cellcard cellcard

ជំងឺកូវីដ១៩ ប៉ះពាល់ធ្ងន់ធ្ងរដល់សេវាកម្មទេសចរណ៍នៅខេត្តសៀមរាប

ប៉ិច សុធារី / Khmer Times Share:

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា គិតមកដល់ថ្ងៃអង្គារ​ សណ្ឋា​រគារ និង​ផ្ទះសំណាក់​ជាង ​១០០​កន្លែងនៅក្នុងខេត្តនេះ ត្រូវ​បានបិទ​ទ្វារ  ខណៈជាង ២៣០កន្លែង​ទៀត ត្រូវ​បានផ្អាក​អាជីវកម្មជាបណ្តោះអាសន្ន ក្នុងកំឡុង​ពេល​ដែល​កម្ពុជា ​ជួប​បញ្ហាជំងឺកូវីដ​១៩។

ប្រធានមន្ទីរទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូវ ​សេង​កាក់ បាន​ឲ្យដឹងនៅក្នុង​សន្នី​សីទ​សារព័ត៌មាន​ ស្តីពី​វឌ្ឍនភាព និង​ទិសដៅការ​ងារ​​បន្តរបស់រដ្ឋបាលខេត្តសៀមរាប នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ កាលពីថ្ងៃម្សិលមិញថា​​​​ ក្នុង​ដំណាក់​កាល ដែល​កម្ពុជា មានបញ្ហា​​ជំងឺ​កូវីដ​១៩នេះ​ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យទេស​ចរណ៍នៅក្នុងខេត្តនេះ ក្នុងនោះ មាន​​​សណ្ឋា​គារ​ចំនួន ១៧២​កន្លែង បានផ្អាក​ដំណើរការជា​បណ្តោះអាសន្ន និងចំនួន ១៨កន្លែងផ្សេង​ទៀត បានបិទ​ទ្វារ ពោលគឺមានសណ្ឋាគារ​តែ​ ៤០កន្លែងប៉ុណ្ណោះ ដែលកំពុងបើកដំណើរការជាធម្មតា។

លោកបន្តថា ចំពោះ​ផ្ទះសំណាក់វិញ​ មាន​៦៦​កន្លែង កំពុង​ដំណើរការ​អាជីវកម្មធម្មតា ខណៈ ៩៦​កន្លែង​បានបិទ​ទ្វារ និង​​៩៩កន្លែង​បាន​ផ្អាក​ដំណើរ​​ការ​​ ប៉ុន្តែ​សម្រាប់ភោជនីយ៍ដ្ឋាន​នានាបានដំណើរ​ការជាធម្មតា។​

លោកថា៖ «ការ​ប៉ះ​ពាល់នៅក្នុងវិស័យ​ទេស​ចរណ៍​នេះ នៅក្នុងកំឡុងពេលមានជំងឺ​កូវីដ​១៩នេះ គឺ​មាន​សភាពធ្ងន់ធ្ងរ​ យើងឃើញ​ វា​បានធ្វើឲ្យបាត់ចំណូលច្រើន​ក្នុងវិស័យ​ទេសចរណ៍​…​ក្នុងនោះក៏​មាន​ផល​​ប៉ះ​ពាល់​ដល់់​កម្មករនិយោ​ជិត​ក្នុង​វិស័យ​ទេសចរណ៍​​​​ជាង ៨០០០នាក់»។

លោកង៉ូវ សេង​កាក់ បានបន្តទៀតថា ចំពោះស្ថាន​ភាព​​ភ្ញៀវ​ទេស​ចរណ៍​ជាតិ និងអន្តរ​ជាតិទៅកាន់ខេត្តសៀមរាប​វិញ ក៏មានការធ្លាក់ចុះ​ខ្លាំងផង​ដែរ ក្នុងនោះ​រយៈពេល​៤ខែ​ដើមឆ្នាំនេះ មាន​​ភ្ញៀវទេស​ចរ​​ចំនួន ៣៨៤៣១៨នាក ថយ​ចុះ ៦០,៥១​% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន ដែលមានដល់ទៅ​ជិត​១លាន​នាក់។

លោកថា៖ «សម្រាប់ខែ​ឧសភាកន្លងទៅនេះ​ ភ្ញៀវ​ទេ​សចរ​មាន​តែ​ ១៧៧៦នាក់ ធ្លាក់ចុះ​ ៩៨,៧៧% បើ​ធៀប​នឹង​ខែ​ឧសភា​ឆ្នាំ​មុន ដែលមានជាង​១៤ម៉ឺននាក់»។

ទោះយ៉ាង​ណា​ លោក​ថា ក្រសួង​ទេសចរណ៍ រួម​និងរដ្ឋបាលខេត្ត ​បាននឹង​កំពុង​រៀបចំផែនការ​សកម្មភាព​នានា​បន្ថែម​ទៀត ​ដើម្បីទាក់ទាញ​ភ្ញៀវ​ទេសចរ រួមនិងការ​​សិក្សាពី​​សក្តានុ​ពល​​ទេស​ចរណ៍ថ្មីៗ​បន្ថែម​ទៀត និង​ការចងក្រង​ឯកសារ​ផ្សេង​ៗដើម្បីផ្សព្វផ្សាយ​ពីតំបន់ទេសចរណ៍ដែលមាន​សុវត្ថិភាព​ក្នុងកំឡុងពេលមានបញ្ហា​ជំងឺ​កូវីដ១៩ជា​ដើម។

