cellcard cellcard

ប្រហិត​ខូច​គុណ​ភាព​ជាង​២​តោន ត្រូវ​បាន​គេ​លួច​នាំ​ចូល​កម្ពុជា​

ប៉ិច សុធារី / Khmer Times Share:
អាជ្ញាធរ​​ខេត្តបាត់ដំបងដុត​កម្ទេច​ចោលសាច់​ប្រហិត​ខូចគុណភាព។

​បាត់ដំបង​៖ សាច់​ប្រហិត​ចម្រុះ​ខូច​គុណភាព​ជិត ២៥០០​គីឡូក្រាម ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​នោះ ត្រូវ​បាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​បាត់ដំបង ធ្វើ​ការ​បង្ក្រាប និង​ដុត​កម្ទេច​ចោល ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ដល់​អ្នក​ទទួល​ទាន​។​

​លោក​ឧត្តម​សេនីយ៍​ទោ អ៊ុច សុខន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ស្នងការដ្ឋាន​នគរបាល​ខេត្ត​, សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​បង្ក្រាប​ករណី​នាំចូល​សាច់​ប្រហិត​ចម្រុះ​ខូចគុណភាព​ចំនួន ២៤៥០​គីឡូក្រាម កាលពី​ថ្ងៃអាទិត្យ នៅ​ចំណុច​ឃុំ​អូរ​ដា ស្រុក​កំរៀង​។​

​លោក​បន្តថា​៖ «​សាច់​ប្រហិត​ទាំងនេះ ត្រូវបាន​ក្រុម​ឈ្មួញ​ទុច្ចរិត​នាំចូល​ពី​ប្រទេស​ថៃ បម្រុង​យកមក​លក់​ចែកចាយ​បន្ត​នៅក្នុង​ខេត្តបាត់ដំបង ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាន​ទាន់ពេលវេលា​»​។​

​លោក​បាន​បន្ថែមថា ក្រោយពី​បង្ក្រាបបាន សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​យក​វត្ថុតាង​ទាំងនោះ ទៅ​ដុត​បំផ្លាញចោល​រួចហើយ កាលពី​ថ្ងៃ​ចន្ទ នៅ​ទីលាន​ចាក់សំរាម ក្នុង​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។ លោក​ក៏បាន​អំពាវនាវ​ដល់​អ្នក​ប្រកប​របរ​ខុសច្បាប់​ទាំងនេះ ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ​លួច​នាំចូល​នូវ​ប្រភេទ​ប្រហិត​ចម្រុះ ស្លាបមាន់ ឬ​ជង្គង់​មាន់​ខូចគុណភាព យកមក​លក់​ចែកចាយ​បន្ត​ដល់​ប្រជាពលរដ្ឋ ព្រោះ​វា​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង លោក រឿន ប៊ុន​រ៉េត បាន​មានប្រសាសន៍ថា ការទទួល​ទាន​អាហារ​ដែល​ខូចគុណភាព នឹង​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​សុខភាព​អ្នក​ទទួលទាន ជាពិសេស​ប្រភេទ​អាហារ​ដែល​មិនមាន​ជា​អាហារ​សុខភាព ដូចជា​ប្រហិត​ទាំងនេះ​ជាដើម​។ លោក​ថា​៖ «​សូម្បីតែ​បន្លែ ត្រី សាច់ ដែលជា​ប្រភេទ​អាហារ​សុខភាព (Healthy Food) នៅពេលដែល​រលួយ ឬ​ខូចគុណភាព ហើយ​យើង​យកមក​ទទួលទាន​ក៏​វា​ប៉ះពាល់​សុខភាព​ដែរ ចុះ​ទម្រាំ​អាហារ​ដែល​មិនមែនជា Healthy Food ដូចជា ប្រហិត​ទាំងនេះ​ទៀត ដូច្នេះ​វារឹតតែ​បញ្ហា​ដល់​សុខភាព​ថែមទៀត​»​។​

​លោក​ក៏​បា​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ គួរ​ជៀសវាង​ការទទួល​អាហារ​ទាំងឡាយណា​ដែល​មិន​ផ្តល់​សុវត្ថិភាព​ដល់​សុខភាព និង​គួរស្វែងយល់​ពីរ​បប​អាហារ​ទាំងឡាយណា​ដែល​អាច​ផ្តល់​ផលប្រយោជន៍​ដល់​សុខភាព ដើម្បី​ចៀសវាង​ការចំណាយ​ថវិកា​ច្រើន​ក្នុងការ​ព្យាបាល និង​បង្ក​នូវ​បញ្ហា​ផ្សេងៗ​ដែល​កើតចេញពី​ការទទួល​ទាន​អាហារ​មិនមាន​សុវត្ថិភាព​ទាំងនេះ​។​

​កាលពី​ដើមខែ​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​នៃ​ក្រសួងមហាផ្ទៃ ក៏បាន​ធ្វើការ​ដុតបំផ្លាញ​ចោល​នូវ​ឱសថ​ខុសច្បាប់ អាហារ​បំប៉ន គ្រឿងសំអាង​ក្លែងក្លាយ និង​ផលិតផល​គ្រឿងឧបភោគ បរិភោគ​ខូចគុណភាព​ជាច្រើន​មុន សរុប​ជាង ១៣០​តោន ដែល​បង្ក្រាបបាន​នាពេល​កន្លងមក​ផងដែរ​៕​

Related Posts

Previous Article

ការនាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៦២៧ លាន​ដុល្លារ​ក្នុង​រយៈពេល ៤ ខែ​ដំបូង​នៃ​ឆ្នាំនេះ​

Next Article

នាយក​រដ្ឋ​មន្ដ្រី​ទាមទារ​តម្លាភាព​ក្នុង​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​