ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយរបស់ប្រទេសកម្ពុជា Smart Axiata បានប្រកាសផ្តល់ជំនួយមូលនិធិទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក ដើម្បីទប់ស្កាត់វីរុសកូវីដ១៩។
គំនិតផ្តួចផ្តើមនៃការផ្តល់ជំនួយមូលនិធិនេះនឹងរួមបញ្ចូលទាំងកម្មវិធីសិក្សាជាក់ស្តែងនៅតាមសហគមន៍ដាច់ស្រយាលដោយអង្គការ Save the Children កម្មវិធីអប់រំអនាម័យផ្ទាល់ខ្លួនដោយមូលនិធិ East Meets West Foundation និងការបណ្តុះបណ្តាលវិជ្ជាជីវៈតាមអនឡាញដោយ Bayon Education and Development។
លើសពីនេះទៅទៀត មូលនិធិនេះក៏ផ្ដល់ជាជំនួយហិរញ្ញវត្ថុសម្រាប់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia) និង Impact Hub ភ្នំពេញផងដែរ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន Smart Axiata បានប្រកាសក្នុងការផ្ដល់មូលនិធិនេះ ក្នុងការចូលរួមចំណែកជួយទៅដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយ ការរាតត្បាតនៃវីរុសកូវីដ១៩។
មូលនិធិដែលផ្ដល់ដោយក្រុមហ៊ុនស្មាតនេះត្រូវបានរំពឹងថានឹងផ្តល់ជំនួយជាថវិកាសម្រាប់ដំណោះស្រាយផលប៉ះពាល់ដើម្បីដោះស្រាយតម្រូវការបន្ទាន់នានារបស់ប្រទេសកម្ពុជាក្នុងកំឡុងពេលនិងក្រោយវិបត្តិនៃវីរុសកូវីដ១៩នេះ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ស្ថាប័នដែលនឹងទទួលបានជំនួយហិរញ្ញវត្ថុពីមូលនិធិនេះ ត្រូវបានជ្រើសរើស បន្ទាប់ពីការអំពាវនាវ ស្វែងរកជំនួយសម្រាប់ជួយ ដល់សហគមន៍តាមជនបទ ក្នុងការប្រើប្រាស់កម្មវិធី អប់រំតាមប្រព័ន្ធអនឡាញ ដែលផ្ដួចផ្ដើមឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជំនួយគាំទ្រ សម្រាប់សហគមន៍អាជីវកម្ម ទើបបង្កើតថ្មី សហគ្រាសធុនតូច និងមធ្យម (MSMEs) ដែលទទួលរងផលប៉ះពាល់ ពីវិបត្តិនេះផងដែរ»៕ ប្រែសម្រួល សុខ ស្រីលុច