cellcard cellcard

សមយុទ្ធ​យោធា​សំខាន់ៗ​ត្រូវ​បាន​លុប​ចោល​ដោយ​សារ​ជំងឺ​កូវីដ​១៩

ប៊ែន សុខហ៊ាន / Khmer Times Share:

​ក្នុង​ពេល​នៃ​ជំងឺ​រាតត្បាត​កូវីត​១៩ កង​យោធពល​ខេមរ​ភូមិន្ទ​បាន​ទម្លាក់​ទំហំ​សមយុទ្ធ​យោធា​របស់ខ្លួន​ទៅជា​ការហ្វឹកហាត់​ខ្នាតតូច​ដើម្បី​សន្សំសម្ចៃ​ប្រាក់​ដែល​ត្រូវ​ប្រើ​សម្រាប់​ការស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​។​

​សមយុទ្ធ​យោធា​និង​កងទ័ពជើងទឹក​ធំ ៗ ចំនួន​ពីរ​នៅ​ឆ្នាំនេះ​ក៏ត្រូវ​បាន​លុបចោល​ផងដែរ​។​

​នៅក្នុង​ខែមីនា​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​លោក វង្ស ពិ​សេន បានដាក់​បទបញ្ជា​រឹតបន្តឹង​ចលនា​ធ្វើដំណើរ​នៅក្នុង​កងទ័ព ដើម្បី​ការពារ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​កងពល​។​

​ឧ​ត្ត​ម​សេនីយ៍ ពិ​សេន ក៏បាន​បញ្ជា​ឱ្យ​មេបញ្ជាការ​យោធា​និង​ប្រធាន​ស្ថាប័ន​ទាំងអស់​ដែល​ស្ថិតនៅក្រោម​យុត្តាធិការ​នៃ​ទីបញ្ជាការ​ទូទៅ​របស់​ក​ង​យោធពលខេមរភូមិន្ទ​ណែនាំ​ឱ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​នៃ​វីរុស​នេះ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ៅ ផល្លា​អ្ន ក​នាំពាក្យ​កងយោធពល​ខេមរភូមិន្ទ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​សមយុទ្ធ​ហនុមាន​មាស​ឆ្នាំ ២០២០ ត្រូវបាន​លុបចោល​កាលពី​ខែមេសា​ដោយសារ​ជំងឺ​រាតត្បាត​។​

​លោក​និយាយថា​៖« យើង​បាន​លុបចោល​សមយុទ្ធ​យោធា [​ហនុមាន​មាស​] សម្រាប់​ឆ្នាំនេះ​ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ។ យើង​បានទទួល​ការណែនាំ​ពី​ក្រសួងការពារជាតិ​និង​ទីបញ្ជាការ​ទូទៅ​របស់​ក​ង​យោធពលខេមរភូមិន្ទ​កុំ ឲ្យ ប្រមូលផ្តុំ​កម្លាំងយោធា​ទ្រង់ទ្រាយ​ធំ​» ។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្តយោធា​ជិត ៣០០ គ្រឿង​ដែល​បាន​ទិញ​ពី​ប្រទេស​ចិន​សម្រាប់​អង្គភាព​កងយោធពល​ខេមរភូមិន្ទ​និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាលពី​សប្តាហ៍​មុន អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​និង​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា​សមយុទ្ធ​សំខាន់ៗ​នឹង​ត្រូវបាន​លុបចោល​។​

​លោក​បាន​ថ្លែងថា​៖« កងទ័ព​បាន​លុបចោល​ព្រឹត្តិការណ៍​ជាច្រើន​រួមមាន​ការធ្វើ​សមយុទ្ធ​យោធា​ហនុមាន​មាស​ប្រចាំឆ្នាំ​និង​ការហ្វឹកហាត់​យោធា​ដែល​មិនចាំបាច់ ។ យើង​ត្រូវ​កាត់បន្ថយ​ការចំណាយ​ដែល​មិនចាំបាច់​ដើម្បី​សន្សំ​ថវិកា​រដែ​លអាច​ត្រូវបាន​ប្រើ​សម្រាប់​កិច្ចប្រឹងប្រែង​បង្ការ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​និង​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​»​។​

