cellcard cellcard

អាស៊ានរួមគ្នាក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ

ស៊ន សារ៉ាត / Khmer Times Share:

កម្ពុជានិងប្រទេសជាសមាជិកអាស៊ានកំពុងតែធ្វើការរួមគ្នាដើម្បីស្តារវិស័យ​ទេសចរណ៍នៅក្នុងតំបន់ឡើងវិញនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍។

 

លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍផលិតផលទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជាដែលបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការទេសចរណ៍អាស៊ានតាមរយៈ Video Conference ដែលធ្វើឡើងចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមិថុនា បានឲ្យដឹងថាសមាជិកអាស៊ានទាំង ១០ បានធ្វើការពិភាក្សាគ្នាលើការស្តារវិស័យទេសចរណ៍ក្នុងតំបន់ឡើងវិញ និងពិភាក្សាលើវិធានការនានាដើម្បីទប់ទល់វិបត្តិជំងឺកូវីដ-១៩។

 

លោកបានថ្លែងថាបន្ទាប់ពីកិច្ចប្រជុំ គណៈកម្មាធិការទេសចរណ៍អាស៊ានទាំង៤ បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីស្តារវិស័យនេះឡើងវិញនៅក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩។

 

លោកថ្លែងថា៖ «អាស៊ានបានយល់ព្រមរៀបចំឲ្យមានគំនិតផ្តូចផ្តើមរួមគ្នា​ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និង AI ដើម្បីធ្វើការផ្សព្វផ្សាយទេសចរណ៍អាស៊ាន ហើយបានដាក់ចេញនូវផែនការស្តារនិងយុទ្ធសាស្ត្រទីផ្សារ ២០២១-២០២៥ សម្រាប់វិស័យទេសចរណ៍អាស៊ាន​បន្ទាប់ពីការរីករាលដាលនៃជំងឺវីរុសកូវីដ១៩បញ្ចប់»។

 

បើតាមលោក ថោង រដ្ឋសក្តិ គណៈកម្មាធិការបានគាំទ្រការរៀបចំគោលការណ៍ណែនាំស្តីពី ការវាយតម្លៃទទួលស្គាល់សមត្ថភាពបុគ្គលិក កំពុងបម្រើការងារក្នុងវិស័យទេសចរណ៍អាស៊ាន ខណៈដែលគណៈកម្មាធិការក៏បានគាំទ្រក្នុងការជំរុញការវិនិយោគវិស័យទេសចរណ៍អាស៊ានផងដែរ។

 

សមាគមទេសចរណ៍អាស៊ាន (ASEANTA) ដែលជាសមាគមតំណាងឱ្យវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចនៅទូទាំងសហគមន៍អាស៊ានទាំង ១០ នឹងរៀបចំសិក្ខាសាលាស្តីពី «The New Normal in Tourism and Creating Travel Bubble» ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ននិងអនាគត។ Travel bubbles គឺជាមធ្យោបាយមួយដែលអាចឱ្យមនុស្សធ្វើដំណើរទៅកាន់គោលដៅនានាបានដោយសុវត្ថិភាព។

 

ព្រឹត្តិការណ៍ដែលមានការបើកទូលាយសម្រាប់អ្នកដែលមានទំនាក់ទំនងជាមួយសហគមន៍ទេសចរណ៍ក្នុងតំបន់នេះនឹងផ្តោតសំខាន់លើការកំណត់និន្នាការនិងការវិវឌ្ឍន៍នៃវិស័យទេសចរណ៍ស្របតាមតាមយុទ្ធសាស្រ្ត «New normal after post-Covid-19» ដែលសំដៅទៅលើការផ្លាស់ប្តូរឥរិយាបថសង្គម។

 

លោកស្រី ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជាបានមានប្រសាសន៍ថានេះគឺជាពេលវេលាដែលសមាជិកអាស៊ានត្រូវធ្វើការរួមគ្នាដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ។

 

លោកស្រីបានថ្លែងថា៖ «នាពេលបច្ចុប្បន្ន យើងកំពុងតែប្រឈមនឹងវិបត្តិមួយ ហើយយើងត្រូវតែរកវិធីសាស្រ្តណាមួយក្នុងការស្តារវិស័យនេះឡើងវិញ។ យើងត្រូវតែស្វែងរកដំណោះស្រាយជាមួយគ្នា បើពុំដូច្នោះទេតំបន់នឹងទទួលរងគ្រោះ។»

លោកស្រីបានបន្តឲ្យដឹងថា បើទោះបីបន្ទាប់​ពីវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏ភ្ញៀវទេសចរពីតំបន់​អឺរ៉ុប​នឹងមិនមានភាពប្រសើឡើងនោះទេក្នុងរយៈពេលពីរបីឆ្នាំទៅមុខ ខណៈវិស័យនេះនឹងត្រូវពឹងផ្អែកលើការជំរុញដោយ​ទេសចរណ៍ក្នុងស្រុក និងតំបន់។

 

លោកស្រីបន្ត​ថា៖ «ក្នុងរយៈពេលដ៏ខ្លីខាងមុខ យើងនឹងពឹងផ្អែកតែលើភ្ញៀវទេសចរក្នុងស្រុកនិងក្នុងតំបន់ប៉ុណ្ណោះ។ អាស៊ានចាំបាច់ត្រូវស្វែងរកគោលនយោបាយរួមមួយដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរតាមរយៈការបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរ។»

 

យោងតាមលោកស្រីចិន្តា សណ្ឋាគារមួយចំនួនបាន​ចាប់ផ្តើមទទួលបានទេសចរក្នុងស្រុក និងជនបរ​ទេសវិញហើយ ខណៈសណ្ឋាគារជាច្រើនទៀតរំពឹងថានឹងបើកដំណើរការជាបណ្តើរៗនៅដើមខែក្រោយនេះ។

 

លោកស្រីថ្លែងថា៖ «យើងទទួលបានភ្ញៀវទេសចរក្នុងស្រុកមួយចំនួន ហើយយើងនៅតែរង់ចាំមើលពីការមកដល់នៃភ្ញៀវបរទេសនាពេលខាងមុខនេះ។»

 

ទោះយ៉ាងនេះក្តី លោកស្រីបានឲ្យដឹងថា វិធានការរឹតត្បិតរបស់កម្ពុជាដែលតម្រូវឲ្យជនបរទេសតម្កល់ប្រាក់ចំនួន ៣ ០០០ ដុល្លារ ដើម្បីចូលមកប្រទេសកម្ពុជានឹងរួមចំណែកក្នុងការកាត់បន្ថយការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរ។

 

លោកស្រីបន្ត​ថា៖ «វាមិនមានបញ្ហាអ្វីនោះទេសម្រាប់អ្នកដែលមានប្រាក់ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរទូទៅ ពួកគេនឹងមានភាពស្ទាក់ស្ទើរក្នុងការមកទស្សនាប្រទេសកម្ពុជា»។

Related Posts

Previous Article

កម្ពុជារកឃើញសិលាចារឹកជាភាសាសំស្រ្កឹតចារលើថ្មភក់មួយផ្ទាំង

Next Article

ភ្ញៀវទេសចរក្នុងស្រុកជាង ៤៥ ម៉ឺននាក់ទៅទស្សនាតាមតំបន់រមណីដ្ឋានានា ក្នុងរយៈពេល៣ សប្តាហ៍ ដើមខែមិថុនា