យោងតាមរបាយការណ៍សេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោកបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងទុកថានឹងមានកំណើនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ខណៈដែលនឹងមានការថមថយក្នុងចន្លោះ -១ និង -២,៩ ភាគរយ ហើយធ្វើឱ្យការងាររបស់មនុស្សយ៉ាងហោចណាស់ ១,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ។
របាយការណ៍ដែលមានចំណងជើងថា «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩» បានឲ្យដឹងថា ភាពក្រីក្រ អាចនឹងកើនឡើងពី ៣ ទៅ ១១ភាគរយ ក្នុងចំណោមក្រុមគ្រួសារដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗ។
ជាមួយគ្នានេះ ឱនភាពសារពើពន្ធនឹងឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងកំឡុងពេល ២២ឆ្នាំ កន្លងមក ហើយបំណុលសាធារណៈត្រូវបានរំពឹងទុកថានឹងកើនដល់ ៣៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផសស) រហូតដល់ឆ្នាំ២០២២។
របាយការណ៍ដដែលបានបន្តឲ្យដឹងថា៖ «ការដួលរលំនៃកម្លាំងសំខាន់ៗសម្រាប់ជំរុញកំណើនបានប៉ះទង្គិចយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យការងាររបស់មនុស្សយ៉ាងហោចណាស់ ១,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ។»
របាយការណ៍នេះក៏បានព្រមានដែរថា ការហូរចូលនៃមូលធនមកពីក្រៅប្រទេសក៏កំពុងតែស្តួចស្តើងទៅៗដែរ ដែលតាមរយៈនេះវានឹងញ៉ាំងឱ្យតម្លៃនៃទីផ្សារអចលនទ្រព្យស្រុតចុះ ហើយទំនងជានឹងឈានទៅបញ្ចប់ការរីកលូតលាស់យ៉ាងរហ័សនៃវិស័យសំណង់ ទៀតផង។ កម្ចីមិនដំណើរការ(កម្ចីខូច)ត្រូវបានរំពឹងថានឹងអាចមានទំហំកាន់តែធំឡើង ក្នុងពេលដែលពុំទាន់មានការទូទាត់សងឥណទានបច្ចុប្បន្នដែលត្រូវបានធ្វើកន្លងមកចំពោះឱ្យវិស័យសំណង់, អចលនទ្រព្យ និងការលក់ទិញលំនៅឋានតាមរយៈការបង់រំលស់។
«វិបត្តិជាសកលដែលបង្កដោយការរាលដាលនៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងដំណំមកលើសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០។» នេះបើតាមការឲ្យដឹងពី លោកស្រី អ៊ីនហ្គូណា ដូប្រាចា Inguna Dobraja ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា។
លោកស្រីបានបន្តឲ្យដឹងថា៖ «ធនាគារពិភពលោកប្តេជ្ញាចិត្តថានឹងជួយកម្ពុជាក្នុងការជួយដោះស្រាយឱ្យមានប្រសិទ្ធភាពជាមួយវិបត្តិកូវីដ-១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងមានភាពធន់ នាពេលអនាគត។»
ជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩នេះ ធនាគារពិភពលោកបានស្នើឡើងនូវអនុសាសន៍គោលនយោបាយមួយចំនួន សំដៅជួយជាបន្ទាន់ជំនួយសេដ្ឋកិច្ចនិងការពារសុខភាពសាធារណៈ ស្តារឡើងសេដ្ឋកិច្ចឲ្យងើបឡើងវិញក្នុងរយៈពេលខ្លី និងជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និងសង្គម នៅក្នុងរយៈពេលមធ្យម។
