cellcard cellcard

អ្នក​ក្រុង​ភ្នំពេញ​មួយ​ចំនួន​ថា មាន​ការ​រើស​អើង​នៅ​ក្នុង​ការ​ធ្វើ​ប័ណ្ណ​ក្រីក្រ​

ខាន់ ច័ន្ទវីរៈ / Khmer Times Share:

​ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ​មួយចំនួន​បាន​អះអាងថា ពួកគាត់​កំពុង​រស់នៅក្នុង​ភាពក្រីក្រ​ខ្លាំង ប៉ុន្តែ​ពួកគាត់​មិនអាច​ទទួលបាន​ប័ណ្ណ​ក្រីក្រ​សម្រាប់​សម្រាប់​ជំនួយ​អាហារ និង​វេជ្ជសាស្ត្រ​ឡើយ​ដោយសារតែ​ការរើសអើង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​។​

​អ្នកស្រី សាត ផា ដែល​អះអាងថា ខ្លួន​តំណាងឱ្យ​ស្ត្រី​ក្រីក្រ​នៅក្នុង​សហគមន៍​បឹងកក់​ក្នុង​ខណ្ឌឫស្សីកែវ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អ្នកស្រី​បាន​ឮថា​រដ្ឋាភិបាល​បាន​ចែក​ប័ណ្ណ​នេះ​ដល់​ប្រជាជន​ក្រីក្រ​ប៉ុន្តែ​អ្នកស្រី​មិនដែល​ទទួលបាន​ព័ត៌មាន​ណាមួយ​ពី​អាជ្ញាធរ​មូលដ្ឋាន​សម្រាប់​សមាជិក​ក្រុម​របស់​អ្នកស្រី​ក្នុងការ​ចុះឈ្មោះ​ទទួលបាន​ប័ណ្ណ​នេះ​ទេ​។​

​អ្នកស្រី​បាន​និយាយថា​៖ «​ពួកគេ [​អាជ្ញាធរ​មូលដ្ឋាន​] ដឹងថា​គ្រួសារ​ណា​ជា​គ្រួសារ​ក្រីក្រ ដូច្នេះ​ពួកគេ​គួរតែ​មករក​យើង​ដើម្បី​ផ្តល់​ប័ណ្ណ ឬ​ជំនួយ ប៉ុន្តែ​ខ្ញុំ​មិន​បានដឹង​ព័ត៌មាន​ណាមួយ​អំពី​រឿងនេះ​ទេ​» ។​

​លោក សឿន ច័ន្ទ​មុនី សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ឫស្សីកែវ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ​អាជ្ញាធរ​បានចេញ​ប័ណ្ណ​ដល់​គ្រួសារ​ក្រីក្រ​ចំនួន ៤៧ គ្រួសារ ប៉ុន្តែ​លោក​មិនបាន​ដឹងថា​តើ​មេភូមិ​បាន​បន្ថែម​ឈ្មោះ​ស្ត្រី​សហគមន៍​បឹងកក់​ទាំងនោះ​ទៅក្នុង​បញ្ជី​គ្រួសារ​ក្រីក្រ​ទ​ឬក៏​យ៉ាងណាទេ ។​

​លោក​បាន​និយាយថា​៖ «​ដោយសារ​យើង​មិនទាន់បាន​សម្ភាស​ពួកគាត់​នៅឡើយ​ទេ ខ្ញុំ​នឹង​ស្នើ​សុំឱ្យ​អាជ្ញាធរ​ស្វែងរក​ឈ្មោះ​របស់​ពួកគេ​នៅក្នុង​បញ្ជី​គ្រួសារ​ក្រីក្រ​។ ប្រសិនបើ​គ្រួសារ​របស់​ពួកគេ​ពិតជា​ក្រ​មែន​នោះអាជ្ញាធរ​នឹង​ផ្តល់​ប័ណ្ណ​នោះ​ដល់​ពួកគេ​» ។​

​អ្នកស្រី នី សន្តោស តំណាង​សហគមន៍​ភូមិ ២៣ ដែល​រស់នៅ​ក្បែរ​ផ្លូវដែក​ក្នុង​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អ្នកស្រី​បានស្នើ​សុំ​អាជ្ញាធរ​ភូមិ និង​ឃុំ​ឲ្យ​ចេញ​ប័ណ្ណ​ក្រីក្រ​នេះ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​មិន​ធ្វើ​ប័ណ្ណ​នេះ​អោយ​ទេ ព្រោះ​គ្រួសារ​របស់​អ្នកនាង​អាច​រកចំណូលបាន​ច្រើនជាង ១.២៥ ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​ហើយ​ប្តី​របស់​នាង​ជា​មន្ត្រីរាជការ​។​

