cellcard cellcard

កម្ពុជារកឃើញសិលាចារឹកជាភាសាសំស្រ្កឹតចារលើថ្មភក់មួយផ្ទាំង

ប៉ិច សុធារី / Khmer Times Share:
Archive. Apsara Authority

សៀមរាប៖ ក្រុមអ្នក​​ជំនាញនៃអាជ្ញា​ធរជាតិអប្សរា បានប្រទះឃើញសិលាចារឹក​​​ជាភាសាសំស្រ្កឹតចារលើ​ថ្ម​ភក់​មួយផ្ទាំង នៅ​បរិវេណ​​ប្រាសាទទន្លេស្ងួត​ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ខណៈដែល​ពួកគាត់កំពុងធ្វើការ​សម្អាតថ្ម និង​​ជួស​ជុល​​ប្រាសាទ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកឡុង កុសល បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បត្តិ៍​​​ថា ផ្ទាំងសិលាចារឹក​​​​នេះ ត្រូវ​​បា​ន​​​​មនុស្សជំនាន់​មុន ​​បាន​រៀបជាគ្រឿងបង្គុំថ្មក្រាល​ខ្លោង​ទ្វារខាងមុខប្រាង្គកណ្តាល​នៃ​ប្រាសាទទន្លេស្ងួត ដែល​កម្ពស់​​១០០សង់ទីម៉ែត្រ ទទឹង ៤០សង់ទីម៉ែត្រ និងកម្រាស់​ ២០សង់ទីម៉ែត្រ មាន​ភាសាសំស្ក្រឹតចំនួន ៥៥បន្ទាត់។

លោកបន្តថា៖ «បច្ចុប្បន្ន ​​ផ្ទាំង​​​សិលានោះ​ ត្រូវបាន​ក្រុម​​អ្នកជំនាញ​​យក​ទៅ​ចេញពីបរិវេណប្រាសាទ​ ទៅ​ថែទាំ និងជួស​ជុលនៅស្នាក់ការនាយក​ដ្ឋាន​​​អភិរក្ស​ប្រាសាទ មុននឹងយក​​ឲ្យអ្នកជំនាញ​ភាសា​សំស្ក្រឹត​ធ្វើការ​សិក្សា​ និងបកប្រែ»។

បើតាមអាជ្ញាធរ​ជាតិអប្សរា  ប្រាសាទទន្លេស្ងួត គឺ​​​ជាមន្ទីរពេទ្យ​បុរាណ​​មួយ ​​ក្នុងចំណោមមន្ទីរ​ពេទ្យទាំង១០២ របស់​ព្រះ​បាទ​ជ័យ​​​វរ្ម័ន​​ទី៧ ដែល​ត្រូវបាន​​​សាង​​​សង់​កាលពីចុង​សតវត្សទី១២ និង​ដើម​សតវត្សទី​១៣។ នៅក្នុង​តំបន់​រមណីដ្ឋាន​អង្គរ ត្រូវ​​បាន​​រកឃើញ​មន្ទីរពេទ្យ​ចំនួន​៦ ក្នុងនោះ​ មានមន្ទីរពេទ្យ​ចំនួន​៤ ស្ថិតនៅជុំវិញ​​​ប្រាសាទអង្គរធំ ​​ហើយ​ប្រាសាទ​ទន្លេ​​ស្ងួត​​នេះ ជាមន្ទីរពេទ្យ​មួយ​​​ស្ថិត​នៅ​ផ្នែក​ខាង​ជើង​នៃ​ប្រាសាទ​អង្គរ​ធំ។

អាជ្ញាធ​រជាតិអប្សរា បានបន្តថា ប្រាសាទ​​នេះ មាន​ហានិភ័យខ្ពស់​ដោយ​សារ​ដើម​ឈើ និងទឹកភ្លៀង​ ក្នុងនោះដើមឈើ​បាន​ដុះ​​នៅលើ​តួ​ប្រាសាទ ហើយ​​ឬ​ស​វា​​​​បាន​ចាក់ចូល​គ្រឹះ​ប្រាសាទបានធ្វើឲ្យថ្ម​នៃ​រចនាសម្ព័ន្ធប្រាសាទ​ រំកិលចេញពី​ស្ថាន​​​​ភាពដើម និងថ្មមួយចំនួនបាន​​រអិលធ្លាក់ចុះពីតួប្រាសាទ ខណៈ ទឹកភ្លៀង​​បាន​ជ្រាប​ចូលដល់គ្រឹះ​ប្រាសាទ​ដែល​ធ្វើ​ឲ្យ​គ្រឹះ​ប្រាសាទ​​ចុះ​​ខ្សោយ ដែល​​អាច​​​នឹង​ប្រឈមនឹង​ការដួល​រលំ។

