cellcard cellcard

ការរួមបញ្ជូលគ្នា រវាងក្រុមហ៊ុន Pi Pay និង ក្រុមហ៊ុន SmartLuy ទទួលបានការយល់ព្រម ពីធនាគារជាតិ នៃកម្ពុជា

Mark Hughes / Khmer Times Share:
Supplied

ក្រុមហ៊ុនស្មាត អាស្សាតា ខូ អិលធីឌី (Smart) ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺស្មាតលុយ (SmartLuy)  និងក្រុមហ៊ុន ផាយផេ ភីអេលស៊ី (Pi Pay) បានទទួលការយល់ព្រមពីធនាគារជាតិកម្ពុជា ដើម្បីធ្វើការរួមបញ្ចូលគ្នា។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនទាំងពីរបានសម្រេចក្នុងការរួមបញ្ចូលគ្នា ខណៈដែលគេរំពឹងថានឹងផ្ដល់ជាលទ្ធផលវិជ្ជមានក្នុងការទូតទាត់ប្រាក់ក្នុងប្រទេសកម្ពុជា។

លោក Tomas Pokorny នាយកប្រតិបត្តិក្រុមហ៊ុន Pi Pay បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនិងដំបូងបង្អស់ក្នុងការទូទាត់ប្រាក់តាមកម្មវិធីឌីជីថលនៅកម្ពុជាដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អាជីវករក៏ដូចជាការបង្ហាញពីសក្តានុពលនាពេលអនាគត ការរួមបញ្ចូលគ្នានេះនឹងផ្តល់ឲ្យ Pi Pay នូវសេវាកម្មថ្មីៗជាច្រើនបន្ថែមទៀត។ តាមរយៈកិច្ចសហការជាមួយនិងក្រុមហ៊ុនស្មាតនេះ ក្រុមហ៊ុន Pi Pay នឹងទទួលបានភាពប្រសើរឡើងដើម្បីជួយដល់របៀបវារៈរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយឧបសគ្គក្នុងការធ្វើឌីជីថលនីយកម្មនិងពង្រីកការអនុម័តការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលក្នុងចំណោមអតិថិជនក៏ដូចជាពាណិជ្ជករទាំងអស់។»

ប្រតិបត្តិការនេះនឹងត្រូវបានបញ្ចប់បន្ទាប់ពីបំពេញតាមលក្ខន្តិកៈចាំបាច់នានាពីអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។ តាមរយៈការធ្វើសមាហរណកម្មរួមបញ្ជូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះ បុគ្គលិករបស់ SmartLuy នឹងចូលរួមជាមួយអតិថិជន ភ្នាក់ងារ របស់ Pi Pay និង SmartLuy ក៏ដូចជាអាជីវកដែលប្រើប្រាស់ Pi Pay ។ ជាមួយគ្នានេះផងដែរ អតិថិជន SmartLuy ដែលមានស្រាប់អាចផ្លាស់ប្តូរគណនីរបស់ពួកគេទៅកាន់គណនី Pi Pay មុនពេលដំណើរការសមាហរណកម្មត្រូវបានបញ្ចប់។ ព័ត៌មានបន្ថែមទៀតទាក់ទងនឹងការរួមបញ្ជូលនេះនឹងត្រូវបានផ្តល់ជូនតាមរយៈបណ្តាញនានា។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ដំណើរការអនុម័តយ៉ាងឆាប់រហ័សរបស់ធនាគារជាតិនៃកម្ពុជាគឺជាការជម្រុញដ៏ធំមួយឆ្ពោះទៅរកភាពឈានមុខគេរបស់ Pi Pay ក្នុងការទូទាត់ប្រាក់តាមឌីជីថលនៅក្នុងប្រទេសកម្ពុជា។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ការវិវឌ្ឍន៍ជាវិជ្ជមាននេះគឺស្របតាមយុទ្ធសាស្រ្តដ៏សំខាន់នៃការពង្រឹងផលប័ត្រអាជីវកម្មឌីជីថលរបស់យើង ក៏ដូចជានាំមកនូវគំនិតច្នៃប្រឌិត របៀបរស់នៅ និងការកម្សាន្តផ្សេងៗសម្រាប់អតិថិជនរាប់លាននាក់របស់យើង។ អតិថិជន ភ្នាក់ងារ និងអាជីវករបស់ SmartLuy ទាំងអស់នឹងត្រូវបានជូនដំណឹងជាបន្តបន្ទាប់ក្នុងកំឡុងពេលនៃការរួមបញ្ជូលគ្នានេះ ខណៈដែលប្រតិបត្តិការនេះនឹងបញ្ចប់ដោយជោគជ័យឆាប់ៗនេះ ហើយទទួលបានសក្តានុពលដ៏ធំធេងក្នុងការលើកកម្ពស់ការរួមបញ្ចូលហិរញ្ញវត្ថុក៏ដូចជាសង្គមឌីជីថលនៅក្នុងប្រទេសកម្ពុជា។»

ក្រោយការរួមបញ្ចូលគ្នានេះ Pi Pay នឹងមានឱកាសក្នុងការទទួលបានប្រាក់ចំណូលកាន់តែច្រើនក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធទូទាត់កាន់តែរឹងមាំ ជាពិសេសគឺបង្កើនធនធានដើម្បីទប់ទល់នឹងបញ្ហាបច្ចុប្បន្នក៏ដូចជាបញ្ហាប្រឈមនាពេលអនាគតនៅក្នុងបរិយាកាសទីផ្សារនាពេលបច្ចុប្បន្ន។ បន្ថែមពីនេះទៀត Pi Pay ត្រូវបានគេរំពឹងថានឹងកាន់តែមានប្រសិទ្ធិភាពនិងភាពច្នៃប្រឌិតដើម្បីពង្រឹងកម្មវិធីរបស់ខ្លួនតាមរយៈការប្រើប្រាស់បណ្តាញភ្នាក់ងារដ៏រឹងមាំរបស់ SmartLuy នៃក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ប្រែសម្រួល ភុន ច័ន្ទឧសភា​

Previous Article

ជំងឺកូវីដ១៩ ប៉ះពាល់ធ្ងន់ធ្ងរដល់សេវាកម្មទេសចរណ៍នៅខេត្តសៀមរាប

Next Article

ធនាគារពិភពលោក៖ វិស័យកាត់ដេរកម្ពុជាគួរតែត្រូវបានផ្លាស់ប្ដូរទៅកាន់វិស័យ​អេឡិចត្រូនិច