cellcard cellcard

រដ្ឋាភិបាលប្ដេជ្ញាបន្តអនុវត្តច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតពលរដ្ឋ

ប៉ិច សុធារី / Khmer Times Share:
KT/Chor Sokunthea

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងមហា​ផ្ទៃ បានលើកឡើងថា រាជ​រដ្ឋាភិបាល នៅ​តែ​ប្រកាន់​គោល​ជំហរ​ក្នុងការអនវុត្ត​ច្បាប់ស្តី​ពី​ចរាចរណ៍​​​ផ្លូវ​គោក ដោយពុំមានការដកថយ​នោះទេ ដើម្បីការពារ​​អាយុ​​ជីវិត និង​សុខ​មាល​ភាព​​របស់ប្រជាពលរដ្ឋ។

លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ និងជាប្រ​ធាន​គណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​
ផ្លូវ​​គោក បាន​​​ថ្លែង​ក្នុងពិធី​ប្រកាស​ចូលកាល់ដំណែង​អភិបាល និងអភិបាលរង​នៃ​គណៈអភិបាលខេត្តកែប នៅសាលា​​ខេត្ត​កែប កាលពីថ្ងៃ​សុក្រថា ​ក្រោយ​ពី​រាជ​រដ្ឋាភិបាល បានធ្វើការ​រឹត​បន្តឹង​ច្បាប់ចរាចរណ៍​ផ្លូវ​គោក ជាមួយននឹងការ​អនុវត្ត​ការ​ផាក​ពិន័យ​​​​​ខ្ពស់ជាង​មុននេះ ឃើញថា ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បានចូលរួម​គោរព​ច្បាប់ ហើយ​អត្រា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​​ក៏​មាន​​ការថយ​ចុះ​ជា​​លំដាប់ផង​ដែរ។

ទន្ទឹមនឹង​នោះ ក៏មាន​បុគ្គលមួយចំនួន​បាន​ឆ្លៀតឱកាស​រិះ​គន់​ការ​អនុវត្ត​រឹត​បន្តឹង​​ច្បាប់នេះ ថា​ជាការ​ដាក់​បន្ទុក​​​ទៅ​លើប្រជា​ពលរដ្ឋ ស្រប​​ពេលដែលកម្ពុជា​ជួប​​បញ្ហា​ជំងឺកូវីដ១៩ និងថា ការអនុវត្ត​ច្បាប់​នេះ​ធ្វើទៅលឿនពេក​ទៅ​វិញ។

តែទោះ​ជា​​យ៉ាងណា លោក​ថា៖ «យើងបានប្រកាស​​ហើយ​ថា ឆ្នាំ​២០២០ជា​ឆ្នាំ​រឹត​បន្តឹង​ចរាចរណ៍ផ្លូវ​គោក ហើយ​មុននឹង​រឹត​បន្តឹង​នេះ យើង​ក៏​​​បានធ្វើកិច្ច​ការងារ​​ជា​ច្រើន ជា​ពិសេស​ទាក់ទង​នឹងការអប់រំ និង​​ការផ្សព្វ​ផ្សាយ​អំពី​ច្បាប់​ស្តីពី​ចរា​​ចរណ៍​ផ្លូវ​គោក​ ប៉ុន្តែ​ដល់ពេលយើងកំណត់ធ្វើ មានអ្នក​មួយ​ចំនួន​ថា ឆាប់ពេក អត់​បាន​អប់រំ អត់​បាន​ផ្សព្វផ្សាយ តាម​ពិត​មិន​មែន​​​ទេ»។

លោក រដ្ឋមន្ត្រី បានគូស​​បញ្ជាក់ថា ការអនុវត្តការរឹតបន្តឹងច្បាប់នេះ គឺ​ធ្វើឡើង​ដើម្បី​ការ​ពារ​​អាយុ​ជីវិត និង​សុខ​មាលភាព​​របស់​ប្រជា​ពលរដ្ឋ ​ពុំមែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ។

លោក​បាន​ថ្លែង​ថា៖ «អ្នកណា​តិះ​ទៀន​យ៉ាង​ម៉េច ​យើង​មិនត្រូវ​​ខ្វល់ទេ ឲ្យ​​​តែ​យើងមាន​ទឹកចិត្តស្នេហាជាតិ មាន​ឧត្តម​គតិ​បម្រើ​​ប្រជាពលរដ្ឋ​​ពិត​ប្រាកដ ទោះបី​អ្នក​ណា​​​ថា​ម៉េច​ក៏ដោយ យើង
ត្រូវតែ​​​ធ្វើ…មិន​អាច​​ដកថយទេ ត្រូវ​​ធ្វើ​​តទៅ​​ទៀត បើ​កាល​ណា​​យើងដកថយ លើក​ក្រោយ​ទៅ​គ្មានអ្នកណា​ស្តាប់ទេ ដូច្នេះត្រូវ​ទៅ​មុខ»។