ពាក់ព័ន្ធនឹងវិស័យ​ទេសចរណ៍នេះ​ដែរ អភិបាលរងខេត្ត​សៀមរាប លោក លី សំរិទ្ធ បានបន្ថែម​ថា គណៈ​កម្មការ​អន្តរ​ក្រសួង បាននិងកំពុងរៀបចំ​ផែនការមេ ស្តីពី​​ការ​​​អភិវឌ្ឍន៍​វិស័យ​ទេស​ចរណ៍ និង​រៀបចំទីក្រុង​សៀមរាបឲ្យ​​ទៅ​ជា​ទីក្រុង​ឆ្លាត​​វៃ(Smart City) ដើម្បីទាក់ទាញ​ភ្ញៀ​វ​ទេសចរទៅកាន់​ខេត្ត​​​​នេះ​បន្ថែម​ទៀត។

លោក​បន្តថា ផែនការ​សកម្មភាព​ទាំង​នោះ មាន​ដូចជា ការរៀបចំ​កែលម្អបរិស្ថាន​ដើម្បីឲ្យ​ទីក្រុងសៀមរាបក្លាយ​ជាទី​ក្រុង​​ស្អាត​ ការរៀបចំកែលម្អ​​បង្គោល​ភ្លើងសាធារណៈ បំពាក់កាមេរ៉ាសុវត្ថិភាព កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បង្កើន​​បរិមាណ​ផ្គត់​ផ្គង់ទឹកស្អាតនិង​​អគ្គិស​​នី រៀបចំសណ្តាប់ធ្នាប់សាធារណៈ​និង​​​ចរាចរណ៍ បង្កើន​​ការ​ផ្សព្វផ្សាយពី​​គោល​ដៅ​ទេសចរណ៍​នានា​​បន្ថែម​ទៀត ពង្រឹងសេវាកម្ម​ទេសចរណ៍ឲ្យកាន់តែមាន​ភាពល្អប្រសើរ​​ រួមនិង​ផែនការ​សកម្ម​ភាព​មួយ​ចំនួន​​​​​​ទៀត។

​​លោកថា៖ «ដូច្នេះ​សូម​​អំពាវ​នាវដល់​​បងប្អូន​ប្រជាពលរដ្ឋ​ មេត្តាទៅលេងខេត្ត​សៀមរាប កុំលឺ​​​​ថាសណ្ឋាគារ​និងផ្ទះ​សំណាក់​​បិទ​អស់ អត់មានកន្លែងសម្រាក​ទេ គឺមិន​មែនទេ យើង​នៅមាន​សណ្ឋាគារនិង​ផ្ទះសំណាក់មួយចំនួន​​ដំណើរ​ការធម្មតា​ ភោជនីយ៍​ដ្ឋានមួយចំនួន និងកន្លែងកម្សាន្តនានា​ ​គឺ​​នៅដំណើរការដដែល​​ទេ ប៉ុន្តែសូមមាន​ការប្រុង​ប្រយ័ត្ន​ការ​​ពារ​​ជំងឺ​កូវីដ​១៩​តាមការណែនាំរបស់ក្រសួង​សុខាភិបាល​»។

ស្នងការរងនៃ​ស្នងការ​ដ្ឋាន​នគរបាលខេត្តសៀមរាប លោកឧត្តម​សេនីយ៍​​ត្រី តេង​ ច័ន្ទ​ណាត បាន​មាន​​ប្រសាសន៍ថា បើទោះជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការ​ធ្លាក់ចុះដោយសារបញ្ហា​ជំងឺកូវីដ១៩នេះក៏​ដោយ ប៉ុន្តែ​​កម្លាំង​សមត្ថ​កិច្ច​​​ចម្រុះ​ នៅតែ​បន្តការ​ពារ និងរក្សា​សន្តិ​សុខ សណ្តាប់ធ្នាប់ ​ជូន​ភ្ញៀវ​ទេស​ចរ​ជាតិ និងអន្តរ​ជាតិទាំង​យប់ទាំងថ្ងៃ នៅ​តាម​​គោលដៅ​ទេសចរណ៍នានា​ក្នុង​ខេត្ត​ ​​​ដើម្បី​ធានា​សុវត្ថិភាពជូនភ្ញៀវ​ទេសចរទាំង​អស់​៕

Previous Article

លោក ហ៊ុន សែន វាយ​បក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ថា ប្រើ​ស្តង់ដារ​ពីរ​

Next Article

ការរួមបញ្ជូលគ្នា រវាងក្រុមហ៊ុន Pi Pay និង ក្រុមហ៊ុន SmartLuy ទទួលបានការយល់ព្រម ពីធនាគារជាតិ នៃកម្ពុជា