cellcard cellcard

ក្រសួងពិភាក្សាលើបញ្ហាប្រឈមខាងផ្នែកកសិកម្មឌីជីថល

សុខ ចាន់ និង Jason Boken / Khmer Times / Khmer Times Share:
Supplied

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ (TSC) និងភាគីពាក់ព័ន្ធកាលពីម្សិលមិញបានបើកសិក្ខាសាលាពិគ្រោះយោបល់ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាប្រឈមនៅតាមជនបទ និងពិភាក្សាអំពីការរំពឹងទុកនៃថ្នាលឌីជីថលរបស់ខ្លួនក្រោមគំនិតផ្តួចផ្តើមនៃគម្រោងគាំទ្រនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថា សម្បត្តិ (SAAMBAT) ។

គម្រោង SAAMBAT បានចាប់ផ្តើមនៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៩ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៥ ខាងមុខ ។

គម្រោងនេះមានទំហំទឹកប្រាក់សរុបប្រមាណជា ១៣៧,៥ លានដុល្លារ ខណៈដែលកម្ចីចំនួន ៥៣,២ លានដុល្លារផ្ដល់ដោយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ជំនួយចំនួន ចំនួន ១,២ លានដុល្លារបានមកពី IFAD ក្នុងប្រទេស ប្រាក់កម្ចីរបស់ធនាគារវិនិយោគអឺរ៉ុប EIB ចំនួន ៥១.៥ លានអឺរ៉ូ (ប្រហែល ៥៩ លានដុល្លារ) ជំនួយពី Foreseen Grant នៃសហគមន៍អ៊ឺរ៉ុបចំនួន ១៥ លានអឺរ៉ូ (ប្រហែល ១៧,២ ដុល្លារ) និងមូលនិធិ Counterpart Fund ពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ១០,៨ លានដុល្លារ។

គោលដៅអភិវឌ្ឍន៍គម្រោងនេះគឺដើម្បីបង្កើនផលិតភាពនៃយុវជននៅតាមជនបទ សហគ្រាសនិងសេដ្ឋកិច្ចជនបទប្រកបដោយចីរភាព ដែលរួមចំណែកដល់គោលដៅកាត់បន្ថយភាពក្រីក្រនិងបង្កើនសន្តិសុខស្បៀង ខណៈដែលគ្រួសារនៅជនបទប្រមាណជា ២០០,០០០ ត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មនានាដែលផ្ដល់ដោយគម្រោងនេះ។

ជាមួយគ្នានេះផងដែរ លទ្ធផលជាវិជ្ជមានចំនួនពីរនឹងកើតចេញពីគម្រោងនេះ ដែលរួមមានទីមួយសម្រាបប្រជាជនក្រីក្រនៅជនបទក្នុងការទទួលបានផលប្រយោជន៍ពីការកើនឡើងនៃការចូលរួមក្នុងទីផ្សារ។ ទី ២ គឺការបង្កើនសមត្ថភាពផលិតភាពរបស់ប្រជាជនក្រីក្រនៅជនបទ ខណៈដែលគម្រោង SAAMBATនេះ នឹងត្រូវបានផ្តល់ជូនតាមរយៈធាតុផ្សំពីរដែលមានដូចជាហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃ ជំនាញ បច្ចេកវិទ្យា និងសហគ្រាស។

លោក គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ (TSC) បានមានប្រសាសន៍ថាសិក្ខាសាលានេះត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីគម្រោងដែលបានបង្កើតឡើងអស់រយៈពេលជាង ១៨ ខែកន្លងទៅ។

លោកបានថ្លែងឲ្យដឹងថា នៅក្នុងស្ថានភាពដែលមានផលប៉ះពាល់ដោយសារតែវិបត្តិកូវីដ១៩នេះ វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចនិងការបង្កើតការងារសម្រាប់ប្រជាជនក្នុងតំបន់។

លោកបានបន្ថែមថារដ្ឋាភិបាលកម្ពុជាជាពិសេសលោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការពិចារណាអំពីគំនិតផ្តួចផ្តើមនេះរួចហើយ។ ជាលទ្ធផលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើឲ្យមានថ្នាលឌីជីថលសម្រាប់ខ្សែច្រវ៉ាក់តម្លៃផលិតកម្មនេះឡើង។

លោក គង់ ម៉ារី បានបន្តឲ្យដឹងថា៖ «បើទោះបីជាវិស័យកសិកម្មមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចក៏ដោយ ក៏វិស័យនេះនៅតែប្រឈមនឹងបញ្ហាជាច្រើនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងាររបស់យើងនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោកំពុងតែព្យាយាមដោះស្រាយបញ្ហានានា ក៏ដូចជាទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដើម្បីលើកកម្ពស់វិស័យកសិកម្ម។»

លោកបានបន្ថែមថា៖ «បច្ចេកវិទ្យានឹងបង្កើនផលិតភាព ខ្សែសង្វាក់តម្លៃផលិតកម្ម ភ្ជាប់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យកសិកម្ម ក៏ដូចជាអាចជួយពួកគេសហការគ្នាដើម្បីផ្តល់ព័ត៌មានអំពីផលិតផលកសិកម្មសម្រាប់ទីផ្សារ។»