ប្រធាន​នាយក​ដ្ឋានអភិរក្ស​ប្រាសាទក្នុងឧទ្យាន​អង្គរ និងបុរាណ​វិទ្យា​​បង្ការ លោក អ៉ឹម សុខរិទ្ធី បានមានប្រសាសន៍ថា ផ្ទាំងថ្មចារឹកនេះ អាចពុំមែនជា​របស់មន្ទីរ​​ពេទ្យ​​​ទន្លេស្ងួតនេះទេ​ ហើយប្រហែលជាគេយកចេញពីប្រាសាទណាមួយ​មក​ប្រើជា​ថ្ម​កម្រាល ដោយ​រៀបដាក់ផ្ទៃ​ដែលមានអក្សរ​ចារឹក​ទៅក្រោម និងផ្ទៃ​​ខាងក្រោយ​ដែលពុំមានអក្សរត្រូវបានគេ​ដាក់​ផ្ងារ​ឡើងលើ។

លោកថា៖ «តាមការសន្និដ្ឋានដំបូងលើលក្ខណៈតួអក្សរ​ឆ្មារៗ និង​ពិចិត្រ​ ដែល​បៀប​នឹងសិលាចារឹកនៅប្រាសាទភ្នំដី​​ស្ថិតនៅ​ខាង​ជើងប្រាសាទ​ទន្លេស្ងួតនោះ ឃើញ​ថា សិលា​ចារឹតនេះប្រហែលចារនៅចុងសតវត្សទី​១១ ដល់ដើម​សត​វត្ស​ទី១២»។

លោក​ អ៉ឹម សុខរិទ្ធី បានបន្ត​ថា ផ្ទាំងសិលាចារឹតនេះ មានការបាត់បង់តួអក្សរ​មួយផ្នែក ​ប៉ុន្តែនៅមានតួអក្សរ​ច្រើនដែល​អាច​ធ្វើការ​​​សិក្សា​ស្រាវជ្រាវបន្ថែមបាន។ លោកបានបន្ថែម​ថា៖ «​ការបាត់បង់តួអក្សរ​​នេះ មិនមែន​ជា​ករណី​បំផ្លាញ​នោះ​​ទេ ព្រោះ​​តាម​ស្ថាន​ភាព​​ថ្ម គឺ​មនុស្សសម័យ​នោះ បានកាត់តម្រឹម​ឲ្យត្រូវចន្លោះ ដើម្បីធ្វើជាថ្មកម្រាល​​​ក្នុង​ការ​សាង​សង់​ប្រាសា​ទ​​ទន្លេ​ស្ងួត​​​ ហើយការយកថ្មចាស់ពីកន្លែងផ្សេងមកកសាងប្រាសាទថ្មី ក៏ជាទម្លាប់ធម្មតា​​នា​សម័យបុរាណនោះ​ដែរ»។

ក្នុងដំណើការ​​សម្អាត​​ និងជួស​ជុលប្រាសាទទន្លេស្ងួត​ ដែលធ្វើជាដំណាក់កាល​ៗ នា​​ពេលកន្លងមកនោះ​ ក្រុម​អ្នក​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បានរកឃើញបំណែក​​បដិមា​សំខាន់ៗចំនួន​៣ ​រួមមាន ព្រះពុទ្ធបដិមា​គ្រូថ្នាំ​ និងរូប​​បដិមាទ្វារបាល ត្រូវ​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ​២០១៧ និងបំណែកជើង​បដិមា​ទ្វារបាល ត្រូវបានរកឃើញនៅដើមឆ្នាំ២០២០នេះ។ រូប​​បដិមា​ទាំង​នោះ​ ត្រូវ​បាន​ក្រុម​អ្នកជំនាញ យកទៅ​​ផ្គុំបំណែកដែលបែកបាក់នោះឡើង​វិញ ហើយ​ដាក់តាំងបង្ហាញជូន​ភ្ញៀវ​ទេស​ចរ និងសាធារណជន បាន​សិក្សា​ស្វែងយល់​ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប៕

Related Posts

Previous Article

ណាហ្គា​វើ​លដ៍​ប្តេជ្ញា​ផ្តល់​អំណោយ​ជា​បន្តបន្ទាប់​ដើម្បី​គាំទ្រ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល​

Next Article

អាស៊ានរួមគ្នាក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