cellcard cellcard

អាមេរិក​ផ្ដល់​ថវិកា​ចំនួន ៥៦ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ព្រះរាជា​ណាចក្រ​កម្ពុជា​

ស៊ន សារ៉ាត់ / Khmer Times Share:

​រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់​ថវិកា​សរុប​ចំនួន ៥៦ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ក្នុងនោះ ១៨ លាន​ដុល្លារ​ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​។​

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​រដ្ឋាភិបាល​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​វិសោធនកម្ម​ស្តីពី​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​កាល​ពីស​ប្តា​ហ៍​មុន ដើម្បី​ផ្តល់​ថវិកា​ប្រមាណ ១៨ លាន​ដុល្លារ​អាមេរិក​សម្រាប់​វិស័យ​កសិកម្ម និង​បរិស្ថាន​ដែល​អនុវត្ត​ដោយ​អង្គការ​នៅ​កម្ពុជា​និង ៣៨ លាន​ដុល្លារ​សម្រាប់​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​។​

​លោក ជិន ប៊ុន ស៊ាន អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​លើ​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ទាំងពីរ​។ លោក​បាន​និយាយថា​៖ «​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែល​កំពុង​បន្ត​នេះ​គឺជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ​ក្នុងការ​ជំរុញ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ​» ។​

​ក្នុង​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទីភ្នាក់ងារ USAID នឹង​ផ្តល់​ថវិកា​ដល់​កម្មវិធី​នានា​ដែល​កាត់បន្ថយ​ចំនួន​ប្រជាជន​ដែល​រស់នៅក្នុង​ភាពក្រីក្រ បង្កើន​ផលិតកម្ម​ដំណាំ​សំខាន់ៗ​និង​លើកកម្ពស់​អាហារូបត្ថម្ភ​ក្នុងចំណោម​សហគមន៍​ជនបទ​។​

​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​និយាយ​ក្នុងពេល​ចុះហត្ថលេខា​ថា រដ្ឋាភិបាល​អាមេរិក​ប្តេជ្ញា​បន្ត​គាំទ្រ​របស់ខ្លួន​ចំពោះ​ប្រជាជន​កម្ពុជា​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព និង​សមធម៌​។​

​តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល​កម្មវិធី​នានា​មាន​គោលបំណង​កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក និង​មរណភាព​ចំពោះ​កុមារ​ដែលមាន​អាយុ​ក្រោម ៥ ឆ្នាំ​។ ថវិកា​នេះ​ក៏​នឹង​គាំទ្រ​ដល់​កម្មវិធី​នានា​ដើម្បី​កាត់បន្ថយ​ជំងឺ​ក្រិន និង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​របស់​កុមារ និង​ស្ត្រី និង​កាត់បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​ជំងឺអេដស៍ របេង និង​គ្រុនចាញ់​នៅ​កម្ពុជា​។​

​ក្នុង​វិស័យ​អប់រំ ក្រសួង​អប់រំ យុវជន និង​កីឡា និង​កម្មវិធី USAID នឹង​បន្ត​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​ការអាន​របស់​កុមារ កាត់បន្ថយ​អត្រា​បោះបង់ចោល​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ និង​បំពាក់​បំប៉នបន្ថែម​ដល់​ប្រជាជន​កម្ពុជា​ក្នុងការ​ឈានចូល​ទី​ក្នុង​ទីផ្សារពលកម្ម​។​

​មូលនិធិ​នេះ​ក៏​នឹង​គាំទ្រ​ដល់​កម្មវិធី​បរិស្ថាន​ដែល​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​ប្រជាជន និង​ទេសភាព​ទៅនឹង​ផលប៉ះពាល់​នៃ​អាកាសធាតុ​ដែល​កំពុងមាន​ការផ្លាស់​ប្តូរ និង​ជួយ​ប្រទេស​កម្ពុជា​បំពេញ​តាម​ក្របខណ្ឌ​អន្តរជាតិ​របស់ខ្លួន​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ជាពិសេស​ពី​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​រិច​រិល​ព្រៃឈើ​ដោយ​សហការ​ជាមួយ​ក្រសួងបរិស្ថាន​។​

​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់ថា ការចុះហត្ថលេខា​លើ​ការធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​នេះ​នាំឱ្យមាន​កាតព្វកិច្ច​សរុប​នៃ​ជំនួយ​អភិវឌ្ឍន៍​របស់​សហរ​ដ្ឋ​អាមេរិក​នៅក្នុង​វិស័យ​ទាំងនេះ​ដល់​ជាង ២៥៣ លាន​ដុល្លារ​អាមេរិក​ចាប់តាំងពី​ខែមីនា​ឆ្នាំ ២០១៦ ។ ចាប់តាំងពី​ឆ្នាំ ១៩៩៤ មក​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​បានផ្តល់​ជំនួយ​ជាង ១ ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​ប្រជាជន​កម្ពុជា​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​ជាស​កល រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានផ្តល់​ថវិកា​ចំនួន ១១ លាន​ដុល្លារ​អាមេរិក​ដើម្បី​គាំទ្រ​ដល់​ការឆ្លើយតប​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​១៩ ចាប់តាំងពី​ខែមីនា​ឆ្នាំ ២០២០ ។​

​សេចក្តីថ្លែងការណ៍​នោះបាន​សរសេរថា​៖ «​ថវិកា​ទាំងនេះ​នឹងត្រូវ​ប្រើ​សម្រាប់​សម្រាល​ទាំង​ការឆ្លើយតប​ផ្នែក​វេជ្ជសាស្ត្រ​ភ្លាមៗ​ចំពោះ​កូ​វីដ​១៩ ក្នុង​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា និង​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ជំងឺឆ្លង ដោយ​ផ្តោតលើ​ការស្តារ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន និង​សមធម៌​»៕

​ប្រែ​សម្រួល សុខ ស្រី​លុច​

Related Posts

Previous Article

ជីប ម៉ុង លែន ប្រកាស​បើក​លក់​គម្រោង​វីឡា​ដ៏​ថ្មី​ប្រណីត​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៣​ កក្កដា​នេះ​

Next Article

គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី ៦៩ ឆ្នាំ ខណៈ​ដែល​គណបក្ស​បើក​សម្ពោធ​ទីស្នាក់​ការ​កណ្តាល​ថ្មី​