cellcard cellcard

អង្គការសហប្រជាជាតិផ្តល់ថវិការ ១ លានដុល្លារជួយពលករចំណាកស្រុកកម្ពុជា

Share:
Facebook

អង្គការសហប្រជាជាតិនឹងផ្តល់ថវិកាចំនួន ១ លានដុល្លារសម្រាប់កម្មវិធីរួមគ្នាមួយជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ការឧបត្ថម្ភដល់ពលករចំណាកស្រុកដែលវិលត្រឡប់មកមាតុប្រទេសវិញនៅខេត្តចំនួន ៣ ។

លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងកាលពីម្សិលមិញថា កម្មវិធីរយៈពេល ៦ ខែនឹងត្រូវបានអនុវត្តនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងសៀមរាប។

លោកបានថ្លែងនៅក្នុងកិច្ចប្រជុំដែល​មាន​តំណាងចូលរួ​ម​ពីក្រសួងពាក់ព័ន្ធនិងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជាថា៖« កម្មវិធីនេះគឺដើម្បីធានានូវការផ្តល់នូវសេវាកម្មសង្គមនិងសេដ្ឋកិច្ចចាំបាច់ដល់ពលករចំណាកស្រុកក៏ដូចជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ១៩ ចំពោះពលករចំណាកស្រុក» ។

លោកបានបន្ថែមថា៖« ប្រសិនបើរដ្ឋាភិបាលអាចអនុវត្តកម្មវិធីនេះដោយជោគជ័យ រដ្ឋាភិបាលនឹងអាចស្នើសុំថវិកាបន្ថែមពី អ.ស.ប ដើម្បីពង្រីកកម្មវិធីទៅរដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀត» ។

លោកស ខេង បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា៖« យើងបានជួបគ្នានៅថ្ងៃនេះដើម្បីរៀបចំកម្មវិធីរួមគ្នាមួយដើម្បីរៀបចំនិងគ្រប់គ្រងការប្រើប្រាស់ថវិកាប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពដើម្បីឈានទៅជួយពលករចំណាកស្រុកទាំងអស់ដែលប្រឈមនឹងបញ្ហាដែលបណ្តាលមកពីជំងឺកូវីដ១៩» ។

 

លោកបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានគ្រប់គ្រងបញ្ហាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែប្រសើរ តាមដានការចូលរបស់ពលករចំណាកស្រុកពីបរទេស និងឆ្លើយតបតម្រូវការរបស់ពួកគេឱ្យបានទាន់ពេលវេលា។

លោកស ខេង ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានជួយសម្រួលដល់ការចូលរួមរបស់ដៃគូពាក់ព័ន្ធក្នុងការពង្រឹងនិងលើកកម្ពស់ជីវភាពរបស់ពលករចំណាកស្រុក។

លោកស្នើឱ្យទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាសម្របសម្រួលជាមួយទីភ្នាក់ងារស្ថាប័នពិភពលោកក្នុងប្រទេសនានាក្នុងតំបន់ដើម្បីរកដំណោះស្រាយដើម្បីគ្រប់គ្រងលំហូរឆ្លងកាត់របស់ពលករចំណាកស្រុក។

រហូតមកដល់ពេលនេះមានពលករចំណាកស្រុកកម្ពុជាជាង ១០ ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញបន្ទាប់ពីរដ្ឋាភិបាលថៃបានសំរេចចិត្តបិទព្រំដែនរបស់ប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

 

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជាបាននិយាយថា ការត្រឡប់មកវិញនេះបង្ហាញពីរបៀបដែលជំងឺរាតត្បាតអាចជះឥទ្ធិពលដល់ក្រុមមនុស្សជាក់លាក់តាមមធ្យោបាយជាច្រើននិងផ្តល់ភាពងាយរងគ្រោះដល់ពួកគេ។

លោកស្រីបាននិយាយថា ខាងផ្នែកសុខភាព​ការវិលត្រឡប់របស់កម្មករចំណាកស្រុកប្រឈមនឹងការផ្ទុកនិងរាលដាលវីរុសដល់គ្រួសារនិងសហគមន៍របស់ពួកគេ។ ចំពោះផ្នែកសេដ្ឋកិច្ចសង្គម ពួកគេតំណាងឱ្យប្រជាជនកម្ពុជាដ៏ច្រើនដែលបានបាត់បង់ការងារ ប្រាក់ចំណូល និងជីវភាពដែលគ្រួសាររបស់ពួកគេពឹងផ្អែក។

 

លោក Tamesis បាននិយាយថា កម្មវិធីរួមនឹងផ្តោតលើការបង្កើតដំណោះស្រាយក្នុងស្រុកសម្រាប់ការច្នៃប្រឌិតសហគមន៍និងសហគមន៍ដែលត្រូវ​បានផ្តល់អំណាចនិងរដ្ឋាភិបាលថ្នាក់ក្រោមជាតិរួមជាមួយការវិនិយោគក្នុងការកសាងសមត្ថភាពត្រូវបានគេរំពឹងថានឹងបង្កើតសក្ដានុពលដើម្បីជំរុញការបង្កើតថ្មីសម្រាប់ដំណោះស្រាយដែលមានប្រសិទ្ធភាពជាងមុនចំពោះតម្រូវការបន្ទាន់និងស្ថានភាពដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

លោកស្រីបន្តថា៖« ការរួមដៃគ្នាជាមួយនឹងដំណោះស្រាយជំរុញសហគមន៍កម្មវិធីរួមគ្នាក្នុងពេលតែមួយនឹងពង្រឹងយន្តការរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិសម្រាប់ការផ្តល់សេវាសុខភាពនិងសង្គម» ។

លោកស្រីបានបន្ថែមថាអង្គការសហប្រជាជាតិក្រោមការដឹកនាំរបស់យូនីសេហ្វនឹងគាំទ្រដល់ការដាក់ពង្រាយបុគ្គលិកសង្គមចំនួន ២០ នាក់នៅក្នុងស្រុកដែលបានជ្រើសរើសនៃខេត្តគោលដៅ។

លោកប៉ុក ណាន ជាពលករចំណាកស្រុកនៅខេត្តតាកែវបាននិយាយកាលពីម្សិលមិញថា លោកបានវិលត្រឡប់មកពីប្រទេសថៃវិញនៅក្នុងខែមីនាដោយសារការភ័យខ្លាចជំងឺកូវីដ១៩ ។

លោកថា ឥឡូវនេះលោកបានចាប់យករបរកសិកម្មហើយសង្ឃឹមថាកម្មវិធីនេះនឹងត្រូវបានពង្រីកដល់ខេត្តរបស់លោកដើម្បីឱ្យលោកបានរៀនជំនាញដែលអាចត្រូវបានប្រើដើម្បីស្វែងរកការងារធ្វើ៕ ប្រែសម្រួលដោយ តាំង រីនិត្យ

 

Related Posts

Previous Article

ក្រសួងនិងក្រុមហ៊ុនសែលកាតបង្កើតកម្មវិធីទូរសព្ទដៃសម្រាប់ការអប់រំពីចម្ងាយ

Next Article

រដ្ឋមន្ដ្រី​៖ ​ស្បៃ​មុង​មានគុណ​ភាពល្អ​ទុក​ប្រើ​ក្នុង​វិស័យ​កសិកម្ម