cellcard cellcard

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរំពឹងពីការកើនឡើងប្រាក់ចំណូលឆ្នាំ២០២០

ស៊ន សារ៉ាត / Khmer Times Share:
Supplied

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែល​ជាសហគ្រាស​រដ្ឋ ចុះបញ្ជីក្នុង​ផ្សារមូលបត្រកម្ពុជា​បាន​ដាក់ទិសដៅ​ក្នុងការ​រកប្រាក់ចំណូលឲ្យបានកាន់តែច្រើននៅឆ្នាំ ២០២០ បន្ទាប់ពីបាន​ធ្លាក់ចុះយ៉ាងខ្លាំង​កាលពីឆ្នាំមុន។ នេះបើ​តាមលទ្ធផលនៃកិច្ចប្រជុំម្ចាស់ភាគហ៊ុន​ប្រចាំ​។

របាយការណ៍ហិរញ្ញវត្ថុដែលផ្ញើទៅកាន់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា កាលពីឆ្នាំ ២០១៩  ប្រាក់ចំណូលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានធ្លាក់ចុះជាង ១៨ ភាគរយ ពី​ចំនួន ៦៤,៦៥ លានដុល្លារឆ្នាំ​២០១៨ មកនៅ​ ៥២,៧៩ លានដុល្លារក្នុងឆ្នាំ​២០១៩។

របាយការណ៍​បង្ហាញថា ប្រាក់ចំណេញប្រតិបត្តិការ​ធ្លាក់ចុះចំនួន ៤៥,២២ ភាគរយពីជាង ២៣,១៣ លានដុល្លារអាមេរិកមកនៅត្រឹម ១២,៦៧ លានដុល្លារ ខណៈប្រាក់ចំណេញសុទ្ធបានធ្លាក់ចុះ ៥៤,៧៧ ភាគរយពី ១៧,៩៦ លានដុល្លារ មកនៅ​ត្រឹម ៨,១២ លានដុល្លារ។

ទោះយ៉ាងណា ក្រុមហ៊ុនកំពុង​កំណត់ទិសដៅក្នុងការទទួលបានប្រាក់ចំណូលចំនួន ៧៩,៨៣ លានដុល្លារនៅឆ្នាំ ២០២០ ជាមួយនឹងប្រាក់ចំណេញសុទ្ធជាង ២៤,៦០ លានដុល្លារ​។

កាលពីឆ្នាំ ២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផលិតទឹកស្អាតចំនួន ២២១​ ៦៥៦​៥០៥ ម៉ែត្រគូប ដែលន​មានអ្នកប្រើប្រាស់ថ្មីចំនួន ២៣​​ ០៣៥ នាក់។ ក្រុមហ៊ុនបាន​ឲ្យដឹងថា សម្រាប់ឆ្នាំ ២០២០ ខ្លួននឹងបង្កើនសមត្ថភាពក្នុងការផលិតទឹកស្អាតឲ្យ​បាន២២៧​ ០០៩ ​២៩០ ម៉ែត្រគូប និងផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ថ្មី ចំនួន ២០ ០០០ នាក់បន្ថែមទៀត។

យោងតាមលទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំ ក្រុមហ៊ុននឹងចែកផលលាភឆ្នាំ ២០១៩ ចំនួន ៤,៨៩ លានដុល្លារដល់ម្ចាស់ភាគហ៊ុននៅខែកក្កដាខាងនេះ (២៣០ រៀល ឬ​០.០៥៧ ដុល្លារ) ក្នុងមួយភាគហ៊ុន។

ក្រុមហ៊ុនបានឲ្យដឹងថា៖ «យើងសូមធ្វើការថ្លែងអំណរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់យើងទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតសមិទ្ធិផលថ្មីដើម្បីជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន និងអាជីវកម្មនានា។»

ក្រុមហ៊ុនបានគាំទ្រគម្រោងអាទិភាពនៃផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ទីប្រជុំជនឲ្យបាន ១០០ភាគរយ នៅត្រឹមឆ្នាំ ២០២៥ខាងមុខនេះ និងផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រឆ្នាំ ២០៣០ របស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងទីក្រុងភ្នំពេញ។ ការប្រើប្រាស់ទឹកស្អាតមានការកើនឡើងដល់ ៣៣១ លានម៉ែត្រគូបក្នុងឆ្នាំ ២០១៩ ។

យោងតាមតួលេខបច្ចុប្បន្នរបស់ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រជាជនកម្ពុជាចំនួន ៤,៩ លាននាក់ទទួលបានការផ្គត់ផ្គង់ទឹកស្អាត ដែលស្មើនឹង ៨០ ភាគ​រយ។

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ចម ប្រសិទ្ធ បានធ្វើការអំពាវនាវឱ្យវិស័យឯកជនចូលរួម​វិនិយោគលើវិស័យទឹកស្អាតដើម្បីជួយរដ្ឋាភិបាលឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួន។

រដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលដើមខែមិថុនា​ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅដោយចំណាយថវិកាសរុបចំនួន ៣២ លានដុល្លារ។

គម្រោងនេះមានគោលបំណងធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅមានភាពប្រសើរឡើងតាមរយៈការសាងសង់ទីតាំងផ្គត់ផ្គង់ទឹកថ្មីដែលមានសមត្ថភាពក្នុងការផលិតទឹកស្អាតបានចំនួន ៣០០០០​ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈ​គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខ ។

នេះគឺជាគម្រោង​ជំនួយ​លើកទី ១២ ដែលត្រូវបានផ្តល់ដោយជប៉ុនក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត​នៅកម្ពុជា និងជាលើកទី ៦ សម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគិតចាប់តាំងពីឆ្នាំ ១៩៩៣មក៕ ប្រែសម្រួល ភុន ច័ន្ទឧសភា

Related Posts

Previous Article

នាយក​រដ្ឋ​មន្ដ្រី​ទាមទារ​តម្លាភាព​ក្នុង​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​

Next Article

ក្រុមហ៊ុន​ជប៉ុន​ជិត ៩០ ក្រុមហ៊ុន​នៅ​កម្ពុជា​បាន​រង​ការ​ប៉ះពាល់​ដោយ​សារ​វីរុស​កូវីដ​១៩