីតាំងឧស្សាហកម្មកំពុងធ្វើការផ្លាស់ប្តូរចេញពីរាជធានីភ្នំពេញ។

ទីតាំងដូចជាផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ៤ និងផ្លូវក្រវ៉ាត់ ៣ បានក្លាយជាមជ្ឈមណ្ឌលថ្មីនៃអចលនទ្រព្យឧស្សាហកម្ម និងភស្ដុភារ។ ផ្លូវទាំងនេះ ផ្តល់ការតភ្ជាប់ល្អទៅនឹងមជ្ឈមណ្ឌលនាំចូល និងនាំចេញសំខាន់ៗនៅក្នុងប្រទេស។

ជារួម​ តម្លៃដីធ្លីនៅទីក្រុងភ្នំពេញនៅតែមានលក្ខណៈទូលំទូលាយដដែលក្នុងកំឡុងពេលត្រីមាស
ទី ២ ។ ការរកឃើញតម្លៃនៅក្នុងផ្នែកគឺមានការលំបាកដោយសារតែប្រតិបត្តិការមានការខ្វះខាត។

ទោះយ៉ាងណា តម្លៃលក់ខុនដូលំដាប់ខ្ពស់បានធ្លាក់ចុះប្រមាណ ៣ ០៤១ ដុល្លារក្នុងមួយម៉ែត្រការ៉េ
ខណៈ​ការជួលការិយាល័យមានការថយចុះមកនៅត្រឹម ២៥.៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយការជួលការិយាល័យលក់រាយឈានមុខគេធ្លាក់ចុះដល់ ៣៦.៩៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ប្រទេសកម្ពុជាក៏បានមើលឃើញពីការធ្លាក់ចុះនៃលំហូរចូលទុនវិនិយោគផ្ទាល់ពីបរទេស (FDI)
ក្នុងវិស័យ​​អចលនទ្រព្យ។ វាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើយោងតាមរបាយការណ៍ពាក់កណ្តាលឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ លំហូរចូលទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យអចលនទ្រព្យបានធ្លាក់ចុះ ២៤ ភាគរយ សណ្ឋាគារនិ ងគម្រោងកម្សាន្ត ២៥ ភាគរយ និងសំណង់មាន ៨ ភាគរយ។

លោកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បានអោយដឹងថា ទោះបីជាវិស័យអចលនទ្រព្យរងការប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ តែមិនមានលក្ខណៈសម្បត្តិត្រូវបានដាក់ដោយបង្ខំនៅលើទីផ្សារនោះទេ វាគ្រាន់តែជាការធ្លាក់ចុះនៃប្រតិបត្តិការនៅភ្នំពេញ និងតំបន់មួយចំនួន
នៅទូទាំងប្រទេស។ ។

លោក​ស្រីបន្ថែមថា ការវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយគម្រោងវិនិយោគមួយចំនួនដែលបានអនុវត្តចាប់ពីឆ្នាំ ២០១៩ ត្រូវបានពន្យាពេល ដោយសារវិនិយោគិនចង់មើលពីស្ថានភាពទីផ្សារក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ ។

លោកស្រីបានផ្តល់ជាយោបល់ថា តើវាជាពេលវេលាល្អទេក្នុងការលក់ ទិញ ឬស្តុកទ្រព្យសម្បត្តិអំឡុងពេលមានជំងឺកូវីដ-១៩ ។ វាអាស្រ័យទៅលើលក្ខណៈសម្បត្តិ។ ឧទាហរណ៍ ប្រសិនបើមិនមានហេដ្ឋារចនាសម្ពន្ធ័ ឬការអភិវឌ្ឍថ្មីកើតឡើងនៅក្បែរទ្រព្យសម្បត្តិនោះទេ វាពិបាកក្នុងការជំរុញឱ្យមានការឡើងថ្លៃក្នុងកំឡុងពេលមានជំងឺរាតត្បាត។

លោកស្រីបានចង្អុលបង្ហាញថា ក្រោមការផ្គត់ផ្គង់ និងតម្រូវការ នៅពេលមានការផ្គត់ផ្គង់កាន់តែច្រើន តម្លៃនឹងមានស្ថេរភាព។

លោកស្រីបន្តថា៖ «វិនិយោគិន ត្រូវគិតថាតើទ្រព្យសម្បត្តិរបស់ពួកគេស្ថិតក្នុងហានិភ័យ ឬពួកគេអាចទទួលបានឱកាសបង្កើនតម្លៃ។ ប្រសិនបើវាប្រថុយ ពួកគេគួរលក់ចេញ» ។