ស្របពេលគ្នានេះ​ដែរ លោកក៏បានណែនាំ​ដល់មន្ត្រីអនុវត្តច្បាប់ ត្រូវ​ប្រកាន់ខ្ជាប់នូវ​សីលធម៌ វិជ្ជា
ជីវៈ និងត្រូវ​​​ឃាត់​អ្នក​​ធ្វើ​ដំណើរទាំង​ឡាយ​ណា ដែលល្មើស​​​ច្បាប់ប៉ុណ្ណោះ ដោយ​​មិនត្រូវដាក់
ប៉ា​រ៉ាស់ ដើម្បីឆែក​រកឯកសារ​​​របស់អ្នក​ដែល​ធ្វើ​ដំណើរ​​​​តាមផ្លូវនោះឡើយ។ លោកថា៖ «មន្ត្រីអនុវត្តច្បាប់​របស់​យើង ត្រូវ​​មានអាកប្បករិយា ទន់ភ្លន់ ​សុភាពរាបសារ គោរព​វិជ្ជាជីវៈ​ មិនមែន​ថា
បានឱកាស​ហ្នឹង​ឆែកឆេរ​ត្រួត​ពិនិត្យ យក​លុយ​យកកាក់ផ្តេស​ផ្តាស អាហ្នឹង​អត់បាន​ទេ​»។

បើ​តាមលោករដ្ឋមន្ត្រី ដដែល​ ក្នុងរយៈពេល​មួយខែឧសភា ​នៃ​ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ឃើញថា ចំនួន​​អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មាន​ការថយ​ចុះ ១៥នាក់ និងអ្នករងរបួស ថយចុះជាង ៨០នាក់ បើប្រើធៀប​នឹងខែមេសា។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលទើបនឹងឡើងកាន់ដំណែង ក៏បានបង្ហាញឆន្ទៈក្នុងការ​ពង្រឹង​​ការ​អ​នុវត្ត​ច្បាប់​​ចរា​​​ចរណ៍​ផ្លូវគោក ​រួមនឹងច្បាប់ផ្សេងៗទៀត ដោយគ្មានការលើកលែង និងលុបបំបាត់នូវបាតុភាពអសកម្ម​​នានា​ដែល​ធ្វើឲ្យប៉ះពាល់ និងបង្ក​ការថ្នាំងថ្នាក់ដល់ប្រជាពល
រដ្ឋ។ លោកថា៖ «​នឹ​ង​​​បន្តខិតខំអនុវត្តច្បាប់ លិខិត​បទ​ដ្ឋាន​គតិ​យុត្ត និង​គោលការណ៍ណែនាំនានា​​រប​ស់​រា​ជរដ្ឋាភិបាលដែលបានដាក់ចេញ​​ ឲ្យ​មាន​ប្រសិទ្ធិ​ភាព…​ជា​ពិសេស​​អនុ​សាសន៍​របស់សម្តេចតេជោ​ ពង្រឹងការអនុវត្ត​​ច្បាប់ដោយ​គ្មានការលើកលែង»។​

យោងតាម​របាយការណ៍​របស់អ្នកនាំពាក្យ​អគ្គ​ស្នងការដ្ឋនា​នគរបាលជាតិ ​លោកឧត្តមសេនយ៍ឯក ឆាយ គឹម​ខឿន បាន​​ឲ្យដឹងថា គិត​ចាប់ពីថ្ងៃ​ទី​១ខែ​ឧសភា ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​រឹត​បន្តឹងច្បាប់ចរាចរណ៍​ផ្លូវ​គោក​ ជាមួយនឹងការ​អនុវត្ត​ការ​​ផាកពិន័យខ្ពស់ជាង​មុន​ រហូត​ដល់ថ្ងៃ​ទី​៣០ខែ​​ឧសភា នគរបាល​ចរាចរណ៍​ទូទាំង​ប្រទេស បានត្រួតពិនិត្យ និង​ផាក​ពិន័យ​​យាន​យន្តសរុបចំនួន ៤៣៥៣០គ្រឿង ក្នុងនោះមាន​ម៉ូតូ ៣១៧៥៥គ្រឿង និងរថយន្ត ១១៧៧៥​គ្រឿង។

លោក​​បន្តថា បទល្មើស​គួរឲ្យកត់សម្គាល់សម្រាប់ម៉ូតូ និង​​រថយន្ត​ រួមមាន អត់ពាក់មួកសុវត្ថិភាព ល្មើស​ស្លាក​សញ្ញា គ្មានស្លាកលេខ ដឹកលើសទម្ងន់កំណត់ លើសល្បឿនកំណត់ អត់ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព បើក​បរក្នុង​ស្ថាន​ភាព​​ស្រវឹង និងប្រើប្រាស់ទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេងជាដើម។ លោកថា រយៈពេល​៣០ថ្ងៃនៃការរឹ​តបន្តឹងការ​អនុវត្ត​ច្បាប់ ​បាន​​ដំណើរការ​ទៅយ៉ាងល្អប្រសើរ៕

Previous Article

សមត្ថកិច្ចរឹបអូសគ្រឿងសមុទ្រនាំចូលគ្មានគុណភាពចំនួន ១១ តោន

Next Article

គ្រឿង​ផ្សំ​ក្នុង​ផលិតផល​ចំនី​អាហារ ​គួរ​ត្រូវ​បាន​សរសេរ​ជា​ភាសា​ខ្មែរ​