cellcard cellcard

សហភាពអឺរ៉ុបនឹងជួយដល់វិស័យទេសចរណ៍របស់កម្ពុជាក្រោយវិបត្តិកូវីដ-១៩

ឈុត ប៊ុនធឿន / Khmer Times Share:
KT/Chor Sokunthea

ប្រទេសកម្ពុជាបានស្នើសុំឱ្យសហភាពអឺរ៉ុបជួយដល់វិស័យទេសចរណ៍ដែលកំពុងរងគ្រោះនៅកម្ពុជាបន្ទាប់ពីការរីករាលដាលនៃវីរុសកូវីដ-១៩ ត្រូវបានបញ្ចប់និងការធ្វើដំណើរអន្តរជាតិមានដំណើការឡើងវិញ។

ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ខាមិន ម៉រីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដោយពិភាក្សាអំពីវិស័យទេសចរណ៍នៅកម្ពុជា ដែលត្រូវបានគេចាត់ទុកថាជាសសរស្តម្ភ មួយក្នុងចំណោមសសរស្តម្ភសេដ្ឋកិច្ចទាំងបួនរបស់ប្រទេស។

លោក ថោង ខុន បានធ្វើការស្នើសុំជាផ្លូវការទៅកាន់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នូវការគាំទ្រនិងសហប្រតិបត្តិការ ដោយស្នើសុំឱ្យសហភាពអឺរ៉ុបចែករំលែកនូវដំបូន្មានស្តីពីវិធីក្នុងការស្តារវិស័យនេះឡើងវិញ ក៏ដូចជាការលើកកម្ពស់ទិសដៅទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។

ក្រៅពីការលើកកម្ពស់ទិសដៅទេសចរណ៍ ការវិនិយោគក្នុងការអភិវឌ្ឍធនធានមនុស្សរបស់វិស័យនេះក៏ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សានេះផងដែរ។

លោក ថោង ខុន បានមានប្រសាសន៍ថា៖ «វិស័យទេសចរណ៍កម្ពុជា បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យប្រជាជនមួយចំនួនដែលធ្លាប់បម្រើការក្នុងវិស័យសេវាកម្មបាត់បង់ការងារធ្វើ។ ទោះជាយ៉ាងណាក៏ដោយ នារយៈពេលចុងក្រោយនេះ កម្ពុជាក៏នៅទទួលបានភ្ញៀវទេសចរក្នុងស្រុកខ្លះដែរ ដោយក្នុងរយៈពេល ៣ សប្ដាហ៍នៃខែឧសភានេះ មានភ្ញៀវទេសចរក្នុងស្រុកប្រមាណជិត ៤ សែននាក់បានចេញដើរទស្សនាទូទាំងប្រទេស។»

លោកបានបន្ថែមថាក្រសួងក៏កំពុងតែគ្រោងប្រមូលអ្នកបាត់បង់ការងារពីវិស័យទេសចរណ៍ ឱ្យមកទទួលការបណ្ដុះបណ្ដាលជំនាញទេសចរណ៍បន្ថែម ដើម្បីត្រៀមខ្លួនចូលមកបម្រើការងារនៅពេលភ្ញៀវទេសចរត្រលប់មកវិញ។

ជាមួយគ្នានេះផងដែរ លោកស្រី ខាមិន ម៉រីណូ បានមានប្រសាសន៍ថាសហភាពអឺរ៉ុបនឹងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ដោយសង្ឃឹមថាកិច្ចសហការនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជានិងសហភាពអឺរ៉ុបមានភាពប្រសើរឡើង ដោយប្តេជ្ញាជួយលើកកម្ពស់ទិសដៅទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។

គួរបញ្ជាក់ឲ្យដឹងផងដែរថា កាលពី ២០១៩ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ពីសហភាពអឺរ៉ុបចំនួន ៧៩៣.៩៣៧ នាក់ ពោលគឺមានការធ្លាក់ចុះចំនួន ៣ ភាគរយ។

ចំនួននៃការមកដល់នៃភ្ញៀវទេសចរណ៍ក៏មានការធ្លាក់ចុះចំនួន ២៤ ភាគរយផងដែរនៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០២០ ដែលទទួលបានភ្ញៀវទេសចរណ៍តែ ២២១ ០៦៦ នាក់ប៉ុណ្ណោះ។

កាលពីឆ្នាំមុន ព្រះរាជាណាចក្រកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ប្រមាណជា ៦,៦ លាននាក់ ទទួលបានចំណូលចំនួនជិត ៥ ពាន់លានដុល្លារ ក៏ដូចជាផ្ដល់ការងារចំនួន ៦៣០.០០០ ខណៈដែលវិស័យនេះបានរួមចំណែកប្រហែល ១២ ភាគរយដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកាលពីឆ្នាំកន្លងទៅ៕ ប្រែសម្រួល៖ ភុន ច័ន្ទឧសភា

Previous Article

របាយការណ៍បានឲ្យដឹងថា ការងារក្នុងស្រុករបស់ប្រជាជនយ៉ាងហោចណាស់ ១,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ

Next Article

បទពិសោធន៍ក្នុងវិស័យធនាគារជាមួយនឹងប្រណីតភាព