cellcard cellcard

ការចុះឈ្មោះអាជីវកម្មថ្មីតាមអនឡាញ ចាប់ផ្តើមនៅក្នុងខែនេះ

សុខ ចាន់ / Khmer Times Share:
KT/Mai Vireak

ដំណាក់កាលទី ១ នៃវេទិកាថ្នាក់ជាតិនៃការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធព័ត៌មានវិទ្យា នឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ទី ២ ក្នុងខែមិថុនានេះ។ នេះបើតាមការឲ្យដឹងពី មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

វេទិកាចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធព័ត៌មានវិទ្យានឹងជួយសម្រួលក៏ដូចជាលើកទឹកចិត្តដល់ការចុះឈ្មោះអាជីវកម្មសម្រាប់ក្រុមហ៊ុនទាំងអស់ ជាពិសេសដើម្បីគាំទ្រដល់ក្រុមហ៊ុនដែលមានបំណងក្នុងការចុះបញ្ជីនិងទទួលបានឥណទានពីមូលនិធិពិសេសរបស់រាជរដ្ឋាភិបាល។

លោក គង់ ម៉ារី ទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ (TSC) បានប្រាប់កាសែតខ្មែរថាមស៍ថាវេទិកាព័ត៌មានវិទ្យានេះនឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។

លោក គង់ ម៉ារី បានបន្ថែមថា វេទិកានេះនឹងរួមបញ្ចូលគ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល វិជ្ជាជីវៈ និងអគ្គនាយកដ្ឋានពន្ធដារ (GDT) ។

លោកបានបន្តឲ្យដឹងថា «ជាមួយនឹងវេទិកាចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអនឡាញនេះ អាជីវកម្មឬសហគ្រាសធុនតូចនិងមធ្យមក៏អាចទទួលបានមូលនិធិពិសេសរបស់រាជរដ្ឋាភិបាលជាមួយនឹងអត្រាការប្រាក់ទាប។ យើងបានបើកដំណើរការវេទិកានេះឡើងដើម្បីជួយដល់សហគ្រាសធុនតូចនិងមធ្យមដែលមិនមានឯកសារផ្លូវការ ដូច្នេះពួកគេអាចចុះឈ្មោះនិងទទួលបានអាជ្ញាប័ណ្ណក្នុងរយៈពេលប្រាំបីថ្ងៃ ហើយបន្ទាប់មកទៀត ពួកគេអាចស្នើសុំប្រាក់កម្ចីពីធនាគារបាន។»

«កិច្ចការនេះបានដំណើរការអស់រយៈពេលជាងមួយឆ្នាំហើយ ខណៈដែលឥឡូវនេះយើងទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាលក្នុងការបើកដំណើរការវេទិកានេះនៅសប្តាហ៍ទី ២ នៃខែមិថុនានេះ។»

លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា នាពេលកន្លងទៅ ការចុះបញ្ជីអាជីវកម្មត្រូវបានធ្វើឡើងដាច់ដោយឡែកនិងនៅទីតាំងផ្សេងៗគ្នា ខណៈដែលម្ចាស់អាជីវកម្មត្រូវចុះឈ្មោះនៅក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធដទៃ
ទៀត។

លោក គង់ ម៉ារី បានបន្តឲ្យដឹងថា៖ «តាមរយៈប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញនេះដែរ ពួកគេ [ពាណិជ្ជករ] អាចចុះឈ្មោះតាមរយៈប្រព័ន្ធអនឡាញ ហើយពួកគេអាចភ្ជាប់ទៅកាន់អង្គភាពពាក់ព័ន្ធផ្សេងទៀតរបស់រដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារជាមួយនឹងប្រព័ន្ធទូទាត់អេឡិចត្រូនិក។ បន្ទាប់មក រាល់ទិន្នន័យទាំងអស់នឹងភ្ជាប់ទៅកាន់ក្រសួងពាក់ព័ន្ធនីមួយៗដោយស្វ័យប្រវត្តិ។»

លោកបានមានប្រសាសន៍ថា៖ «ក្នុងរយៈពេលប្រាំបីថ្ងៃនៃការចុះឈ្មោះអាជីវកម្មតាមអនឡាញនេះ ប្រសិនបើគ្មានបញ្ហាណាមួយជាមួយនឹងពាក្យស្នើសុំនោះ ពួកគេនឹងត្រូវបានជូនដំណឹងអំពីភាពជោគជ័យនៃការចុះឈ្មោះអាជីវកម្មរបស់ពួកគេ។ វាគឺជាការចុះឈ្មោះតាមប្រព័ន្ធអនឡាញដោយមិនតម្រូវឲ្យជួបផ្ទាល់ ខណៈដែលការជួបជុំគ្នាអាចបង្កើតជាបញ្ហាបាន ដូច្នេះយើងចង់អោយប្រព័ន្ធនេះដំណើរការដោយស្វ័យប្រវត្តិរួមទាំងការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។»

