cellcard cellcard

លោកនាយករដ្ឋមន្ដ្រីស្នើអោយ អាស៊ានរួមដៃគ្នាប្រយុទ្ធនឹងជំងឺកូវីធ១៩

បែន សុខហ៊ាន / Khmer Times Share:
KT/Khem Sovannara

កំឡុងពេលមានការរីករាលដាលនៃរោគរាតត្បាតទូទាំងពិភពលោកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានអំពាវនាវឱ្យមាន «ការឆ្លើយតបរួមគ្នា និងសាមគ្គីភាព» ដោយផ្អែកលើពហុភាគីនិយមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

លោក ហ៊ុន សែន បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ កាលពីថ្ងៃសុក្ររួមជាមួយថ្នាក់ដឹកនាំក្នុងតំបន់ចំនួន ៩ នាក់ផ្សេងទៀតតាមរយៈសន្និសីទវីដេអូក្រោមប្រធានបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលដឹកនាំដោយប្រទេសវៀតណាម។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គលោកបាននិយាយថា នេះជាលើកទីមួយចាប់តាំងពីការបង្កើតអាស៊ាន ៥៣ ឆ្នាំកន្លង ដែល​មានការដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំតាមរយៈសន្និសីទវីដេអូដោយសារតែរោគរាតត្បាត។

លោកមានប្រសាសន៍​ថា វីរុសនេះបាននាំមកនូវបញ្ហាប្រឈមមួយចំនួនរួមមានសុវត្ថិភាពសុខភាពសាធារណៈ ការបង្អាក់ការប្រមូលផ្តុំ និងដំណើរការនៃច្រវាក់ផ្គត់ផ្គង់សកល ក៏ដូចជាផលប៉ះពាល់សង្គមធ្ងន់​ធ្ងរចំពេលដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។

លោក ហ៊ុន សែន បាននិយាយថា៖ «នៅក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសាកល​លើមូ​លដ្ឋានពហុភាគីនិយម ជាពិសេសនៅក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ ពិតជាមាន​ភាពចាំបា​ច់មិនអាចខ្វះបាន» ។ លោកបានបន្ថែមថា៖ «ជាការពិតណាស់ កាលៈទេសៈនេះ មិនមែនជាពេលសម្រាប់យើងចោទប្រកាន់គ្នា រើសអើង ឬបែងចែកសម្ព័ន្ធមិត្តគ្នា ដោយផ្អែកលើរបៀបវារៈនយោបាយ​ណាមួយឡើយ»។

លោកបានបន្ថែមថា ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះអាណត្តិធម្មនុញ្ញរបស់អង្គការសុខភាព​ពិភពលោកដែលកំពុងដើរតួស្នូលក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជាស្ល នឹងជំងឺរាតត្បាតនេះ។

លោក ហ៊ុន សែន បានមានប្រសាសន៍​ថា៖ «នៅកម្រិតតំបន់ យើងទាំងអស់គ្នាមានមោទនភាពដែល​អាស៊ានទ​ទួលបានជោគជ័យប្រៀបធៀបនឹងតំបន់ផ្សេងទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នេះ»។

គិត​ត្រឹមម្សិលមិញនេះ អាស៊ានមានករណីឆ្លងវីរុសចំនួន ១៤៣ ០០០ ករណីដែលមានអ្នកជាសះស្បើយ​ចំ​នួន ៨ ម៉ឺននាក់។ ប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី និងហ្វីលីពីនមានករណីអ្នកឆ្លងច្រើនជាគេក្នុងតំបន់អាស៊ាននេះ។

កាល​ពីខែមេសា មេដឹកនាំតំបន់ក៏បានរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីកូវីដ១៩ តាមរយៈសន្និសីទវីដេអូ និងបានព្រមព្រៀងលើវិធានការណ៍ជាក់ស្តែងមួយចំនួនដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច។

លោក ហ៊ុន សែន បានថ្លែងថា៖ «ជាទិសដៅទៅមុខ អាស៊ាន​ពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ត្រក្នុងការត្រៀមខ្លួនឲ្យបានល្អសម្រាប់ក្រោយអំឡុងពេលវិបត្តិកូវីដ១៩ ។ ដើម្បីសម្រេចបានគោលដៅនេះ អាស៊ានគួរតែបង្កើតផែនការស្តារឡើងវិញមួយ ប្រកបដោយភាពជាក់លាស់ និងប្រុងប្រយ័ត្ន
តាម​រយៈការដាក់ចេញនូវសេណារីយ៉ូមួយចំនួន សម្រាប់បើកឲ្យដំណើរការចាបណ្តើរៗក្នុងការធ្វើដំណើរឆ្លងកាត់​ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងការស្តារឡើងវិញនូវវិស័យ​ដែលរងផលប៉ះពាល់ធ្ងន់ពីវិបត្តិនេះ។

