cellcard cellcard

អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​កោះ​ហៅ​ក្រុម​ហ៊ុន​ចំនួន ៤ ដើម្បី​ទូទាត់​បំណុល​ពន្ធ​

ឈុត ប៊ុនធឿន / Khmer Times Share:

​អគ្គនាយក​ដ្ឋាន​ពន្ធដារ​កាលពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​លិខិតអញ្ជើញ​ក្រុមហ៊ុន​ចំនួន ៤ សម្រាប់​ការ​ទូទាត់​បំណុល​ពន្ធ​របស់ខ្លួន ដោយ​ធ្វើការ​កត់​សម្គាល់​ថា​ការបង់ពន្ធ​គឺជា​កាតព្វកិច្ច​ចំពោះ​អ្នក​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ថវិកា​ជាតិ​។​

​នៅក្នុង​លិខិត​ដាច់ដោយឡែក​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចំនួន​បួន​ត្រូវបាន​អញ្ជើញ​ឱ្យមក​ដោះស្រាយ​បំណុល​ពន្ធ​របស់​ពួកគេ​ដែល​រួមមាន​ទីមួយ ក្រុមហ៊ុន សូ ងួន ដឹកជញ្ជូន និង​សេវា​អាហរ័ណ នីហរ័ណ របស់ ឧកញ៉ា សូ ងួន ទី​២ ក្រុមហ៊ុន ងួន វុទ្ធី ត្រេ​ឌី​ង ឌី​វើ​ឡុ​ប​មិន ខ​ប​ផូ​រ៉េ​ហ្សិ​ន​របស់ ឧកញ៉ា ស្រី វុទ្ធី ទី​៣ ក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិក គ្រុប​លី​មី​ធី​ត របស់លោក​ឧកញ៉ា ស៊ី គង់​ទ្រី​វ និង​ទី​៤ ក្រុមហ៊ុន ហេង ហេង អាហរ័ណ នីហរ័ណ របស់លោក សុខ ហេង​។​

​លិខិត​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ដដែល​នេះ​ត្រូវបាន​ផ្ញើ​ដាច់ដោយឡែក​ទៅកាន់​លោក​ឧកញ៉ា សូ ងួន និង លោក​ឧកញ៉ា ស្រី វុទ្ធី ចុះ​ថ្ងៃទី ២៥ ខែមីនា ខណៈដែល​លិខិត​ដែល​ផ្ញើ​ទៅកាន់​ម្ចាស់​អាជីវកម្ម​ពីរ​ផ្សេងទៀត​ចុះ​ថ្ងៃទី ១៩ ខែឧសភា​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ថ្លែងថា​ខ្លួន​បានធ្វើការ​កោះអញ្ជើញ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ឱ្យមក​ដោះស្រាយ​បំណុល​ពន្ធ​របស់ខ្លួន​រួចហើយ​តាមរយៈ​លិខិតអញ្ជើញ​ដែល​បាន​ផ្ញើ​ទៅកាន់​អាស័យដ្ឋាន​ក្រុមហ៊ុន​របស់​ពួកគេ ប៉ុន្តែ​នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ​ចំពោះ​ដំណោះស្រាយ​នោះទេ​។​

​លិខិត​នោះបាន​បន្ត​ឲ្យ​ដឹងថា​៖ «​អនុលោម​តាម​មាត្រា ៩៥ (​ថ្មី​) ចំណុច​ទី​៦ កថាខណ្ឌ ខ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ សូម​អញ្ជើញ​ឧកញ៉ា​នាយក មក​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ មិន​ឲ្យ​លើស​១៥​ថ្ងៃ បន្ទាប់ពី​កាលបរិច្ឆេទ​លើ​លិខិតអញ្ជើញ ដើម្បី​ដោះស្រាយ​បំណុល​ពន្ធ​រដ្ឋ​។​»

