cellcard cellcard

សមត្ថកិច្ចរឹបអូសគ្រឿងសមុទ្រនាំចូលគ្មានគុណភាពចំនួន ១១ តោន

ប៉ិច សុធារី / Khmer Times Share:
Archive. CEN

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត​ប្រជែង និងងបង្ក្រាប​ការក្លែងបន្លំ  (ក.ប.ប) បាន​កម្ទេច​​ចោល​នូវគ្រឿងសមុទ្រ និង​​បង្គាក្លាសេ​ដែលមានចាក់បញ្ចូល​ចាហួយទម្ងន់ជាង ​១១តោន ក្រោយពីធ្វើការ​បង្ក្រាបបាន​ និងកំពុងស្វែងរក​ម្ចាស់ទំនិញ ដើម្បីចាត់ការបន្តតាមនីតិវិធី​​ច្បាប់។

 

អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ ក.ប.ប លោក ផាន អូន បានមានប្រសាសន៍កាលពីថ្ងៃ​អាទិត្យ​​​ថា គ្រឿង​សមុទ្រ​មាន​ភាព​​មិនប្រក្រតី​​ រួម​​មាន បង្គាក្លាសេដែលមានចាក់បញ្ចូលសារធាតុចាហ៊ួ​យ​​​​ ​ក្តាម និងមឹកក្លាសេ​ ចំនួន ៤៤៩កេស ដែល​​មាន​ទម្ងន់​ជាង ១១​តោន ដឹកតាមរថយន្ត​​ចំនួន ៣គ្រឿង ត្រូវបានមន្ត្រីជំនាញ ក.ប.ប សហ​ការ​ជាមួយ​មន្ត្រី​ស្នង​ការ​ដ្ឋាន​​នគរ​បាល​រាជធានី​ភ្នំពេញ និងមានការសម្រប​​សម្រួលពី​ព្រះរាជ​អាជ្ញា​អម​សាលា​​​ដំបូង​រាជ​ធានី​​ភ្នំពេញ បាន​​ស្ទាក់​ចាប់​​​​បាន​ កាល​ពី​យប់រំលង​អាធាត្រឈានចូលថ្ងៃ​សុក្រ នៅចំណុចខណ្ឌកំបូល និងខណ្ឌ​ដង្កោ។

 

លោកបន្តថា៖ «ជាការ​សាកសួរអ្នកដែលដឹកជញ្ជូន(អ្នកបើកបរ) គឺ​មិនមាន​ឯកសារថា​ដឹកមកពី​​ប្រភព​ណាឲ្យ​​ច្បាស់​លាស់នោះទេ ​​អាចនាំចូលតាមច្រកទ្វារ​​អន្តរជាតិព្រែកចាក ខេត្តកំពត (ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម) ប៉ុន្តែ​​យើង​​មិន​ទាន់​អាចសន្និដ្ឋាន​យ៉ាងណា​នៅឡើយ រងចាំ​ការស្រាវជ្រាវបន្ថែមសិន»។

 

លោក​​ ផាន អូន បានបន្តទៀតថា បច្ចុប្បន្ន មន្ត្រីជំនាញ និងព្រះរាជ​អាជ្ញា បាននិងកំពុង​​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់ទំនិញ​​​ទាំងនោះ ដើម្បី​ចាត់ការបន្ត​តាម​នីតិវិធីច្បាប់​ ខណៈរថយន្ត​ចំនួន​៣គ្រឿង ដែលដឹកទំនិញ​ខូច​​គុណភាព​ទាំងនេះ ត្រូវ​បាន​​​ឃាត់​ទុកជា​បណ្តោះអាសន្ន​នៅអគ្គនាយកដ្ឋាន
ក.ប.ប។

 

ចំណែក គ្រឿង​សមុទ្រ ក្នុងនោះភាគច្រើន​ជា​បង្គាក្លាសេដែលមានចាក់សារធាតុចាហ៊ួយ​​ទាំងជាង ១១​តោន ឬស្មើ ១១,២២៥គីឡូក្រាមនោះ លោក ផាន​ អូន បញ្ជាក់ថា ត្រូវបានមន្ត្រី​​ជំនាញ ធ្វើការកម្ទេចចោលនៅទីលាន​ចាក់​សម្រាម ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ កាលពីថ្ងៃសៅរ៍។

 

លោកក៏បានព្រមានចាត់វិធានការ​ផ្លូវច្បាប់ ដោយគ្មានការលើកលែងទៅដល់ឈ្មួញទាំងឡាញ​ណា ដែលនាំចូលទំនិញ​ដែលក្លែងបន្លំគុណភាព ទំនិញខូចគុណភាព ឬមានការ​ចាក់​បញ្ចូល​នូវសារធាតុផ្សេង​​ៗដែល​​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​សុខ​ភាព​​​​​​​អ្នក​​ទទួលទាន និង​បាន​​​អំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និង​រាយការណ៍​​ដល់​​សមត្ថកិច្ច​ជំនាញ ក្នុងករណី​មានការសង្ស័យ​ពាក់ព័ន្ធនឹងការក្លែងបន្លំគុណភាព សុវត្ថិភាពទំនិញ និង​សេវា​​ ដើម្បីឲ្យមន្ត្រីជំនាញ​ចាតវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។

 

កញ្ញា ប៉ា វឌ្ឍនា ​អាយុ ៣៨ឆ្នាំ ជាប្រជា​ពលរដ្ឋ​​រស់នៅ​ខណ្ឌ​ដូនពេញ​​ រាជ​ធានីភ្នំពេញ បានសាទរចំពោះមន្ត្រីជំនាញ ដែល​បាន​​បង្ក្រាប​​​​នូវគ្រឿងសមុទ្រខូច​គុណភាព ជាពិសេស​បង្គា​​​​ដែល​មានចាក់បញ្ចូលនូវសារធាតុ​ចាហ៊ួយ​នេះ ​ដើម្បី​ជៀស​​​​វាងការលក់ចែកចាយបន្តនៅលើទីផ្សារ ដែលនាំ​ឲ្យប៉ះ​ពាល់ដល់សុខ​ភាព​​អ្នកទទួលទាន។ កញ្ញា​ថា៖ «សូម​​មន្ត្រី​ជំនាញ បន្តនីតិវិធី​តាមបង្ក្រាប​ឈ្មួញដែលរកស៊ីបែប​​នេះ​បន្តទៀត និងបន្តចុះត្រួត​ពិនិត្យពង្រឹង​គុណភាពទំនិញ​​នៅ​ល​ទី​ផ្សារ ដើម្បីការពារ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ»៕

Previous Article

សមាគម​មីក្រូហិរញ្ញវត្ថុ​៖ ក្រដាស់​ប្រាក់ ១ ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ នៅ​ប្រើប្រាស់​បាន​ជា​ធម្មតា​

Next Article

រដ្ឋាភិបាលប្ដេជ្ញាបន្តអនុវត្តច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតពលរដ្ឋ