cellcard cellcard

នាយក​រដ្ឋ​មន្ដ្រី​ទាមទារ​តម្លាភាព​ក្នុង​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​

ប៉ិច សុធារី / Khmer Times Share:
ប្រជាពលរដ្ឋក្រីក្រ​រស់នៅក្បែរ​ផ្លូវ​រថភ្លើង។ KT/Siv Channa

​ភ្នំពេញ​៖ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ បាន​ព្រមាន​ចាត់​វិធានការ​ដោយ​មិន​លើក​លែង ប្រសិន​បើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង​លើ​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​សារ​ជំងឺ​កូវីដ​១៩ នៅក្នុង​ភូមិ និង​ឃុំ​/​សង្កាត់​ណាមួយ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា កាលពីពេល​ថ្មីៗ​នេះ លោក​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​ជំងឺ​កូ​វីដ​១៩» ដើម្បី​ធានាថា ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​ជួប​បញ្ហាលំបាក​ពិតប្រាកដ បានទទួល​នូវ​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​។​

​លោក​បន្តថា ការងារ​នេះ ត្រូវ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​អាជ្ញាធរ​មូលដ្ឋាន រួមមាន មេភូមិ និង​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ដែល​ត្រូវតែ​ធ្វើការ​ងារ​នេះ​ឲ្យ​បានច្បាស់លាស់ និង​ហ្មត់ចត់​បំផុត​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ «​ដើម្បី​ធានាបាន​នូវ​តម្លាភាព និង​សុ​ច្ចរិតភាព ក្នុង​ការផ្តល់សេវា​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ខ្ញុំ​សូម​ចេញ​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់ ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ពិសេស​ចំពោះ​អ្នកអនុវត្ត​ផ្ទាល់​នៅតាម​ឃុំ​សង្កាត់​ទាំងអស់ គឺ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​បំ​ពេញការ​ងារ​នេះ ឲ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់់ខ្ជួន​បំផុត ហើយ​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការឃុបឃិត​គ្នា ដាក់បញ្ចូល​សាច់​ញា​ត្តិ បងប្អូន កូន ក្មួយ​របស់​ខ្លួនឯង ដែល​មិនមែនជា​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិតប្រាកដ ដើម្បី​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​នេះ​»​។​

​លោក​បាន​សង្កត់ធ្ងន់ថា​៖ «​ខ្ញុំ​នឹង​ចាត់​វិធានការណ៍​ក្តៅ និង​មិនមាន​ការលើកលែង​ឡើយ ប្រសិនបើ​រកឃើញថា នៅក្នុង​ភូមិ និង​ឃុំ​/​សង្កាត់​មួយណា មាន​ករណី​មិន​ប្រក្រតី​នេះ​កើតមានឡើង​»​។​

​លោក សន សុខ មេឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​មានប្រសាសន៍ថា លោក​បានឃើញ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ហើយ ហើយ​និង​បន្ត​ផ្តល់​សេវា​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ប្រកបដោយ​តម្លាភាព និង​សុ​ច្ចរិតភាព​។​

​លោក​ថា​៖ «​ខ្ញុំ​នឹង​អនុវត្តតាម​អនុសាសន៍​ដ៏​ល្អ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ដោយ​ផ្តល់​ថវិកា​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល ឲ្យ​ដល់ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ហើយ​និង​បន្ត​តាមដាន​សកម្មភាព​រប​ស់​អាជ្ញាធរ​ភូមិ ឃុំ ទាំងអស់ លើ​ការងារ​នេះ ដោយ​មិន​ឲ្យ​ការស៊ីសំណូក​ផ្តល់​ប័ណ្ណ​ដល់​ក្រុមគ្រួសារ និង​សាច់ញាតិ​របស់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​»​។​

​លោក​សន សុខ បាន​បន្តទៀតថា បច្ចុប្បន្ន ក្រុមប្រឹក្សាឃុំ ក៏​បាននិងកំពុង​ដាក់​ផែនការ​សម្ភាសន៍​ប្រជាពលរដ្ឋ​ដែល​បានដាក់​ពាក្យ​មកជា​ប្រចាំខែ​ផងដែរ ដោយ​ការសម្ភាសន៍​នោះ​ធ្វើតាម​បច្ចេកវិទ្យា និង​ទម្រង់​ឯកសារ​របស់​ក្រសួងផែនការ ដើម្បី​ស្វែងរក​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​។​

​អ្នកស្រី ជុំ ធួន អាយុ ៨១​ឆ្នាំ រស់នៅ​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បាន​និយាយថា អ្នកស្រី បានទទួល​ប័ណ្ណ​សមធម៌​ក្រីក្រ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ភូមិ និង​សង្កាត់ ក្រោយពី​មន្ត្រី​មូលដ្ឋាន​ទាំងនោះ បាន​ចុះ​សម្ភាសន៍ និង​ពិនិត្យ​ជាក់ស្តែង​ពី​ជីវភាព​រស់នៅ​របស់​អ្នកស្រី​រួច​។ អ្នកស្រី បាន​បន្តថា អ្នកស្រី​ជា​ស្ត្រី​មេម៉ាយ និង​ចាស់ជរា ដែល​អស់​លទ្ធភាព​ក្នុង​ការរកចំណូល និង​ពឹង​ផ្អែកលើ​ប្រាក់ចំណូល​របស់​កូន​បន្តិចបន្តួច ប៉ុន្តែ​ដោយសារ​កូនៗ ជួប​បញ្ហា​ក្នុង​មុខរបរ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩​នោះ អ្នកស្រី​ក៏​មិនបាន​ទទួល​ប្រាក់​ពី​កូនៗ​ដូច​មុន​ដែរ​។​

