«ណាហ្គាវើលដ៍បេះដូងសប្បុរស» (NagaWorld Kind Hearts) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលធ្វើសកម្មភាពទាក់ទងនឹងទំនួលខុសត្រូវលើកិច្ចការងារសង្គមរបស់ក្រុមហ៊ុន (CSR) បានធ្វើការប្តេជ្ញាក្នុងការគាំទ្រក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការបរិច្ចាគជាបន្តបន្ទាប់។ នៅក្នុងការបរិច្ចាគលើកដំបូងរបស់ខ្លួនទៅដល់ក្រសួងសុខាភិបាល «ណាហ្គាវើលដ៍បេះដូងសប្បុរស» បានផ្តល់ទឹកលាងសម្អាតដៃចំនួន ៥០០ ដបសម្រាប់ក្រសួងចែកចាយតាមគោលដៅ ក៏ដូចជាកុំព្យូទ័រយួរដៃចំនួន ៥ គ្រឿងដើម្បីជួយក្នុងការបង្កើនបន្ទុកការងារនិងការស្រាវជ្រាវពាក់ព័ន្ធនឹងមេរោគនេះ។
បន្ថែមលើនេះទៀត លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានណែនាំថា ក្រុមហ៊ុន កំពុងរង់ចាំការមកដល់នៃប្រព័ន្ធទាញយកអាស៊ីដនុយក្លេអ៊ែរអិចនិងឧបករណ៍ធ្វើតេស្តឌីអិនអេរកមេរោគចំនួន ៦៤០០ សម្រាប់ និងឧបករណ៍ប្រមូលសំណាកចំនួន ១០០០។ ប្រព័ន្ធឧបករណ៍ទាញយកសំណាកនិងធ្វើតេស្តរកមេរោគទាំងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោក Pern Chen បានឲ្យដឹងទៀតថា អំណោយជាឧបករណ៍និងសម្ភារទាំងនេះ ដែលគិតជាទឹកប្រាក់មានតម្លៃប្រមាណ ៥២ ០០០ ដុល្លារអាមេរិកគឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់រដ្ឋាភិបាល។ កន្លងមក «ណាហ្គាវើលដ៍បេះដូងសប្បុរស» បានផ្តល់អំណោយដល់ស្ថាប័នរដ្ឋាភិបាលផ្សេងទៀតរួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ។ អំណោយទាំងនេះសរុបមានម៉ាស់ចំនួន ៤០ ០០០ ទឹកលាងដៃ ៤០០០ ដប និងទឹកអាល់កុលអ៊ីសូប្រូភីលចំនួន ៧២០ លីត្រ។
លោក Pern Chen បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថាការផ្តល់អំណោយជាគ្រឿងបរិក្ខារពេទ្យនិងសម្ភារៈពេទ្យរបស់យើងទៅដល់ក្រសួងសុខាភិបាលនឹងជួយក្នុងការប្រយុទ្ធដ៏សំខាន់របស់រដ្ឋាភិបាលប្រឆាំងនឹងកូវីដ-១៩ និងការពារប្រជាជននៃប្រទេសនេះ»។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញមកទទួលអំណោយទាំងនេះដោយផ្ទាល់ពីលោក Pern Chen។
លោកជំទាវបានមានប្រសាសន៍ថា៖ «យើងសូមកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ណាហ្គាវើលដ៍ក្នុងនាមជាពលរដ្ឋសាជីវកម្មដែលមានទំនួលខុសត្រូវលើកិច្ចការសង្គមក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ព្រះរាជាណាចក្រកម្ពុជារបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩»។
លោកជំទាវបន្តថា៖ «យើងកោតសរសើរចំពោះការបរិច្ចាគដ៏ធំធេងជាកុំព្យូទ័រយួរដៃដែលមន្ត្រីរបស់យើងអាចប្រើសម្រាប់ចងក្រងរបាយការណ៍វិភាគនិងស្រាវជ្រាវទាក់ទងនឹងមេរោគនេះ។ អំណោយជាទឹកលាងសម្អាតដៃដ៏សប្បុរសរបស់ក្រុមហ៊ុនក៏នឹងរួមចំណែកយ៉ាងច្រើនដើម្បីជួយការពារសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិកសុខាភិបាលនិងសហគមន៍របស់យើងក្នុងគ្រាដ៏លំបាកនេះ»៕