cellcard cellcard

លោក ហ៊ុន សែន ចែករំលែកទស្សនៈ ទាក់ទងនឹងកូវីដ១៩ នៅក្នុងសន្និសីទធុរកិច្ចអាស៊ាន

Share:
AKP

លោកនាយកមន្រ្តី ហ៊ុន សែន បានបញ្ចេញទស្សនៈរបស់លោក​ទាក់ទងនឹងឱកាសដែលកើតមានដោយការរីករាលដាលកូវីដ១៩ នៅក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សា
ផ្តល់យោបល់ធុរកិច្ចអាស៊ានដែលបានប្រព្រឹត្តឡើងនារសៀលនេះតាមរយៈសន្និសីទ​វីដេអូ។

 

លោក​បា​ន​និយាយថា៖ «យើងទាំងអស់គ្នាបានដឹងហើយថា ជំងឺកូវីដ១៩នាំមកនូវផលអវិជ្ជមានធ្ងន់ធ្ងរមកលើសង្គម និងសេដ្ឋកិច្ចពិភពលោក និងតំបន់ពិសេសតាមរយៈការបង្អាក់ពាណិជ្ជកម្ម និងដំណើរការនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល ការបាត់បង់ការងារ និងការធ្លាក់ចុះនៃចំណូល»។

 

យោងតា​ម​លោកនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា វិបត្តិកូវីដ១៩នេះ បានក្រើនរំលឹកជាថ្មីម្តងទៀតដលសហគមន៍យើងថា អាស៊ាននៅមានភាពខ្វះខាត និងពឹងផ្អែកច្រើនលើកត្តាខាងក្រៅ។

 

ជាមួយនឹងនិន្នាការថ្មីដែលនាំមកដោយជំងឺកូវីដ១៩ គឺជាការផ្លាស់ប្តូរពីពាណិជ្ជកម្ម និងខ្សែរច្រវាក់ផ្គត់ផ្គង់តំបន់ អាស៊ានត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមា។ ជារឿយៗ យើងតែងលើកឡើងថា ពាណិជ្ជកម្មក្នុងតំបន់អាស៊ាននៅមានកម្រិតទាប។

 

កាលៈទេសៈនេះជាឱកាសដ៏ប្រសើរមួយ ដែលប្រទេសអាស៊ានត្រូវជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់។ ក្នុងស្មារតីនេះ ប្រទេសអាស៊ានទាំងអស់ត្រូវបង្ហាញពីឆន្ទៈមោះមុតក្នុងការបន្តលុបបំបាត់របាំងពន្ធ និងរបាំងមិនមែនពន្ធដែលនៅសេសសល់ឲ្យបានជាអតិបរមា។

 

«ដូច​ដែ​ល​បានលើកឡើងខាងលើ អាស៊ានមានកាលានុវត្តថ្មីក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់របស់ខ្លួន។ នេះ គឺជាកិច្ចការចាំបាច់ចំពោះមុខ ដោយខ្ញុំយល់ឃើញថា ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់នឹងអាចឲ្យអាស៊ានសម្រេចនូវសក្តានុពលរបស់ខ្លួន ខណៈបណ្តាប្រទេសអាស៊ានទាំង ១០​ មានឧត្តមភាពប្រៀបធៀបផ្សេងៗគ្នា។

 

លោកបាន​បញ្ជាក់ថា៖ «លើសពីនេះ ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់នឹងអាចឲ្យប្រទេសសមាជិកអាស៊ានមានលទ្ធភាពផ្គត់ផ្គង់គ្នាទៅវិញទៅមក ហើយប្រែក្លាយអាស៊ានទៅជាតំបន់មួយដែលអាចពឹងផ្អែកលើខ្លួនឯងបាន។ ការណ៍នេះមិនមែនមានន័យថា អាស៊ាននឹងកាត់ផ្តាច់ខ្លួនពីខ្សែច្រវាក់ផ្គត់ផ្គង់សកលនោះទេ ប៉ុន្តែវាជាការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគមន៍អាស៊ាននៅលលើឆាកអន្តរជាតិ»។

 

លោកបានបញ្ជាក់បន្ថែម​ទៀតថា៖ «ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា ការចូលរួមពីវិស័យឯកជន គឺជាកិច្ចការសំខាន់ដែល​មិនអាចខ្វះបាន ក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍អាស៊ាន ក៏ដូចជាក្នុងបរិបទកូវីដ១៩ នេះ។ ជាការពិត ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យមួយចំនួនធំរងផលប៉ះពាល់ធ្ងន់ធ្ងរដែលទាមទារការចូលរួមអន្តរាគមន៍ពីរដ្ឋាភិបាល។ ប៉ុន្តែ វិស័យឯកជនផ្ទាល់ក៏មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាល និងត្រូវមានការគិតគូរអំពីលទ្ធភាពរបស់ខ្លួន ក្នុងការចូលរួមចំណែកគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺនេះ។

 

ផ្អែកលើស្មារតីនេះ សម្រាប់វិស័យដែលមិនរងផលប៉ះពាល់ជាអវិជ្ជមាន ឬរងផលប៉ះពាល់តិចតួច
វិនិយោគិន និងម្ចាស់អាជីវកម្មត្រូវមានការគិតគូរឲ្យបានដិតដល់ចំពោះការទទួលខុសត្រូវរបស់ខ្លួន ជាពិសេសការទទួលខុសត្រូវសង្គមមកលើបុគ្គលិករបស់ខ្លួន។​

 

វិនិយោគិន និងម្ចាស់អាជីវកម្មនានាត្រូវចងចាំថា​ បុគ្គលិករបស់ខ្លួននេះហើយជាអ្នកធ្វើអាជីវកម្ម និងការវិនិយោគមានភាពរីកចម្រើនរហូតដល់ថ្ងៃនេះ។ វិបត្តិកូវីដ១៩​ នេះជាឱកាសដ៏ល្អសម្រាប់វិនិយោគិន និងម្ចាស់អាជីវកម្មបង្ហាញអំពីការដឹងគុណ និងតបស្នងដល់បុគ្គលិករបស់ខ្លួនតាមរយៈការមិនបញ្ឈប់ការងារ និងការឧបត្ថម្ភផ្សេងៗតាមលទ្ធភាពដែលអាចធ្វើបាន។

 

វាជាការពិតណាស់ រដ្ឋាភិបាលប្រទេសអាស៊ានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុង និងពេលវិបត្តិជំងឺ
កូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលតែម្ខាង ក៏មិនអាចដោះស្រាយ​បញ្ហាប្រឈមទាំងឡាយបាននោះដែរ។ ដូចនេះ វិស័យឯ​កជនត្រូវបានចូលរួម និងសហការយ៉ាងផុសផុលជាមួយរដ្ឋាភិបាលរួមធ្លុងមួយក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងតែកើតមាន៕ ប្រែសម្រួល​​ សុខ ស្រីលុច

Related Posts

Previous Article

រោងចក្រស្រាបៀរតម្លៃ ១៤០ លាន នឹងផ្តល់ការងារឲ្យប្រជាជន ១ ៥០០ នាក់

Next Article

ធនាគារពិភពលោកអនុម័តទឹកប្រាក់ ៩៣ លានដុល្លាសម្រាប់បង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិច