cellcard cellcard

អ្នក​ដំណើរ​ដែល​ល្មើស​នឹង​វិធាន​ការណ៍​ចត្តា​ឡី​ស័ក​ប្រឈម​នឹង​ការ​ផាក​ពិន័យ​

ឃួន ណារឹម / Khmer Times Share:
អ្នកដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​អាកាសយាន្ដដ្ឋានអត្តរជាតិ​ភ្នំពេញ។ KT/ ឃឹម សុវណ្ណារ៉ា

​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នកដំណើរ​ទាំងឡាយណា​ដែល​ចូលមក​ប្រទេស​កម្ពុជា​ហើយ​បាន​រកឃើញថា​បាន​រំលោភ​លើ​វិធានការណ៍​ដាក់ខ្លួន​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ នឹងត្រូវ​ទទួលទោស​តាមច្បាប់​។​

​ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការដក​បំរាម​ហាម​ឃាត់​ការធ្វើដំណើរ​រកា​ល​ពីស​ប្តា​ហ៍​មុន​សម្រាប់​អ្នកដំណើរ​មកពី​ប្រទេស​អាឡឺម៉ង់ អ៊ីតាលី បារាំង ​អេស្បាញ អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក ដោយមាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​អ្នកដំណើរ​បង្ហាញ​វិ​ញ្ញាប​ន​ប័ត្រ​សុខភាព​ដែល​ចេញ​ដោយ​បណ្តា​ប្រទេស​ដែល​ពួកគេ​ចេញមក ហើយ​បញ្ជាក់ថា ពួកគេ​មិនមាន​ជំងឺ​កូ​វីដ​១៩​នោះទេ​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង​បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​ថា​៖ «អ្នកដំណើរ​ទាំងអស់​ដែល​មិនបាន​អនុវត្តតាម​វិធានការ​ដាច់ដោយឡែក​ និង​ការណែនាំ​ពី​មន្ត្រី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ​នឹងត្រូវ​ពិន័យ​និង​ផ្តន្ទាទោស​តាមច្បាប់​» ។​

​លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្រោយពី​កិច្ចប្រជុំ​អន្តរក្រសួង​មួយ ដើម្បី​ពិភាក្សា​អំពី​វិធានការណ៍​ណា​ដែល​ត្រូវ​ដាក់ចេញ​ដើម្បី​ការពារ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ពី​អ្នកដំណើរ​ដែល​ធ្វើដំណើរ​ចូល​ប្រទេស​។​

​លោក​បាន​និយាយថា អាជ្ញាធរ​បានកំណត់​រួចហើយ​ដោយរៀបចំសាលារៀន​មួយចំនួន​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ សម្រាប់​អ្នកធ្វើដំណើរ​ដែល​មិនអាច​មានលទ្ធភាព​ចំណាយ​សម្រាប់​ការដាក់​ខ្លួនឯង​ដាច់ដោយឡែក​។ ទន្ទឹមនឹងនេះ​អ្នកធ្វើដំណើរ​ដែលមាន​លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​អាច​ត្រូវ​បានដាក់​ដាច់ដោយឡែក​នៅ​សណ្ឋាគារ​ដែល​បានជ្រើសរើស​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ​លោក ​ប្រាក់ វុន កាលពី​ម្សិលមិញ​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការចេញ​ការពិន័យ​ចំពោះ​អ្នកធ្វើដំណើរ​ណា​ដែលមាន​កំហុស​។​

​លោក​បាន​មានប្រសាសន៍ថា​៖ «ខ្ញុំ​មិនដឹងថា​នឹងមាន​ការពិន័យ​ប៉ុន្មាន​ទេ ​ប៉ុន្តែ​ខ្ញុំ​ដឹងថា​បើ​គ្មាន​វិធានការ​បែបនេះ​ទេ​យើង​មិនអាច​ធានាបាន​ថា​អ្នកធ្វើដំណើរ​ចូលក្នុង​ប្រទេស​ទាំងអស់​នឹង​គោរព​តាមច្បាប់​ឡើយ »។​

​លោក​បន្ថែមថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​មាន​ភារកិច្ច​ឲ្យ​ត្រួតពិនិត្យ​អ្នកដំណើរ​ដែល​កំពុងតែ​ស្ថិតនៅក្រោម​ការខ្លួន​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​លោក​គង់ ឡូ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រសួងសុខាភិបាល​បានរៀបចំ​កិច្ចប្រជុំ​តាមរយៈ​សន្និសីទ​វីដេអូ​មួយ​ដើម្បី​ពិភាក្សា​ពី​វិធានការណ៍​អាទិភាព​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​ដែលមាន​រួមបញ្ចូល​ការគ្រប់គ្រង​យ៉ាង​តឹងរឹង​ថែមទៀត​នៅតាម​មណ្ឌល​ចិ​ត្តា​ឡី​ស័ក​។​

