cellcard cellcard

មន្ដ្រីបរិស្ថានសម្ដែងការព្រួយបារម្ភចំពោះការបាត់បង់ជីវៈចម្រុះ និងធនធានធម្មជាតិ

ប៉ិច សុធារី / Khmer Times Share:
(Photo by TANG CHHIN Sothy / AFP)

ភ្នំពេញ៖ ក្រសួងបរិស្ថាន កាលពីថ្ងៃចន្ទ បាន​អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ ចូលរួម​ការពារ និងអភិរក្ស​​ជីវៈ​ចម្រុះ ​ធនធានធម្មជាតិ និងថែរក្សាបរិស្ថាន​ឲ្យ​​បាន​គង់វង្ស​ ដើម្បីជាប្រយោជន៍​សម្រាប់​​មនុស្សគ្រប់ជំនាន់ ខណៈ​ជីវ​ចម្រុះ​ និង​ធន​ធាន​​​​មួយ​ចំនួន​​បានរងនូវការ​គំរាមកំហែង។

ការអំពាវនាវរបស់ក្រសួងបានធ្វើឡើងស្របពេលដែលកម្ពុជា គ្រោងនឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅថ្ងៃសុក្រសប្តាហ៍​នេះ ក្រោមប្រធានបទ «ការអភរិក្សជីវៈចម្រុះដើម្បីយើង​ទាំងអស់គ្នា»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោ​ក នេត្រ ភក្រ្តា បានមានប្រសាសន៍​​​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​មាន​ក្រសួងបរិស្ថាន បានខិតខំរៀបចំចង​ក្រង​នូវផែនការយុទ្ធសាស្ត្រ ផែនការកម្មភាព​ និងគោលនយោ​បាយ​នានា​ ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្ម​ជាតិ ជីវ​ចម្រុះ និងសត្វព្រៃ ដែលជាលទ្ធផល ​កម្ពុជា មាន​តំបន់​អភិរក្ស​ធន​ធាន​​ធម្មជាតិ​​សរុប​​​ចំនួន ​៦៩កន្លែង​​ លើផ្ទៃដី​ប្រមាណ​៧,៣លាន​ហិកតា។

តែយ៉ាងណា លោក​​ថា បន្ចុប្បន្ន ជីវៈ​ចម្រុះ​កំពុងទទួល​រង​នូវការគំរាមកំហែងមួយ​​ចំនួន ដូច​ជា ការបំផ្លិច​​បំផ្លាញ​ជម្រក​សត្វ​​ព្រៃ​ តាមរយៈការ​ទន្ទ្រាន​កាន់កាប់ដីព្រៃខុសច្បាប់ ការលួចកាប់ព្រៃឈើខុសច្បាប់ ការបរបាញ់សត្វ និងការបន្ត​ទទួល​​ទានសាច់សត្វ​ព្រៃ​​ជាអាហាររបស់បុគ្គលមួយចំនួន ​ដោយជឿថា​ជាឱសថជាដើម។​

លោកបានគូសបញ្ជាក់ថា៖ «​អ្នកប្រព្រឹត្តភាគច្រើន​ ជា​​ប្រជាពលរដ្ឋដែលរស់នៅជុំវិញនិងនៅ​​ក្នុង​តំបន់ការពារធម្មជាតិ  ហេតុ​ដូច្នេះ​ហើយ​បានជារាជរដ្ឋាភិបាល ជំរុញការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន បង្កើន​ចំណូល​តាម​រយៈ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ធម្មជាតិ បង្កើតមុខរបរថ្មី ដែលជា​​ជម្រើសថ្មីដល់ប្រជា​ពលរដ្ឋ ដើម្បី​ឲ្យ​ពួកគេ​​បញ្ឈប់​មុខរបរ​ប្រពៃណី​ចូល​ព្រៃ​​កាប់ឈើ និងបរបាញ់សត្វ»។

លោកនេត្រ ភក្ត្រា បាន​បន្ថែមថា រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង នឹង​បន្តពង្រឹង​ការអនុវត្តច្បាប់​​ និងផ្សព្វផ្សាយ​​​អប់រំបណ្តុះស្មារតី​ប្រជា​ពលរដ្ឋឲ្យស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃ។

លោកបានថ្លែងថា៖ «ក្រសួងបរិស្ថាន ក៏បានតាំងចិត្ត​​ក្នុងការអនុវត្តច្បាប់ដោយ​មិនលើក​លែង​ឡើយ​ចំពោះ​​ជនទាំង​ឡាយ​​​​ណា ដែលបំផ្លិច​បំផ្លាញធនធានធម្មជាតិ និង​ការបរបាញ់សត្វខុសច្បាប់​»។