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក៏បាន​ធ្វើការ​ព្រមាន​ផងដែរ​ថា ក្នុងករណី​មិនបាន​អញ្ជើញ​មក​តាម​កាលកំណត់​ខាងលើនេះ​ទេ ឧកញ៉ា​នាយក​ត្រូវ​ចាត់ទុកថា​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​លើ​បទបញ្ញត្តិ​ស្ដីពី​ពន្ធដារ ដូច​មានចែង​ក្នុង​មាត្រា ១២៧ មាត្រា ១៣៥ និង​មាត្រា ១៣៦ នៃ​ច្បាប់​សារពើពន្ធ ហើយ​អគ្គនាយកដ្ឋាន​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្ដឹងទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន​។​

​កាសែត​ខ្មែរ​ថា​ម​ស៍បាន​ព្យាយាម​ទាក់ទង​ទៅកាន់​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​សុំ​ការបំភ្លឺ​ថា​តើ​ករណី​ទាំងនេះ​ត្រូវបាន​ដោះស្រាយ​ឬ​យ៉ាងណា ប៉ុន្តែ​មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ថ្លែងថា​ខ្លួន​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​ករណី​ទាំងនេះ​នោះទេ ស្រប​ពេលដែល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មិនអាច​ផ្តល់​ការអត្ថាធិប្បាយ​ណាមួយ​បានទេ​នៅពេលនេះ ពីព្រោះ​ខ្ញុំ​កំពុងតែ​ជាប់រវល់​ក្នុង​កិច្ចប្រជុំ​មួយ​។ ប្រសិនបើ​មាន​ជា​សំណួរ​អ្វី សូម​ផ្ញើ​មកកាន់​អ៊ី​ម៉ែ​ល​របស់ខ្ញុំ​។​»

​ជាមួយគ្នានេះ​ផងដែរ កាសែត​ខ្មែរ​ថា​ម​ស៍​ក៏បាន​ធ្វើការ​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន​ចំនួន ៣ ដើម្បី​សុំ​ការបំភ្លឺ ប៉ុន្តែ​គ្មាន​ការឆ្លើយតប​នោះទេ​។​

​លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Managment បាន​ប្រាប់​សារព័ត៌មាន​ខ្មែរ​ថា​ម​ស៍កា​លពី​ម្សិលមិញ​ថា លោក​អាច​យល់បាន​ពី​បច្ចេកទេស​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ពីព្រោះ​វា​មិនមាន​ភាពងាយស្រួល​នោះទេ​បើសិន​ជាមាន​ជម្លោះ​ក្នុង​សវនកម្ម​ពន្ធ​និង​ការបរាជ័យ​របស់​ភាគី​ក្នុងការ​ដោះស្រាយ​។​

​លោក​បាន​បន្តថា  អគ្គនាយកដ្ឋាន​ពន្ធដា​រ ត្រូវធ្វើ​ការទូទាត់​ជាមួយ​បំណុល​ពន្ធ​ជាច្រើន​។ លោក​បាន​បន្ថែមទៀតថា​វា​មិនមែនជា​រឿង​ចម្លែក​នោះទេ​សម្រាប់​ស្ថាប័ន​ពន្ធដារ​ទូទាំង​ពិភពលោក​ក្នុងការ​ចរចា​ការ​ដើម្បី​ទូទាត់​បំណុល​ពន្ធ​ដែលមាន​ច្រើន​។​

​លោក​បាន​ថ្លែងថា ក្នុងអំឡុងពេល​នៃ​វិបត្តិ​សេដ្ឋកិច្ច​នេះ វា​ជា​ការដែល​ប្រសើរ​សម្រាប់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុងការ​ទូទាត់​និង​ប្រមូល​នូវ​ចំនួន​ទឹកប្រាក់​ដែល​មិនបាន​បង់​ជា​យូរ​មកហើយ​ដើម្បី​បង្កើន​ប្រាក់ចំណូល តាមរយៈ​ការអនុវត្ត​វិធានការ​ដ៏​ត្រឹមត្រូវ​នៅក្នុង​ដំណើរការ​និង​នីតិវិធី​។​

