cellcard cellcard

កម្មករ ៥០ នាក់​ធ្វើ​ការ​តវ៉ា​មុខ​ក្រសួង​ការងារ​រឿង​បាត់​ប្រាក់​ខែ​

សែន ដាវីត / Khmer Times Share:

​កាលពី​ម្សិលមិញ កម្មករ​ជាង ៥០ នាក់​នៃ​ក្រុមហ៊ុន​ញូ​វ New Best Global Textile Co Ltd នៅ​ខេត្តកំពង់ស្ពឺ​បានធ្វើ​បាតុកម្ម​នៅមុខ​ក្រសួង​ការងារ​ជុំវិញ​រឿង​ប្រាក់​ឈ្នួល និង​សំណង​ដែល​បាន​ក្រុមហ៊ុន​ជំពាក់​ខ្លួន​បន្ទាប់ពី​ថៅកែ​ពួកគេ​បាន​រត់គេចខ្លួន​អស់​រយៈពេល ៣ ខែ​មកហើយ​។​

​អ្នកស្រី ង៉ែត ណាក់ ជា​កម្មករ​រោងចក្រ​កាត់ដេរ​បាន​និយាយថា រោងចក្រ​នៅ​ស្រុក​សំរោង​ទង​មាន​កម្មករ ៧៦៣ នាក់​ហើយ​ថៅកែ​បាន​រត់គេចខ្លួន​កាលពី​ខែមីនា​ដោយ​មិនបាន​អោយប្រាក់​សំណង​ដល់​កម្មករ​នោះទេ​។​

​អ្នកស្រី​បន្តថា កាលពី​ខែកុម្ភៈ រោងចក្រ​បានប្រកាសថា​នឹង​ផ្អាក​ប្រតិបត្តិការ​រយៈពេល​មួយខែ ប៉ុន្តែ​នៅពេលដែល​កម្មករ​ត្រឡប់មក​ធ្វើការ​វិញ​នៅ​ខែមីនា​ថៅកែ​បាន​រត់​គេចខ្លួនបាត់​ហើយ​។​

​អ្នកស្រី ណាក់ បាន​និយាយថា កម្មករ​បាន​ស្វែងរក​ជំនួយ​ពី​មន្ទីរ​ការងារ​ខេត្ត ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិនទាន់បាន​ដោះស្រាយ​អ្វី​នៅឡើយ​ទេ​។​

​អ្នកស្រី​បាន​និយាយថា​៖ «​យើង​រង់ចាំ​ដំណោះស្រាយ​នៅ​ថ្នាក់​ខេត្ត​រយៈពេល ៣ ខែ​ហើយ​មិនបាន​អ្វី​ទាំងអស់​។ នោះ​ហើយ​ជា​មូល​ហេតុដែល​យើង​បានធ្វើ​ដំណើរ​ពី​កំពង់ស្ពឺ​មក​ភ្នំពេញ​ដើម្បី​ស្វែងរក​ជំនួយ​ពី​ក្រសួង ពីព្រោះ​យើង​ពិបាក​រកប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ណាស់​»​។​

​អ្នកស្រី ណាក់ បាន​និយាយថា កម្មករ​កំពុង​ស្វែងរក​ប្រាក់​ឈ្នួល​រយៈពេល ៨ ថ្ងៃ​ដែល​ពួកគេ​បានធ្វើ​ការប្រាក់​កំឡុងពេល​ព្យួរការងារ និង​ប្រាក់​សំណង​ផ្សេងៗ​ទៀត​ដោយសារតែ​ក្រុមហ៊ុន​បាន​បិទទ្វារ​។​

​អ្នកស្រី​បាន​និយាយថា​៖ «​យើង​កំពុង​ព្យាយាម​រក​ការងារ​ផ្សេងទៀត​ធ្វើ ប៉ុន្តែ​នៅពេលនេះ​រោងចក្រ​មួយចំនួន​ត្រូវបាន​ផ្អាក ឬ​បិទទ្វារ​។ ដូច្នេះ​យើង​សង្ឃឹមថា យើង​នឹង​ទទួលបាន​ប្រាក់​ឈ្នួល និង​សំណង​ចុងក្រោយ​របស់​យើង​ដើម្បី​សងបំណុល​ដើម្បី​បង់ថ្លៃ​ជួល​ផ្ទះ និង​ការចំណាយ​ផ្សេងៗ​សម្រាប់​ការរស់នៅ​» ។​