​ទោះយ៉ាងណា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផល្លា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការហ្វឹកហាត់​ទ្រង់ទ្រាយ​តូច​ដែល​ធ្វើឡើង​ដោយ​អង្គភាព​កងយោធពល​ខេមរភូមិន្ទ​នឹង​នៅតែ​ត្រូវបាន​ធ្វើឡើង​ដដែល ដើម្បី​ពង្រឹងសមត្ថភាព​យោធា​។​

​លោក​និយាយថា​៖ «​យើង​នៅតែ​ធ្វើការ​ហ្វឹកហាត់​ទ្រង់ទ្រាយ​តូច​នៅតាម​អង្គភាព​យោធា​ដោយមាន​ការចូលរួម​ពី​ទាហាន​មិនតិចជាង ៣០ នាក់​ក្នុងពេល​តែមួយ ។ យើង​ត្រូវ​រង់ចាំ​ការណែនាំ​ថ្មី ថា​តើ​ត្រូវ​លុបចោល​ការណែនាំ​មុន​ដែល​ឲ្យ​រៀបចំ​ការប្រមូលផ្តុំ​យោធា​មានកំណត់​ឬមួយ​ក៏​យ៉ាងណា​។ បន្ទាប់មក​យើង​នឹងធ្វើ​សមយុទ្ធ​យោធា​ឡើងវិញ​។ អង្គភាព​ខ្លះ​មាន​ថវិកា​រួចហើយ​ដើម្បី​ធ្វើ​វា​» ។​

​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​លើក​ទី ១ គឺ ហនុមាន​មាស​ឆ្នាំ​២០១៩ នៅ​ខេត្តកំពត​ដែលមាន​ទាហាន​ជាង ២ ០០០ នាក់ លើ​ទីលាន​ហ្វឹកហាត់ ១ ម៉ឺន​ហិកតា​សម្រាប់​ការហ្វឹកហាត់​ប្រចាំឆ្នាំ​។​

​ទាហាន​សរុប​ចំនួន ២ ៣៩១ នាក់​បាន​ចូលរួម​នៅក្នុង​សមយុទ្ធ​ហើយ​បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ជាង ១០ ប្រភេទ​ក្នុងនោះ​មាន​រថយន្ដយោធា​និង​គ្រឿង​បរិក្ខារ​យោធា​ចំនួន ២៩៨ គ្រឿង​ដូចជា​កាំជ្រួច BM-21 ចំនួន ២០ គ្រាប់​និង​រ៉ុក្កែត RM-70 ។​

​ឧ​ត្ត​មនា​វី​ឯក ម៉ី ឌី​ណា អ្នកនាំពាក្យ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ខេត្ត​ព្រះសីហនុ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា សមយុទ្ធ​កងទ័ពជើងទឹក​ដែល​គេ​ស្គាល់​ថា «​ឆ្លាម​សមុទ្រ​» នៅ​ឆ្នាំនេះ​ក៏ត្រូវ​បាន​លុបចោល​ដែរ​។​

​លោក​ថា​៖«​ផែន​ការធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​ឆ្លាម​សមុទ្រ​ត្រូវបាន​លុបចោល​ពីព្រោះ​យើង​ត្រូវការ​ការពារ​ការផ្ទុះ​នៃ​ជំងឺ​កូ​វីដ​១៩» ។​

​យោងតាម​ក្រសួងការពារជាតិ ការធ្វើ​សមយុទ្ធ​កង​នាវាចរ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្បែរ​កោះ​តា​គៀវ​ក្នុង​ក្រុងព្រះសីហនុ​ក្រោម​ប្រធានបទ «​ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​សមុទ្រ​និង​ការទប់ស្កាត់​សកម្មភាព​ចោរ​សមុទ្រ​» ។​