លោកបានបន្ថែមថា៖ «នេះជាអ្វីដែលសហគ្រាសធុនតូចនិងមធ្យមកំពុងតែរង់ចាំ ខណៈដែលការចុះបញ្ជីអាជីវកម្មកាលពីពេលកន្លងទៅត្រូវចំនាយរយៈពេលជាច្រើនខែ។ ឥឡូវនេះការចុះឈ្មោះចំណាយពេលត្រឹមតែប្រាំបីថ្ងៃប៉ុណ្ណោះ។ គោលបំណងសំខាន់របស់យើងគឺដើម្បីជំរុញឲ្យសហគ្រាសធុនតូចនិងមធ្យមចុះបញ្ជី ខណៈដែលបច្ចុប្បន្នវាមានលក្ខណៈសាមញ្ញ ក្នុងរយៈពេលខ្លីនិងមានតម្លៃទាប។ រដ្ឋាភិបាលក៏បានកាត់បន្ថយតម្លៃនៃការចុះបញ្ជីអាជីវកម្មចំនួន ៥០ ភាគរយ និង ៥០ ភាគរយផ្សេងទៀតនៃប៉ាតង់ពីអគ្គនាយកដ្ឋានពន្ធដារផងដែរ។»

លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់កាសែតខ្មែរថាមស៍ថា ក្រសួងរបស់លោកក៏បានចូលរួមក្នុងដំណើរការនេះផងដែរដែរ ខណៈដែលលោកបានបន្ថែមឲ្យដឹងថានេះគឺជាសកម្មភាពមួយដ៏ល្អពីព្រោះសហគ្រាសធុនតូចនិងមធ្យមជាច្រើនមិនទាន់បានចុះបញ្ជីអាជីវកម្មរបស់ខ្លួននៅឡើយទេ។ ដូច្នេះ រដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់លើបញ្ហានេះ។

លោក ឈា ឡាយហ៊ី បានមានប្រសាសន៍ថា គោលបំណងគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសធុនតូចនិងមធ្យមនិងធ្វើឱ្យការចុះឈ្មោះមានភាពងាយស្រួលសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មនិងសហគ្រាសធុនតូចនិងមធ្យម។ វាគឺជាវេទិកាតែមួយដើម្បីបម្រើដល់សហគ្រាសធុនតូចនិងមធ្យមទាំងអស់ ហើយវាឆ្លើយតបទៅនឹងក្របខ័ណ្ឌអាស៊ានដែលតម្រូវឱ្យប្រទេសទាំងអស់ក្នុងអាស៊ានសន្សំសំចៃពេលវេលាក្នុងការចុះឈ្មោះអាជីវកម្ម។

លោកបានបន្ថែមឲ្យដឹងថា៖ «បច្ចុប្បន្ន យន្តការរដ្ឋាភិបាលគឺផ្តោតអាទិភាពលើសហគ្រាសធុនតូចនិងមធ្យម។ ដូច្នេះហើយបានជារដ្ឋាភិបាលផ្តួចផ្តើមវេទិកាជាតិសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធព័ត៌មានវិទ្យានេះ។ សហគ្រាសធុនតូចនិងមធ្យមអាចចំណាយពេលធ្វើការចុះឈ្មោះតែម្ដងនៅលើវេទិកា ហើយបន្ទាប់មកពួកគេនឹងទទួលបានអាជ្ញាប័ណ្ណពេញលេញ ប៉ាតង់ ការបង់ពន្ធក៏ដូចជាការកាត់បន្ថយថ្លៃសេវាផងដែរ។»

លោកបានមានប្រសាសន៍ថាវេទិកាសម្រាប់ការចុះឈ្មោះអាជីវកម្មគ្រប់គ្រងទិន្នន័យទាំងអស់ហើយមានភាពងាយស្រួលជាមួយនឹងគោលនយោបាយលើកទឹកចិត្តដើម្បីជួយសម្រួលដល់សហគ្រាសធុនតូចនិងមធ្យម។

«ការចុះឈ្មោះតាមអនឡាញនេះក៏តម្រូវឲ្យមានជំនាញមួយចំនួនក្នុងការចុះឈ្មោះផងដែរ។ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខនឹងបញ្ហា។ នៅពេលដែលយើងបញ្ចប់វេទិការបស់យើងហើយប្រកាសពីការចាប់ផ្តើមជាផ្លូវការ យើងនឹងមានវគ្គណែនាំសម្រាប់សហគ្រាសធុនតូចនិងមធ្យមឬម្ចាស់អាជីវកម្ម។ យើងក៏មានក្រុមបច្ចេកទេសដើម្បីបង្កើនសមត្ថភាពរបស់ពួកគេនិងបណ្តុះបណ្តាលពួកគេពីរបៀបក្នុងការចុះឈ្មោះអាជីវកម្មតាមអនឡាញនេះផងដែរ។

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីឆ្នាំ ២០១៩ កន្លងទៅ ក្នុងចំណោមក្រុមហ៊ុនចំនួន ៥១០ ០០០ ដែលបានចុះបញ្ជីនៅកម្ពុជា ក្នុងនោះជាង ៩០ ភាគរយជាសហគ្រាសធុនតូចនិងមធ្យម។ សហគ្រាសធុនតូចនិងមធ្យមជាង ៥ ម៉ឺន បានចុះបញ្ជីអាជីវកម្មជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខណៈដែល អាជីវកម្មទាំងនេះបានផ្តល់ការងារដល់ប្រជាជនជាង ១,២ លាននាក់ និងបានរួមចំណែកដល់ជាង ៣២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសផងដែរ៕ ប្រែសម្រួល ភុន ច័ន្ទឧសភា

Previous Article

ធនាគារពិភពលោក៖ វិស័យកាត់ដេរកម្ពុជាគួរតែត្រូវបានផ្លាស់ប្ដូរទៅកាន់វិស័យ​អេឡិចត្រូនិច

Next Article

កម្មករ​សំណង់​ជិត ១០០ នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​