cellcard cellcard

រយៈពេល៤ខែក្រសួងចងក្រងបទល្មើសធនធានធម្មជាតិជាង ២០០ ករណីទៅតុលាការ

ប៉ិច សុធារី / Khmer Times Share:

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុងរយៈ​ពេល ៤​ខែ ដើមឆ្នាំនេះ មន្ត្រីឧទ្យានុរក្សបានបង្ក្រាប​ករណី​​បទ​ល្មើស​ធន​​​ធាន​ធម្មជាតិ បានចំនួន​ ២៣៣៣​ករណី ក្នុងនោះ​មានមនុស្សជិត​២០០នាក់ ​ត្រូវបានចង​ក្រង​សំណុំរឿង​បញ្ជូន​​ទៅ​តុលាការ។​​

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ​លោកនេត្រ ភក្ត្រា បានមានប្រសាសន៍កាលពីថ្ងៃពុធ​ថា ​បទល្មើសធនធានធម្មជាតិ ដែលបាន​បង្ក្រាប​ភាគ​ច្រើន គឺពាក់ព័ន្ធនឹងការទន្ទ្រាន​កាន់កាប់ដីព្រៃ​ដោយខុស​ច្បាប់ បទល្មើស​លួច​កាប់ឈើ ការដាក់អន្ទាក់សត្វព្រៃ ​និង​បទល្មើស​ផ្សេង​ៗ​ទៀត។

លោកបាន​បន្តថា​​ ក្នុងចំណោមបទល្មើសធនធានធម្មជាតិទាំងនេះ មាន​១៧៩ករណី មាន​ពាក់ព័ន្ធនឹង​មនុស្សជិត ២០០​​​នាក់ ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំ​ជម្រះ​ក្តីតាមនីតិវិធី ​បាន​​​​ធ្វើ​ការ​ផាក​ពិន័យ​​អន្តរ កាល​​ចំនួន ៤០៣ករណី និង​​​ធ្វើការអប់រំ និងធ្វើ​​កិច្ច​សន្យា​បញ្ឈប់់​ការប្រព្រឹត្តបទល្មើសចំនួន ៦១៣​ករណី ពាក់​ព័ន្ធ​នឹង​​​​មនុស្ស ៦២៤នាក់ ដោយ​អនុឡោម​តាមច្បាប់ស្តីពី តំបន់​ការពារធម្មជាតិ។

លោក​​បានថ្លែង​ថា៖ «ទោះបីជាមាន​ការរឹតបន្តឹងការអនុវត្តច្បាប់ បង្កើន​សកម្ម​ភាព​អប់រំ​ស្តីពី​ច្បាប់​តំបន់​ការ​ពារ​ធម្ម​ជាតិ​ពី​សំណាក់​មន្ត្រី​អនុ​វត្ត​​ច្បាប់​ក៏​ដោយ​ ប៉ុន្តែ​​បទ​ល្មើសធនធានធម្មជាតិទ្រង់ទ្រាយ​តូច ដូចជា ការលប​លួចកាប់ឈើ ការ​បរ​បាញ់​និងការ​ដាក់​អន្ទាក់​សត្វ​ព្រៃ នៅ​តែ​បន្ដកើត​​មាន​នៅក្នុងតំបន់ការពារធម្មជាតិ ដែល​ភាគីពាក់ព័ន្ធនានា ត្រូវ​ចាត់​វិធាន​ការ​ជា​​ចាំបាច់​ ដើម្បី​​ទប់​​ស្កាត់​និង​បង្ក្រាប​បទល្មើសទាំងនេះ​បន្តថែមទៀត»។

លោក​នេត្រ ភក្ត្រា បានបន្ត​ទៀតថា នៅ​ក្នុង​ការចុះ​បង្ក្រាប និង​ទប់ស្កាត់​​នេះដែរ មន្ត្រីឧទ្យា​នុរក្ស រួម​នឹង​សហគមន៍​តំបន់​ការ​ពារ​ធម្មជាតិ​ ក៏បានរឹបអូ​សរណាយន្តបានចំនួន ៩៧០​គ្រឿង, រថយន្ត ​រថយន្តកែច្នៃ និង​ត្រាក់​ទ័រ​បាន​ចំនួន ៥៣​គ្រឿង, ម៉ូតូដែល​ជាមធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​បានចំនួន ១២៦​គ្រឿង, ចាប់​ឃាត់​គោយន្ត​ចំនួន ២០៣​គ្រឿង ​និង​ដោះ​អន្ទាក់ដែល​ជាឃាតកលាក់មុខសម្លាប់សត្វព្រៃ​បាន​ចំនួន ៨៩៥០​អន្ទាក់ ព្រមទាំងបាន​ដក​ហូត​កាំភ្លើង កាំ​ភ្លើង​កែច្នៃ និង​​​​ស្នា​តេះ​ដែលប្រើប្រាស់សម្រាប់​បរបាញ់សត្វ​បាន​ចំនួន ២៣៩​ដើម។

