cellcard cellcard

តម្លៃម្រេចក្នុងស្រុកមានការកើនឡើងវិញ

ឈុត ប៊ុនធឿន / Khmer Times Share:
Khmer Times

កសិករដាំម្រេចក្នុងស្រុកបានរាយការណ៍អំពីការកើនឡើងយ៉ាងខ្លាំងនូវតម្លៃម្រេច ដែលមានការកើនឡើងស្ទើរតែ ១០០ ភាគរយ បន្ទាប់ពីអ្នកទិញជនជាតិចិនបានបន្តការបញ្ជាទិញខណៈពេលដែលស្ថានការណ៍នៃការឆ្លងរាលដាលនៃវីរុសកូវីដ១៩មានភាពធូរស្បើយនៅក្នុងប្រទេស ។

ការកើនឡើងនេះកើតឡើងបន្ទាប់ពីរបាយការណ៍មួយពីប្រទេសវៀតណាមកាលពីសប្តាហ៍មុនដែលបានលើកឡើងថាម្រេចនៅក្នុងទីផ្សារក្នុងស្រុករបស់ពួកគេបច្ចុបន្បន្នត្រូវបានលក់ក្នុងតម្លៃចន្លោះពី ២,០៨ ដុល្លារទៅ ២,១៧ ដុល្លារក្នុងមួយគីឡូក្រាម ពោលគឺមានការកើនឡើងចំនួន ៣០ ភាគរយធៀបនឹងខែមុន។

លោក​ ម៉ាក់​ នី​ ប្រធាន​សហព័ន្ធ​ម្រេច​ និង​គ្រឿងទេស​កម្ពុជា​ (CPSF) បានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថាតម្រូវការខ្ពស់នៅក្នុងទីផ្សារប្រទេសចិននិងវៀតណាមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កសិករក្នុងស្រុក។

លោកបានថ្លែងថា៖ «ម្រេចក្នុងទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្នមានតម្លៃប្រហែលជា ២,៦៧ ដុល្លា (១១,០០០ រៀល) ក្នុងមួយគីឡូក្រាម បើប្រៀបធៀបកាលពីពេលកន្លងទៅដែលមានតម្លៃ ១,៤៦ ដុល្លារ (៦,០០០ រៀល) ក្នុងមួយគីឡូក្រាម។»

លោក​ ម៉ាក់​ នី បានបន្តឲ្យដឹងថាកាលពីឆ្នាំមុន តម្លៃម្រេចអាចលក់បានក្នុងចន្លោះពី ១,៧០ ដុល្លារទៅ ២,១៩ ដុល្លារនៅលើទីផ្សារក្នុងស្រុក ដែលជាចំនួនមួយដែលមានកម្រិតទាបសម្រាប់អ្នកដាំក្នុងការទទួលបានប្រាក់ចំណេញ ខណៈដែលតម្លៃដែលត្រូវបានស្នើសុំគឺ ២,៥ ដុល្លារក្នុងមួយគីឡូក្រាម។

លោកបានមានប្រសាសន៍ថា៖ «លក្ខខណ្ឌមិនអំណោយផលនានានៅតែជាបញ្ហាចម្បង ខណៈដែលតម្លៃដើម្បីទទួលបានផលចំណេញតិចជាងឆ្នាំមុនៗ ជាហេតុធ្វើឱ្យកសិករមួយចំនួនបានឈប់ដាំដំណាំម្រេចនេះ។»

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​កសិកម្មនិងជាម្ចាស់កសិដ្ឋានដាំម្រេចមួយកន្លែងនៅក្នុងខេត្តមណ្ឌលគីរីលោក ច័ន្ទ សុផល បានមានប្រសាសន៍ថាម្រេចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើឈ្មួញវៀតណាម។

លោកបានថ្លែងថាប្រសិនបើទីផ្សារម្រេចឡើងថ្លៃនៅក្នុងប្រទេសវៀតណាមដែលបណ្តាលមកពីតម្រូវការខ្ពស់នៅក្នុងខ្សែសង្វាក់នោះ វានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់កសិករក្នុងស្រុក។