លោក​ ប៉ូ អ៊ាវគង់ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានអោយដឹងថា វិស័យអចលនទ្រព្យត្រូវបានរងផលប៉ះពាល់គួរឱ្យកត់សម្គាល់ដោយជំងឺរាតត្បាតកូវីដ-១៩។ ទោះបី ការរីកចម្រើននៃគម្រោងអភិវឌ្ឍន៍សំណង់នៅឆមាសទីមួយនៃឆ្នាំ ២០២០ គឺដូចគ្នានឹងចុងឆ្នាំមុនក៏ដោយ ការលក់ ការទិញ និងប្រតិបត្តិការទ្រព្យសម្បត្តិបានថយចុះនៅឆមាសទីមួយនៃឆ្នាំ ២០២០ ។

លោកបានបន្តថា៖ «ជាទូទៅ ប្រតិបត្តិការលើការលក់ និងទិញអចលនទ្រព្យក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនបានធ្លាក់ចុះ ដោយសារតែលំហូរសាច់ប្រាក់របស់វិនិយោគិនមួយចំនួនត្រូវបានបម្រុងទុកសម្រាប់ធ្វើអាជីវកម្មផ្សេងទៀត។ ការវិនិយោគក្នុងវិស័យអចលនទ្រព្យគឺជាជម្រើសទី ២»។

លោកបានបន្តថា៖ «សម្រាប់ពេលបច្ចុប្បន្ននេះ យើងកំពុងមើលឃើញផ្នែករងនៃការលក់ដី និងខុនដូថយចុះ។ ទោះជាយ៉ាងណា គម្រោងអភិវឌ្ឍន៍បុរីនៅក្បែររាជធានីឃើញមានផលប៉ះពាល់តិចតួចលើការលក់ និងការទិញ ប៉ុន្តែតម្លៃនៅតែមានស្ថិរភាពសម្រាប់គម្រោងលំនៅដ្ឋាន។ វិនិយោគិនគួរទិញអចលនទ្រព្យនៅពេលនេះ ប៉ុន្តែពួកគេត្រូវសិក្សាអំពីតម្លៃ និងទីតាំងជាមុនសិន» ។

លោក ច្រឹក សុខនីម​ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានអោយដឹងថា កន្លងមកស្ថានភាព និងសកម្មភាពនៃវិស័យអចលនៈទ្រព្យបានងើបឡើងជាលំដាប់។ ជាពិសេស ប្រជាជនក្នុងតំបន់កំពុងសំឡឹងមើលនិងមានប្រតិបត្តិការឡើងវិញទាំងទិញ និងលក់ទ្រព្យសម្បត្តិ។

លោកបន្តថា៖ «រហូតមកដល់ពេលនេះ យើងមិនទាន់ឃើញមានកំណើនទេ ប៉ុន្តែវិស័យនេះបានចាប់ផ្តើមងើបឡើងវិញក្នុងរយៈពេលពីរ បីខែចុងក្រោយនេះ។ វាមានសភាពស្ងាត់ ប៉ុន្តែឥឡូវនៅក្នុងរាជធានី នៅជាយក្រុង និងនៅខេត្តកែប កំពត ព្រះសីហនុ និងកំពង់ស្ពឺ កំពុងចាប់ផ្តើមមើលឃើញមានប្រតិបត្តិការ‍‍‌‍» ។

លោកថា៖ «ទោះយ៉ាងណា យើងមិនរំពឹងថាវានឹងកើនឡើងដូចកាលពីដើមឆ្នាំនេះទេ ពីព្រោះប្រជាជននៅតែប្រុងប្រយ័ត្នអំពីស្ថានភាពជំងឺកូវីដ-១៩ ។ ហើយក្នុងរយៈពេលពីរ បីខែខាងមុខទៀត វិស័យអចលនទ្រព្យនឹងវិលមករកភាពប្រក្រតីឡើងវិញ» ៕​

 

ប្រែសម្រួលដោយ សៀវ​​ គួយអ៊ី

Related Posts

Previous Article

ក្រសួងមហាផ្ទៃកំពុងផ្ទៀងផ្ទាត់ពីតង់ដែលវៀតណាមដំឡើងតាមព្រំដែនជាប់កម្ពុជា

Next Article

ក្រសួងបានចេញវិធានការណ៍ថ្មីក្នុងការជួយសហគ្រាសធុនតូចនិងមធ្យម