នៅក្នុងការបើក​សុន្ទរកថា​របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាននិយាយថា នៅក្នុងបរិបទនៃកូវីដ១៩ ប្រទេសអាស៊ានចាំបាច់ត្រូវប្រកាន់ខ្ជាប់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងស្មារតីទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ លោកបាន​និយាយថា៖​ «តួនាទី និងបេសកកម្មរបស់ប្រទេសធំ ៗ និងអង្គការពហុភាគី និងអង្គការក្នុងតំបន់មានភាពលេចធ្លោជាងពេលណាៗទាំងអស់»។

សេចក្តីថ្លែងការណ៍​របស់ប្រធានអាស៊ានដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំបានបញ្ជាក់ថា អាស៊ានបានទទួលស្គាល់បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនដែលបណ្តាលមកពីជំងឺរាតត្បាតនៅក្នុងតំបន់និងពិភពលោក។  របាយការណ៍នោះបង្ហាញថា៖ “យើងបានកត់សម្គាល់ដោយក្តីបារម្ភយ៉ាងខ្លាំងអំពីការចំណាយរបស់ប្រជាជន និងផលប៉ះពាល់សេដ្ឋកិច្ចសង្គមនៃកូវីដ១៩ ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការអនុវត្តគោលនយោបាយដែលបានកំណត់ដើម្បីធានាដល់ប្រជាជនរបស់យើងថាអាស៊ានគឺជាអ្នកឈានមុខគេក្នុងការប្រយុទ្ធនឹងវិបត្តិនាពេលអនាគត» ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អាស៊ានបានរំឮកពីការទទួលបានជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីកូវីដ១៩ តាមរយៈសន្និសីទវីដេអូកាលពីខែមេសា។

ក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «យើងទន្ទឹងរង់ចាំជំរុញកិច្ចសហប្រតិបត្តិការឆ្លងការសន្និដ្ឋាន និងអន្តរវិស័យនៅក្នុងអាស៊ានក៏ដូចជាការប្តេជ្ញាជាថ្មីក្នុងការសហការជាមួយភាគីពាក់ព័ន្ធដើម្បីធានាបាននូវការឆ្លើយតបជារួមក្នុង FINAL 4 និងសម្របសម្រួលក្នុងការទប់ស្កាត់ការរីករាលដាលបន្ថែមនៃកូវីដ១៩ និង កាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនេះ» ។

លើសពីនេះទៀតនៅក្នុងកិច្ចប្រជុំលោក ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីម្តងទៀតនូវការគាំទ្រពេញទំហឹងរបស់កម្ពុជាចំពោះប្រទេសទីម័រឡេស្តដើម្បីក្លាយជាសមាជិកពេញលេញរបស់អាស៊ានដោយនិយាយថា សមាជិកភាពរបស់ទីម័រឡេស្តនឹងសម្រេចក្តីសុបិន្តរបស់បិតាស្ថាបនិកនៃអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រអាស៊ានផងដែរ។

ទាក់ទងនឹងការវិវឌ្ឍន៍ថ្មីៗនៅសមុទ្រចិនខាងត្បូងលោក ហ៊ុន សែន បានជំរុញឱ្យភាគីពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់ និងដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

មុនកិច្ចប្រជុំកំពូល តាមរយៈរដ្ឋមន្រ្តីក្រសួងការបរទេសលោក ប្រាក់ សុខុន កម្ពុជាបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះជម្លោះសមុទ្រចិនខាងត្បូងដោយនិយាយថា ក្នុងនាមជារដ្ឋដែលមិនទាមទារ ព្រះរាជាណាចក្រកម្ពុជានឹងស្ថិតនៅអព្យាក្រឹតទាក់ទងនឹងជម្លោះទឹកដីនេះ៕​

ប្រែសម្រួលដោយ សុខ ស្រីលុច

 

Related Posts

Previous Article

បុរសម្នាក់​​ស្លាប់ដោយកែច្នៃយុទ្ធភណ្ឌ និងម្នាក់​ទៀតដោយ​មីនតោន

Next Article

រដ្ឋមន្រ្តីជំរុញបង្កើនការយកចិត្តទុកដាក់លើការថែទាំសុខភាពមាតានិងទារក