លោកបានថ្លែងថា៖ «នេះគឺជាកិច្ចខិតខំប្រឹងប្រែង​ ​ប្រកបដោយការទទួលខុសត្រូវរបស់​មន្ត្រី​គ្រប់​លំ​ដាប់​​ថ្នាក់​ ដើម្បី​បុព្វ​ហេតុ​​ការ​ពារ​​​បរិស្ថាន ​និង​​ធនធាន​ធម្មជាតិ ឲ្យ​បាន​គង់​វង្ស​​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ​ទៀត…ហើយ​​កម្លាំង​មាន​សមត្ថ​កិច្ច​​នៃរាជរដ្ឋាភិបាល មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​ទប់​ស្កាត់​ និង​បង្ក្រាប​យ៉ាង​ម៉ឹង​ម៉ាត់ ​ប្រឆាំង​នឹង​បទ​ល្មើស​ធន​ធាន​​ធម្មជាតិ​ដែល​កើត​ឡើង​ ស្របតាមច្បាប់នានា និងមិនលើកលែងឡើយ»។

បើតាមការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា បទ​ល្មើសធនធានធម្មជាតិ ក្នុងរយៈ​ពេល​៤​​ខែ​ឆ្នាំនេះ ​មានភាព​ប្រហាក់​ប្រហែល​នឹង​ការបង្ក្រាបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែរ។

សកម្មជន​ការពារព្រៃឈើ​​​​មកពីបណ្តាញសហគមន៍ព្រៃឡង់​ លោក ហឿន សុភាព បានសាទរ​​​​ចំពោះ​​សកម្មភាព​បង្ក្រាប​​ បទ​ល្មើស​​ធនធានធម្មជាតិ​របស់ក្រសួង ​និង​​បាន​ជំរុញឲ្យ​ក្រសួងបន្តបង្ក្រាប​បទល្មើស​ឲ្យដូច​ភ្លៀង​រលឹម​ ដើម្បី​ឲ្យ​ការ​ងារ​​នេះ​​កាន់​​មានប្រសិទ្ធិភាព​ ហើយបទល្មើសមានការថយ​​ចុះ។ លោកបន្ត​ថា៖ «ក្រសួង គួរ​​ពង្រឹង​​ការអនុវត្ត​ច្បាប់​បន្ថែម​ទៀត និងមិនគួរ​ប្រើប្រាស់​ការពិន័យ​អន្តរ​​កាល​​​នោះ​ឡើយ។​ ក្រសួង​​​​គួរតែ​​​ដាក់ទោសទណ្ឌ​ឲ្យបានធ្ងន់ធ្ងរ​ចំពោះ​ឈ្មួញ​ទុច្ចរឹត​ដែល​បំផ្លាញ​ធនធាន​ធម្ម​ជាតិ ដើម្បី​​ឲ្យពួក​គេ​រៀង​​ចាល»។

លោក​ ​ស ម៉ូរី ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា កាលពីថ្ងៃចន្ទ​ ក៏​បាន​​ជំរុញ​ដល់​រាជ​​រដ្ឋាភិ​បាល ក៏​​​ដូច​ជា​​ក្រសួងបរិស្ថាន ពង្រឹងការ​​អនុវត្តច្បាប់​នានាបន្ថែម​ទៀតដែរ ដើម្បីឲ្យការទប់ស្កាត់បទ​ល្មើស​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ ដោយសារកន្លងមក មានការ​រាយការណ៍ជាបន្តបន្ទាប់​​​​ពី​សហគមន៍​នៅ​​ក្បែរតំបន់ការពារធម្មជាតិ ថា​នៅ​​មាន​​បទ​ល្មើស​ព្រៃឈើ និង​សត្វព្រៃកើតមានជាហូរហែនៅឡើយ​។ លោកថា៖ «​រាជរដ្ឋាភិបាល ​មានច្បាប់ ​និង​យន្ត​ការ​គ្រប់​គ្រាន់​​ក្នុង​​ការការពារធនធានធម្មជាតិ ប៉ុន្តែប្រសិទ្ធិភាព​នៃការអភិរក្ស​នៅមានកម្រិត ​ដែលទាមទារឲ្យមាន​កិច្ច​ខិ​ត​ខំ​ប្រឹង​​ប្រែង​​បន្ថែមទៀត»។

​បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន គិតមកដល់​បច្ចុប្បន្ន ក្រសួង​បានគ្រប់គ្រង​ និងអភរិក្ស​​តំបន់​ការពារ​​ធន​ធាន​​ធម្មជាតិ​​សរុប​​​​​ចំនួន ​៦៩កន្លែង​​ លើផ្ទៃដី​ប្រមាណ ​៧,៣លាន​ហិកតា៕

Previous Article

ខ្មែរក្រោមទទួលបានសិទ្ធិអប់រំ និងសិទ្ធិរក្សាទំនាមទម្លាប់ល្អប្រសើរ តែរឹតត្បិតសិទ្ធីគ្រប់គ្រងដីធ្លី

Next Article

JICA ផ្តល់ថវិកាចំនួន ៣២ លានដុល្លារសម្រាប់វិស័យទឹកស្អាត