​កម្មការិនី​ម្នាក់ទៀត​ឈ្មោះ ព្រំ តុលា បាន​និយាយថា ពួកគេ​បាន​រង់ចាំ​ជា​យូរ​មកហើយ​សម្រាប់​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​។​

​អ្នកស្រី​បន្តថា ប្រសិនបើ​បញ្ហា​របស់​ពួកយើង​មិនត្រូវ​បាន​ដោះស្រាយ ពួកយើង​នឹង​ត្រឡប់មក​ភ្នំពេញ​ម្តងទៀត​ដើម្បី​ធ្វើការ​តវ៉ា​ជាមួយ​កម្មករ​ជាច្រើន​ទៀត​។​

​អ្នកស្រី តុលា បាន​និយាយថា​៖ «​មន្ត្រី​ក្រសួង​បាន​ទទួលយក​ការតវ៉ា​របស់​យើង ហើយ​ប្រាប់​យើង​ឲ្យ​រង់ចាំ​ដំណោះស្រាយ​។ ក្រសួង​បាន​និយាយថា​ខ្លួន​កំពុង​ចាត់ទុក​ករណីនេះ​ជា​រឿង​បន្ទាន់​» ។​

​កម្មករ​ម្នាក់ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ពួកគេ​មានការ​លំបាក​ក្នុងការ​រកប្រាក់​ចិញ្ចឹមជីវិត​ជាពិសេស​ក្នុងពេល​មាន​ជំងឺ​រាតត្បាត​នេះ​។ អ្នកស្រី​បន្តថា​៖ «​យើង​គ្មាន​ប្រាក់ចំណូល​ទេ ប៉ុន្តែ​យើង​ត្រូវ​ចំណាយ​ដូចគ្នា​លើ​អ្វីៗ ដូច​មុន​មាន​រោគរាតត្បាត​កូ​វីដ​១៩​នេះ ដូចជា​បំណុល ការបង់ថ្លៃ​ទឹក​ភ្លើង និង​ថ្លៃ​ជួល​បន្ទប់​ជាដើម​។ យើង​សង្ឃឹមថា​ក្រសួង​នឹង​រក​ដំណោះស្រាយ​ឲ្យ​ពួកយើង​ដើម្បី​ទទួលបាន​សំណង​របស់​យើង​ឆាប់ៗ​នេះ​» ។​

​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​លោក ចក់ បូ​រិ​ន បាន​និយាយ​កាលពី​ម្សិលមិញ​ថា ម្ចាស់​អគារ​ដែល​ជួល​អគារ​ឲ្យ​ក្រុមហ៊ុន​បានស្នើ​ដាក់លក់​សំភារៈ​រោងចក្រ​ដែល​នៅ​សេសសល់​ហើយ​ប្រើ​ប្រាក់​នោះ​ដើម្បី​បើកប្រាក់​អោយ​កម្មករ​។​

​លោក​បាន​និយាយថា ទោះយ៉ាងណា​កម្មករ​បាន​និយាយថា​ចំនួន​ទឹកប្រាក់​ដែល​បាន​ពី​ការលក់​សម្ភារ​នឹងមិន​គ្រប់គ្រាន់​ដើម្បី​បង់ប្រាក់​ទាំងអស់ ហើយ​ពួកគេ​ទាមទារ​សំណង​ពេញលេញ​ពី​និយោជក​។​

​លោកបូ​រិ​ន​បាន​និយាយថា​៖ «​កម្មករ​កំពុង​ទាមទារ​ប្រាក់​ឈ្នួល​ពេញ ហើយ​នេះ​ជា​មូល​ហេតុដែល​បញ្ហា​នៅតែ​បន្ត​កើតមាន​រហូតមកដល់​ពេលនេះ ទោះបី​ម្ចាស់​អគារ​បាន​យល់ព្រម​បើកប្រាក់​ខែ​អោយ​ពួកគេ​ក៏ដោយ​»៕

​ប្រែ​សម្រួល​ដោយ សុខ ស្រី​លុច​

Related Posts

Previous Article

ការ​ធ្វើ​ដំណើរ​រវាង​កម្ពុជា ​និង​ម៉ាឡេស៊ី​នឹង​វិល​ត្រលប់​មក​វិញ​ក្រោយ​ពី​វិបត្តិ​កូវីដ​១៩​ចប់

Next Article

អ្នក​ក្រុង​ភ្នំពេញ​មួយ​ចំនួន​ថា មាន​ការ​រើស​អើង​នៅ​ក្នុង​ការ​ធ្វើ​ប័ណ្ណ​ក្រីក្រ​