​លោក​បាន​បន្ថែមថា​៖ « យើង​ក៏បាន​សំរេចចិត្ត​ពង្រឹង​យុទ្ធនាការ​និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណៈជន​អំពី​ជំងឺ​កូ​វីដ​១៩ ជាពិសេស​អំពី​វិធី​ការពារ​ការរីក​រាលដាល​នៅក្នុង​សហគមន៍​» ។​

​ទោះយ៉ាងណា​លោក​ថា លោក​មិនទាន់​បានដឹង​អំពី​ព័ត៌មាន​លំអិត​នៃ​អនុក្រឹត្យ​ថ្មី​ទាក់ទិន​នឹង​ការដាក់ពិន័យ​លើ​អ្នកដំណើរ​ដែល​ល្មើស​នឹង​វិធានការណ៍​ច​ត្តា​ឡី​ស័ក​នោះទេ​។​

លោក​សន ជ័យ នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​សម្ព័ន្ធភាព​ដើម្បី​គណនេយ្យភាព​សង្គម​បាន​និយាយ​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​គួរតែ​លើកទឹកចិត្ត​ដល់​សាធារណជន​ឱ្យ​ស្វែងរក​ការយកចិត្តទុកដាក់​នៅ​ពេល​ពួកគេ​បង្ហាញ​រោគសញ្ញា​ណាមួយ​នៃ​ជម្ងឺ​កូ​វីដ​១៩ ។​

​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក ស្រី ឱ វ៉ាន​ដី​ន បានទេ​កាលពី​ម្សិលមិញ​។​

​កាលពី​ថ្ងៃទី ១១ ខែឧសភា អាជ្ញាធរ​សុខាភិបាល​បាន​ខិតខំ​ស្វែងរក​គ្រួសារ​ខ្មែរ​មួយ​ដែល​បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយ​នៅ​ភ្នំពេញ​ជាទី​ដែល​ពួកគេ​ត្រូវ​បានដាក់​ដាច់ដោយឡែក​ពី​គេ បន្ទាប់ពី​ត្រូវបាន​បញ្ជូន​ត្រឡប់​ពី​ប្រទេស​អារ៉ាប់​រួម​មក​កម្ពុជា​វិញ​។ ក្រោយមក​ពួកគេ​ត្រូវបាន​រកឃើញ​និង​ដាក់​ដាច់ដោយឡែក​ពី​គេ​ដោយ​អាជ្ញាធរ​សុខាភិបាល​ខេត្ដ​សៀមរាប​។​

​នៅក្នុង​ព័ត៌មាន​ដែល​ទាក់ទង​នឹង​គ្នា​នេះ ពលករ​ចំណាកស្រុក​កម្ពុជា​កម្ពុជា​កាលពី​ដើមខែ​នេះ​ត្រូវ​ប្រឈម​នឹង​ការ​និរទេស​ពី​ប្រទេស​កូរ៉េខាងត្បូង​បន្ទាប់ពី​គាត់​បាន​ប្រឆាំងនឹង​បទបញ្ជា​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ​របស់​ប្រទេស​នេះ​។​

​ឯកអគ្គរដ្ឋទូត​កម្ពុ​ជាប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​លោក​ឡុង ឌី​ម៉​ង់ នៅ​ថ្ងៃទី ៣ ខែឧសភា​បាន​និយាយថា ពលករ​ខ្មែរ​អាយុ ២៨ ឆ្នាំ​រូបនេះ​បាន​រំលោភ​បទបញ្ជា​ដាក់ខ្លួន​ដាច់​គេ​នៅ​ប្រទេស​កូរ៉េខាងត្បូង​បន្ទាប់ពី​គាត់​បាន​វិលត្រឡប់​ពី​ប្រទេស​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​លោក​និយាយថា​៖ «​គាត់​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៨ ០០០ ដុល្លារ​ទៅ ៩ ០០០ ដុល្លារ​ហើយនឹង​ត្រូវបញ្ជូន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​»៕

​ប្រែ​សម្រួល​ដោយ​៖ តាំង រី​និត្យ​

Previous Article

គ្រឿង​ផ្សំ​ក្នុង​ផលិតផល​ចំនី​អាហារ ​គួរ​ត្រូវ​បាន​សរសេរ​ជា​ភាសា​ខ្មែរ​

Next Article

​កម្មករ​ព្យួរ​ការងារ​តិច​ជាង ៥០ ភាគរយ​នៅ​ខេត្ត​កណ្តាល​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​