​ទោះបី​ការធ្វើ​សមយុទ្ធ​យោធា​និង​កងទ័ពជើងទឹក​ប្រចាំឆ្នាំ​ត្រូវបាន​លុបចោល​ក៏ដោយ​ក៏​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ប្រទេស​ចិន​ដែលមាន​ឈ្មោះថា នាគ​មាស​ត្រូវបាន​ធ្វើឡើង​កាលពី​ខែមីនា​នៅ​ស្រុក​ជុំ​គី​រី​ខេត្តកំពត​ដែលមាន​ទាហាន​ប្រហែល ៣ ០០០ នាក់​នៃ​ប្រទេស​ទាំងពីរ​បានធ្វើ​សមយុទ្ធ​លើ​តំបន់​ហ្វឹកហាត់​ទំហំ ១០ ០០០ ហិកតា​។​

​សមយុទ្ធ​យោធា​រួមគ្នា​រយៈពេល ១៥ ថ្ងៃ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​រួមគ្នា​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​និង​សម្រាប់​ប្រតិបត្តិការ​មនុស្សធម៌​» ។ អាវុធ​ធុន​ធ្ងន់​រួមមាន​រថក្រោះ រថពាសដែក និង​ឧទ្ធម្ភាគចក្រ​វាយប្រហារ​ត្រូវបាន​ប្រើប្រាស់​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​បន្ទាប់ពី​ពិធី​បិទ​សមយុទ្ធ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ថ្លែងថា​ប្រទេស កម្ពុជា​និង​ចិន​បាន​ប្តេជ្ញាចិត្ត​ធ្វើ​វា​ទោះបី​ពិភពលោក​កំពុង​ខ្លាច​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​។​

​លោក​បាន​និយាយថា​៖«​ជាមួយ​ប្រទេស​ភាគច្រើន​បាន​បិទ​ប្រទេស ដោយសារ​វីរុស​នេះ ប្រទេស​កម្ពុជា​និង​ចិន​នៅតែ​បង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុង​ការធ្វើ​សមយុទ្ធ​យោធា​”​។ វា​មិន​មានន័យថា​យើង​មិន​ខ្វល់​អំពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩​នោះទេ ។ យើង​យកចិត្តទុកដាក់​ចំពោះ​រឿងនេះ​ប៉ុន្តែ​យើង​ប្តេជ្ញា​ធ្វើ​សមយុទ្ធ​នេះ​»​។​

​លោក​គីន ភា អគ្គនាយក​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការលុបចោល​សមយុទ្ធ​យោធា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​

​លោក​ថា​៖ «​ខ្ញុំ​យល់ថា​ការលុបចោល​ការធ្វើ​សមយុទ្ធ​យោធា​នឹង​ជួយ​ការពារ​ហានិភ័យ​ខ្ពស់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​វា​ក៏​ជា​វិធានការ​ដើម្បី​សន្សំ ថវិកាជាតិ​ផងដែរ ។ រដ្ឋាភិបាល​កំពុង​ព្យាយាម​សន្សំ​ប្រាក់​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ដូច្នេះ​ការចំណាយ​ដែល​មិនចាំបាច់​នឹងត្រូវ​បាន​ទប់ស្កាត់​»៕

​ប្រែ​សម្រួល​ដោយ តាំង រី​និត្យ​

Related Posts

Previous Article

កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​អព្យាក្រិត្យ​ក្នុង​ទំនាស់​សមុទ្រ​ចិន​ខាង​ត្បូង​

Next Article

ខេត្ត​ក្រចេះ​សម្រេច​រុះរើ​សំណង់​ផ្ទះ​បុរាណ​អាយុ​ជាង ២០០ ឆ្នាំ ខណៈ​មាន​ការ​រិះគន់​នៅ​តាម​បណ្ដាញ​សង្គម