​លោក Anthony Galliano ក៏បាន​បន្ថែម​ឲ្យ​ដឹងផង​ដែរ​ថា មាន​បណ្តឹង​ជាច្រើន​ពី​អ្នក​បង់ពន្ធ​ដែល​បានលើកឡើង​ថា​សវ​នក​រ​ចាប់ផ្តើម​ធ្វើ​សវនកម្ម​ជាមួយនឹង​ការវាយតំ​លៃ​ដោយ​មិនមាន​តម្លាភាព ហើយ​ក៏មាន​ករណីខ្លះ​ដែរ​នៅពេលដែល​អ្នក​បង់ពន្ធ​ដឹង​ពី​កត​ព្វ​កិច្ច​និង​មាន​ចេតនា​គេច​មិន​បង់ពន្ធ​។​

​លោក​បាន​ថ្លែងថា​៖ «​តុល្យភាព​នេះ​ផ្តល់នូវ​ការលើកទឹកចិត្ត​មួយកម្រិត​ដល់​អ្នក​បង់​ពន្ធ​ដែល​ស្មោះត្រង់​ថា​ពួកគេ​នឹង​ត្រូវបាន​អនុវត្ត​ដោយ​យុត្តិធម៌​ក្នុងការ​ធ្វើ​សវនកម្ម ភាពប្រាកដប្រជា​និង​ការធានា​ឲ្យ​បាន​ថា​ជន​ដែល​គេចវេស​មិន​គោរព​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​និង​ផ្តន្ទាទោស​។​»

​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក​សន ជ័យ ទទួលស្គាល់ថា​ការប្រមូល​ពន្ធ​មាន​ភាពប្រសើរឡើង​ជាប​ណ្តើ​រៗ ចាប់តាំងពី​ឆ្នាំ ២០១៣ ប៉ុន្តែ​មានការ​ងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ដើម្បី​ឲ្យ​មាន​សមភាព​នៅក្នុង​កាត​ព្វ​កិច្ច​បង់ពន្ធ​។​

​លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល​អាច​បា​ត់​បង់​ប្រាក់ចំណូល ខណៈដែល​ច្បាប់​សារពើពន្ធ​ចាំបាច់​ត្រូវអនុវត្ត​ដោយ​ស្មើភាព​គ្នា​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​ខែមេសា​ឆ្នាំ ២០១៧ កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បានចេញ​អនុក្រឹត្យ​ថ្មី​មួយ​ស្តីពី​ការកែសម្រួល​ចំនួន​បរិច្ចាគ​ទឹកប្រាក់​ដើម្បី​ទទួលបាន​គោរមងារ​ជា «​ឧកញ៉ា​» ពី ១០ ម៉ឺន​ដុល្លារ ទៅ ៥០ ម៉ឺន​ដុល្លារ​។​

​យោងតាម​អនុក្រឹត្យ​ថ្មី​ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី ២០ ខែមីនា ដែល​ជំនួស​ឲ្យ​អនុក្រឹត្យ​ចាស់​កាលពី​ខែមេសា​ឆ្នាំ ១៩៩៤ បាន​ថ្លែង​ឲ្យ​ដឹងថា​សប្បុរសជន​ដែល​បានធ្វើការ​បរិច្ចាគ​ជូន​រដ្ឋ​ដែលមាន​តម្លៃ​លើសពី​១០​ម៉ឺន​ដុល្លារ រដ្ឋ​នឹង​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១​។​

​រដ្ឋាភិបាល​នឹង​ស្នើសុំ​ព្រះមហាក្សត្រ​ព្រះរាជទាន​គោរមងារ​ជា «​ឧកញ៉ា​» ចំពោះតែ​សប្បុរសជន​ដែល​បានធ្វើការ​បរិច្ចាគ​ក្នុងតម្លៃ​លើសពី​៥០​ម៉ឺន​ដុល្លារ​ឡើងទៅ ប៉ុណ្ណោះ​៕ ប្រែ​សម្រួល ភុ​ន ច័ន្ទ​ឧសភា​

Previous Article

ធនាគារ​អេស៊ីលីដា​ទទួល​បាន​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ចំនួន ១២០ លាន​ដុល្លារ​

Next Article

ផ្ទុះគ្រាប់ ៧៤ មីលីម៉ែត្រ របួសពីរនាក់នៅប៉ៃលិន