បើតាម លោកនេត្រ ភក្ត្រា កាល​ពី​ឆ្នាំ​មុន មន្ត្រីឧទ្យានុរក្សបាន​​ចុះ​​ល្បាតនៅក្នុងតំបន់​ការពារ​ទាំង​នោះ​ប្រមាណជិត ២ម៉ឺន​​ដង ដោយ​សារ​​បង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិ​ជាង ៤៨០០ករណី និងបាន​​ដោះ​អន្ទាក់​​​ដាក់សត្វ​ព្រៃ​ប្រមាណ​ជិត​២​ម៉ឺន​​អន្ទាក់​ផង​​​ដែរ។

យោងតាមរបាយការណ៍របស់​ក្រសួង​បរិស្ថាន ​បានឲ្យដឹង​​ថា ប្រទេសកម្ពុជា​ មានធនធានជីវៈចម្រុះដ៏សម្បូរបែប ដោយ​ក្នុង​នោះ​​មាន ថនិកសត្វ​១២៣​ប្រភេទ សត្វស្លាប​៥៤៥ប្រភេទ ​​ឧរង្គសត្វ៨៨​ប្រភេទ រុក្ខជាតិ​តូចៗ(Vascular  plants)​២៣០៨​ប្រភេទ ត្រី​៨៧៤ប្រភេទ ផ្កាថ្មររឹង​២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និង​ថល​ជលិក​​៦៣ប្រភេទ ដែលបាន​ផ្តល់នូវ​​អត្ថប្រយោជន៍ដល់ប្រជាជន​កម្ពុជា លើ​ផ្នែកបរិស្ថាន សេដ្ឋកិច្ច និងវប្បធម៌។

លោក​ស ម៉ូរី ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា ដែលធ្វើការសកម្មពាក់ព័ន្ធនឹងបរិស្ថាន​ដែរ​នោះ បានបង្ហាញការគាំទ្រចំពោះក្រសួង​ដែលអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងធន​ធាន​ធម្ម​ជាតិ។ ជាមួយគ្នានេះ​ដែរ លោកថា រាជ​រដ្ឋាភិបាល ក៏​មាន​​យន្តការការពារ និង​មាន​​ច្បាប់គ្រប់គ្រាន់ ​​ក្នុងការការពារ និង​​អភិ​រក្ស​ធនធានធម្មជាតិ​​បានល្អប្រសើរ ប៉ុន្តែ​ការអនុវត្តច្បាប់នៅមិនទាន់មានប្រសិទ្ធិភាពនៅឡើយ ដែល​ទាម​ទារ​​ឲ្យ​មានការពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត។

លោកថា៖​ «ប្រសិទ្ធិ​ភាពនៃ​​ការអភិរក្សព្រៃឈើ និងធនធាន​ធម្មជាតិ​​របស់​ក្រសួង នៅមានកម្រិត​ ដោយសារ​តែ​យើង​បាន​​លឺ​ពីប្រជាសហគមន៍​ដែលបានរាយការណ៍ជាហូរ​ហែរ​ថា នៅមាន​ករណីបទ​ល្មើសព្រៃឈើ​​ និងសត្វព្រៃ​កើតមាន​​ជាហូរហែរនៅឡើយ»។

ករណី​នេះ លោក​​ ស ម៉ូរី បានស្នើដល់ក្រសួង​បង្កើនការត្រួតពិនិត្យទៅលើក្រុមហ៊ុនទាំងឡាយណា ដែលមាន​​ការ​រាយ​​ការណ៍​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ ​ត្រួត​ពិនិត្យលើរោងសិប្បកម្មកែច្នៃឈើ ពង្រឹង​ការងារ​របស់មន្ត្រី​​ឧទ្យា​នុរក្ស និង​គួរបង្កើន​​ការផ្តល់ឱកាសឲ្យកាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត​​​ដល់សហគមន៍​ និងសកម្មជនបរិស្ថាន​ ដែល​កន្លង​​​មក​ ក្រសួងចាត់ទុកពួកគេ​ថា​​​ជាក្រុមប្រឆាំងនោះ ឲ្យពួកគេ​​ចូលរួម​ទាំងអស់គ្នា ​ដើម្បីការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​​​ឲ្យបានគង់វង្ស៕

Previous Article

រន្ទៈបាញ់ស្លាប់ម្នាក់ របួសម្នាក់នៅបន្ទាយមានជ័យ

Next Article

របាយការណ៍បានឲ្យដឹងថា ការងារក្នុងស្រុករបស់ប្រជាជនយ៉ាងហោចណាស់ ១,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