ទាំងលោក ម៉ាក់ នី និង លោក ច័ន្ទ សុផល បានធ្វើការកត់សម្គាល់ថាប្រទេសកម្ពុជាអាចផលិតម្រេចបានរហូតដល់ ២ ម៉ឺនតោនជារៀងរាល់ឆ្នាំ ខណៈដែលការនាំចេញម្រេចរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាមមានចំនួន ៨០ ទៅ ៩០ ភាគរយ ។

លោក ច័ន្ទ សុផល បានបន្តឲ្យដឹងថា ដំណាំនេះជួបនឹងបញ្ហាគ្រោះរាំងស្ងួតនាពេលបច្ចុប្បន្ន ដូចនេះហើយវាមិនអាចផ្តល់ទិន្នផលខ្ពស់សម្រាប់ឆ្នាំនេះបានទេ។ ជាមួយគ្នានេះផងដែរ ស្តុកដែលបានមកពីការប្រមូលផលនាពេលថ្មីៗនេះក្នុងខែមីនានិងមេសាក៏ជិតលក់អស់ហើយផងដែរដោយសារតែវាមានតម្លៃទាប។

លោក ប៉ោ គង់ ម្ចាស់​កសិដ្ឋាន​ដាំ​ដុះ​ម្រេច​ Orchel Farm Co ជាក្រុមហ៊ុនម្រេចសរីរាង្គក្នុងស្រុកមួយបានធ្វើការលើកឡើងស្រដៀងគ្នាថា កសិករ ៨០ ភាគរយបានឈប់ដាំម្រេចដោយសារតែមិនទទួលបានប្រាក់ចំណូលពីការដាំដំណាំមួយនេះ។

យោងតាមក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឲ្យដឹងថា ម្រេចកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសចំនួន ១៣ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ។

ម្រេចកម្ពុជាចំនួនប្រមាណជា ២,២៥០ តោនត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន បែលហ្ស៊ិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វ៊ីស វៀតណាម សហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡារុស្ស និងកូរ៉េ។

ខណៈពេលដែលកំណើនផលិតកម្មប្រចាំឆ្នាំនៅទូទាំងពិភពលោកមានចំនួនប្រមាណជា ៨ ភាគរយ កំណើនអ្នកប្រើប្រាស់មានប្រហែលតែ ២ ភាគរយប៉ុណ្ណោះ។

លោក Nguyen Nam Hai ​ប្រធាន​​សមាគម​ម្រេច​វៀត​ណាម​ត្រូវបានដកស្រង់សម្តីដោយលើកឡើងថានៅក្នុងរយៈពេលវែង តម្លៃម្រេចទំនងជាមិនកើនឡើងដូចកាលពីមុនឡើយ។

លោក ម៉ាក់ នី បានថ្លែងថាប្រទេសកម្ពុជាមានការលំបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសវៀតណាមខណៈដែលប្រទេសមួយនេះមានឈ្មួញធំៗ ហើយអ្នកនាំចេញក្នុងស្រុកមានការលំបាកក្នុងការទាក់ទងជាមួយអ្នកទិញដោយផ្ទាល់។

លោកបានមានប្រសាសន៍ថា៖ «កត្តាផ្សេងៗទៀតមានដូចជាថ្លៃដឹកជញ្ជូនខ្ពស់ជាងប្រទេសវៀតណាម ហើយយើងចង់ឲ្យរដ្ឋាភិបាលមានការជួយសម្រួលដូចអ្វីដែលបានធ្វើចំពោះវិស័យស្រូវ។” ប្រែសម្រួល ភុន ច័ន្ួឧសភា

Previous Article

ផែនការមេបង្ហាញពីការអភិវឌ្ឍអាកាសយានដ្ឋានក្នុងក្រុងព្រះសីហនុនាពេលអនាគត

Next Article

កង​កម្លាំង​មួក​ខៀវ​កម្ពុជា​បី​រូប​ទៀត​ឆ្លង​កូវីដ​១៩ នៅ​ប្រទេស​ម៉ាលី​