​អ្នកស្រី​បាន​និយាយថា​៖ «​កំឡុងពេល​ការ​សួរ​ព័ត៌មាន​របស់ខ្ញុំ នៅពេល​ខ្ញុំ​ដាក់​ពាក្យសុំ​ប័ណ្ណ​នេះ មេភូមិ​បាន​និយាយថា​ប្រាក់ចំណូល​របស់ខ្ញុំ​លើសពី ៥ ០០០ រៀល​ក្នុង ១ ថ្ងៃ​។  ខ្ញុំ​មាន​បញ្ហា​សុខភាព ហើយ​ខ្ញុំ​មិនអាច​ចំណាយ​ថវិកា​សម្រាប់​ការព្យាបាល​បានទេ​។ ខ្ញុំ​ចង់បាន​ប័ណ្ណ​ក្រីក្រ ដូច្នេះ​ខ្ញុំ​អាច​ទទួលបាន​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​រាល់​ពេលដែល​ខ្ញុំ​ទៅ​មន្ទីរពេទ្យ​»​។​

​លោក ឈួ​រ សុ​បញ្ញា អគ្គនាយក​ក្រសួង​សង្គមកិច្ច​បានឱ្យដឹង​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​នៅតែ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​បន្ថែមទៀត​។​

​លោក​បន្តថា បន្ទាប់ពី​ក្រុមគ្រួសារ​ដាក់ពាក្យ​សុំ​ការឧបត្ថម្ភ​នៅ​សាលាឃុំ​-​សង្កាត់ អាជ្ញាធរ​នឹង​ណាត់​ថ្ងៃ​ដើម្បី​ចុះទៅ​កាន់​គេហដ្ឋាន​របស់​ពួកគេ​ដើម្បី​ធ្វើការ​សម្ភាសន៍ និង​បង្កើត​ប័ណ្ណ​នេះ​ឲ្យ​ពួកគាត់​។​

​លោក សុ​បញ្ញា បាន​និយាយថា មិនមែន​អ្នក​ដាក់​ស្នើសុំ​ប័ណ្ណ​នេះ​ទាំងអស់​នឹង​ទទួលបាន​ជំនួយ​នោះទេ​ហើយ​វា​អាស្រ័យ​លើ​កាលៈទេសៈ​របស់​ក្រុមគ្រួសារ​ដែរ​។ លោក​បាន​និយាយថា​៖ «​អ្នក​ដែល​មិន​ទទួលបាន​ប័ណ្ណ​នេះ​តែងតែ​និយាយថា​អាជ្ញាធរ​បាន​រើសអើង​ពួកគេ​។ យើង​ត្រូវ​ប្រយ័ត្ន​ពេល​ចែក​ប័ណ្ណ​នេះ ព្រោះ​អាចមាន​អ្នក​ដែល​បោក​លុយ​ដើម្បី​រកប្រាក់ រីឯ​អ្នក​ដែល​សម​នឹង​ទទួលបាន​ជំនួយ​នឹងមិន​បាន​» ។​

​លោក យ៉ុង គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​និយាយ​កាលពី​ម្សិលមិញ​ថា នេះ​ជាការ​ឆ្លើយតប​ល្អ និង​ទាន់ពេលវេលា​របស់​រដ្ឋា​ភិ​បាល​ដើម្បី​ដោះស្រាយ​តម្រូវការ​របស់​ប្រជាជន​។​

​លោក​បាន​និយាយថា​៖ «​រដ្ឋាភិបាល​ត្រូវតែ​ធ្វើការ​ដោយ​គ្មាន​ការរើសអើង​ផ្នែក​នយោបាយ​។ អាជ្ញាធរ​មិនគួរ​មាន​បក្ខពួកនិយម និង​ទទួលបាន​ការជឿទុកចិត្ត​ពី​ប្រជាជន​តាមរយៈ​ការធ្វើការ​ជាមួយ​ដៃគូ​ឯករាជ្យ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនក្រីក្រ​រួមគ្នា​» ។​

​រដ្ឋាភិបាល​បានកំណត់​ថវិកា​ចំនួន ២៥ លាន​ដុល្លារ​ក្នុង​មួយខែ​ដើម្បី​ជួយ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាង ៥៦០ ០០០ គ្រួសារ​ដែល​រង​ផលប៉ះពាល់​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​៕

​ប្រែ​សម្រួល​ដោយ សុខ ស្រី​លុច​

Related Posts

Previous Article

កម្មករ ៥០ នាក់​ធ្វើ​ការ​តវ៉ា​មុខ​ក្រសួង​ការងារ​រឿង​បាត់​ប្រាក់​ខែ​

Next Article

បុរសម្នាក់​​ស្លាប់ដោយកែច្នៃយុទ្ធភណ្ឌ និងម្នាក់​ទៀតដោយ​មីនតោន