ផែនការនិរន្តរភាពអាជីវកម្មប្រកបដោយប្រសិទ្ធភាពក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលគឺត្រូវការជាចាំបាច់ដើម្បីធានាបាននូវការផ្តល់កម្មវិធីនិងសេវាកម្មផ្តល់ជំនួយសង្គ្រោះនានា។ ផែនការនេះបានដាក់ចេញនូវវិធានការណ៍ដើម្បីកាត់បន្ថយការរំខានដល់ប្រតិបត្តិការរបស់អង្គភាពក្នុងករណីមានវិបត្តិតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងព័ត៌មាន។
កិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលគឺចាំបាច់ដើម្បីជួយសម្រួលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ ជំងឺរាតត្បាតនៃវីរុសកូវីដ-១៩ នឹងមានជាផលប៉ះពាល់ចម្បងៗដល់ដំណើការនៃការរធ្វើពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ក៏ដូចជាពិភពលោកនាពេលខាងមុខ ជាមួយនឹងការរំពឹងទុកនៃការផ្លាស់ប្តូរសំខាន់ៗនៅក្នុងគោលនយោបាយពាណិជ្ជកម្ម ជនចំណាកស្រុក លំហូរទំនិញនិងសេវាកម្មនានា។
អាជ្ញាធរតម្រូវឲ្យមានការការគិតគូរក្នុងការពង្រឹងតំរូវការក្នុងស្រុក ការពារអ្នកប្រើប្រាស់ក្នុងស្រុកស្របពេលដែលមានបញ្ហាសុខភាពសាធារណៈឬគ្រោះមហន្តរាយធម្មជាតិ និងការបង្កើនផលិតកម្មសំរាប់ការប្រើប្រាស់ក្នុងស្រុក។ ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរក៏បានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍នានាកាលពីពេលថ្មីៗ រួមមានការបន្ធូរបន្ថយពន្ធ ការធ្វើឱ្យប្រសើរឡើងនូវអាជីវកម្មខ្នាតតូចនិងសហគ្រាសក្នុងគ្រួសារដើម្បីទទួលបានឥណទានដែលមានតម្លៃសមរម្យតាមរយៈហិរញ្ញប្បទានសហប្រតិបត្ដិការរវាងធនាគារសហគ្រាសធុនតូចនិងមធ្យមដែលទើបបង្កើតថ្មីនិងស្ថាប័នមីក្រូហិរញ្ញវត្ថុនានា។
ស្រដៀងគ្នានេះដែរ ការដាក់ដើមទុនបន្ថែមចំនួន ៥០ លានដុល្លារសម្រាប់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រូវបានផ្តល់ជូនដើម្បីគាំទ្រដល់ក្រុមហ៊ុនកែច្នៃកសិ-ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម។ ទោះយ៉ាងណា ភាពជោគជ័យនៃវិធានការណ៍ទាំងនេះផ្តោតលើក្រុមហ៊ុនសហគ្រាសធុនតូច មធ្យមនិងធំសមស្របដែលមានប្រសិទ្ធភាពនិងអាចទទួលបាន ប៉ុន្តែខ្វះប្រភពហិរញ្ញប្បទានដើម្បីបង្កើតការងារ ការរកប្រាក់ចំណេញនិងនាំចេញ។ កត្តានេះក៏គួរតែមានការរាប់បញ្ចូលទាំងក្រុមគ្រួសារនិងក្រុមហ៊ុនខ្នាតតូចដែលកំពុងប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ខណៈដែលក្រុមហ៊ុននានាអាចនឹងរងផលប៉ះពាល់ពីជំងឺរាតត្បាត។ ជំហានចុងក្រោយគឺដើម្បីធានាភាពធន់ក្នុងផ្នែកសេដ្ឋកិច្ចនិងសង្គមបន្ទាប់ពីការរាតត្បាតនៃជំងឺនេះត្រូវបានស្ថិតក្នុងស្ថានការណ៏គ្រប់គ្រង។ ការផ្តោតការយកចិត្តទុកដាក់ ការបង្កើនកិច្ចខិតខំប្រឹងប្រែងនិងធនធាននានាដើម្បីទប់ទល់នឹងការរីករាលដាលនៃវីរុសកូវីដ១៩ ជាមួយនឹងកំណែទម្រង់រចនាសម្ព័ន្ធនិងវិស័យសំខាន់ៗ គឺជាកិច្ចការចាំបាច់៕ ប្រែសម្រួល ៖ ភុន ច័ន្ទឧសភា