លោកបានបន្តឲ្យដឹងទៀតថា៖ «ថ្នាលនេះមិនមែនគ្រាន់តែជាសកម្មភាពដាក់ចេញឲ្យប្រើប្រាស់ប៉ុណ្ណោះទេ។ ថ្នាលនេះអាចអនុញ្ញាតឲ្យយើងរាល់គ្នាធ្វើអន្តរកម្ម ប្រមូលទិន្នន័យ និងភ្ជាប់ទំនាក់ទំនងនៅលើថ្នាលនេះផងដែរ។ យើងស្វាគមន៍រាល់មតិយោបល់របស់អ្នកពាក់ព័ន្ធនានាដើម្បីធ្វើឱ្យគម្រោងនេះដំណើរការទៅយ៉ាងរលូន។»

អ្នកសម្របសម្រួលបច្ចេកវិទ្យាឌីជីថល នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ លោកស្រី ទី មករា រ៉ាវី បានមានប្រសាសន៍ថាសម្រាប់គម្រោង SAAMBAT ទី ២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងផ្តោតលើជំនាញសម្រាប់យុវជននៅតាមជនបទ ខណៈដែលមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោនឹងផ្តោតលើបច្ចេកវិទ្យាឌីជីថល ក៏ដូចជាសហគ្រាសសម្រាប់ខ្សែសង្វាក់តម្លៃជនបទ។

លោកស្រីបានបន្ថែមថាមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ តាមរយៈគម្រោង SAAMBAT នឹងលើកទឹកចិត្តដល់សេដ្ឋកិច្ចជនបទ តាមរយៈបច្ចេកវិទ្យាឌីជីថល ការជម្រុញឲ្យផលិតផលកសិកម្មទៅកាន់ទីផ្សារឲ្យកាន់តែមានភាពប្រសើរឡើងផងដែរតាមរយៈបច្ចេកវិទ្យាឌីជីថល ដៃគូផ្នែកខ្សែសង្វាក់ផលិតកម្មសំខាន់ៗ ការចាប់ផ្តើមដើម្បីដោះស្រាយបញ្ហានានាដែលរួមទាំងការចែកចាយផងដែរ។

លោកស្រី ទី មករា រ៉ាវី បានបន្តឲ្យដឹងថាមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោបានបង្កើតឲ្យមានកម្មវិធី Khmer Agriculture Suite (KAS) ដែលជាថ្នាលឌីជីថលបើកចំហសម្រាប់ខ្សែសង្វាក់តម្លៃកសិកម្មតាមរយៈការទាញយកថាមពលនៃបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងផលិតភាពនិងការចែកចាយ។

លោកស្រីបានបន្ថែមទៀតថាសម្រាប់ថ្នាល KAS អ្នកពាក់ព័ន្ធទាំងអស់គឺស្ថិតនៅលើថ្នាលតែមួយដែលមានដូចជាកសិករ អ្នកផលិត អ្នកលក់រាយ អតិថិជន ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុនិងអ្នកចែកចាយ ខណៈដែលប្រព័ន្ធនឹងប្រមូលទិន្នន័យនានាក៏ដូចជាធ្វើការព្យាករណ៍។

សំរាប់គម្រោង SAAMBAT នេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាទីភ្នាក់ងារនាំមុខដែលមានអង្គភាពគ្រប់គ្រងគម្រោង (PMU) ខណៈដែលអង្គភាពនេះទទួលខុសត្រូវចំពោះការសម្របសម្រួលគម្រោងទូទៅ ផែនការ ការគ្រប់គ្រងហិរញ្ញវត្ថុ លទ្ធកម្ម ការត្រួតពិនិត្យ និងវាយតម្លៃ ហើយវាគឺជាការបំពេញបន្ថែមដល់សមាសធាតុទី ១ នៃហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃ។

ជាមួយគ្នានេះផងដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាទីភ្នាក់ងារអនុវត្តន៍នៃសមាសភទី ២ដែលរួមមានជំនាញ បច្ចេកវិទ្យា និងសហគ្រាសរបស់គម្រោង SAAMBAT តាមរយៈអង្គភាពអនុវត្តគម្រោងដែលត្រូវបានបង្កើតឡើងជាផ្លូវការ។ ផ្នែកទី ២ មានធាតុផ្សំ ៣ ដែលរួមមានជំនាញសម្រាប់យុវជននៅតាមជនបទ បច្ចេកវិទ្យា សហគ្រាសសម្រាប់ខ្សែសង្វាក់តម្លៃជនបទ ការស្រាវជ្រាវគោលនយោបាយ និងការសិក្សាយុទ្ធសាស្ត្រ៕ ប្រែសម្រួល ភុន ច័ន្ទឧសភា

Related Posts

Previous Article

ក្រសួងបានចេញវិធានការណ៍ថ្មីក្នុងការជួយសហគ្រាសធុនតូចនិងមធ្យម

Next Article

ក្រសួងនិងក្រុមហ៊ុនសែលកាតបង្កើតកម្មវិធីទូរសព្ទដៃសម្រាប់ការអប់រំពីចម្ងាយ