​អ្នកស្រី​ថា​៖ «​ខ្ញុំ​ត្រេកអ​រណាស់ ដែលមាន​ប័ណ្ណ​សមធម៌​ក្រីក្រ ដើម្បី​បើក​លុយ​ពី​រដ្ឋាភិបាល យកមក​ទិញ​ម្ហូប និង​ថ្នាំ ព្រោះ​រាល់ថ្ងៃនេះ​ចាស់​ហើយ មិនអាច​ធ្វើ​អី​បានទេ ហើយ​ឈឺ​ទៀត នៅតែ​ផ្ទះ​មើល​ចៅៗ ហើយ​កូនៗ​ក៏​ពិបាក​ទៀតរ​កអី​មិនបាន ព្រោះ​អ្នកខ្លះ​ត្រូវគេ​ព្យួរការងារ និង​រកស៊ី​លក់​មិន​ដាច់​»​។​

​លោក ឌិន នី អាយុ ៣៩​ឆ្នាំ ដែល​អះអាងថា​ជា​ពលរដ្ឋ​ក្រីក្រ រស់នៅ​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា លោក​ធ្លាប់មាន​ប័ណ្ណ​សមធម៌​ក្រីក្រ​នេះដែរ ដោយបាន​ធ្វើ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​ប័ណ្ណ​នោះ​ផុតកំណត់​យូរ​ខែ​ហើយ​។ លោក​បន្តថា ដោយសារតែ​បញ្ហា​កូ​វីដ​១៩ បានធ្វើ​ឲ្យ​លោក​បាត់បង់​ការងារ ហើយក៏​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ខេត្តកំពង់ធំ មក​រស់នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​វិញ និង​បាន​ស្នើសុំ​អាជ្ញាធរ​ឃុំ ដើម្បី​ធ្វើ​ប័ណ្ណ​ក្រីក្រ​នេះ ប៉ុន្តែ​អាជ្ញាធរ​នៅ​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​។​

​លោក​ថា​៖ «​ខ្ញុំ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល ដែល​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ និង​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ប្រឹងប្រែង​រក​អ្នក​ដែល​ក្រីក្រ​ពិតប្រាកដ ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ក្រសួង​ពាក់ព័ន្ធ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន នឹង​ជួយ​ដល់​អ្នកក្រីក្រ​ពិតប្រាកដ ដូចជា​រូបខ្ញុំ​ផង​»​។​

​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ដើម្បី​សុ​ច្ចរិតភាព និង​គណនេយ្យភាព​សង្គម លោក ហ៊ីម យន់ បាន​សាទរ​ចំពោះ​ការដាក់ចេញ​នូវ​វិធានការ​ក្តៅ​របស់​រាជរដ្ឋាភិបាល លើ​ករណីនេះ ខណៈ​ប្រជាពលរដ្ឋ​កំពុង​ជួប​គ្រោះ​ទុ​រ​ភិ​គ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ហើយ​ធ្លាក់ខ្លួន​ក្រីក្រ​។​

​លោក​ថា​៖ «​ខ្ញុំ​មានការ​បារម្ភ​ដែរ ពី​តម្លាភាព​នៃ​ការផ្តល់ជូន​សាច់ប្រាក់​[​ពី​សំណាក់​រាជរដ្ឋាភិបាល​]​ជូន​ជនក្រីក្រ ព្រោះ​កន្លងមក ក៏​ធ្លាប់មាន​ពាក្យ​លើកឡើង​ពី​សហគមន៍ ដែល​ពួកគាត់​ជា​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ប៉ុន្តែ​ពុំ​ទទួលបាន​ប័ណ្ណ​សមធម៌​នេះ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា អ្នក​ដែល​ក្រ​ពិតប្រាកដ​នឹង​ទទួលបាន​ផល​ពី​ការផ្តល់ជូន​របស់​រាជ​រដ្ឋាភិបាល​»​។​

​កាលពី​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​អនុវត្ត​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩ ដែលជា​វិធានការ​ជំនួយ​សង្គម​របស់​រាជ​រដ្ឋាភិបាល សំដៅ​ជួយ​សម្រួល​ជីវភាព​ប្រចាំថ្ងៃ​នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ ផ្តោត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ចំពោះ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ជន​មាន​ពិការភាព ជន​ចាស់ជរា​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង និង​អ្នកមាន​ផ្ទុកមេរោគ​អេដស៍​នៅក្នុង​គ្រួសារ​ក្រីក្រ​ទាំងនោះ​ផងដែរ​។

​បើតាម​លោកនាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន គ្រួសារ​ដែលមាន​ប័ណ្ណ​សមធម៌​(​ទាំង​ក្រ​-១ និង​ក្រ​-២) មាន​ប្រមាណ​ជាង ៥៦​ម៉ឺន​គ្រួសារ ដែល​រាជរដ្ឋាភិបាល ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ១០០​ប៊ឺ​លាន​រៀល ឬ​ប្រមាណ ២៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយខែៗ​សម្រាប់​បើក​ផ្តល់ជូន​ពួកគាត់​៕​

Related Posts

Previous Article

ប្រហិត​ខូច​គុណ​ភាព​ជាង​២​តោន ត្រូវ​បាន​គេ​លួច​នាំ​ចូល​កម្ពុជា​

Next Article

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរំពឹងពីការកើនឡើងប្រាក់ចំណូលឆ្នាំ២០២០