cellcard cellcard

អាណាព្យាបាលសិស្សគ្រោងដាក់ញត្តិទៅនាយករដ្ឋមន្រ្តីសុំជួយអន្តរាគមន៍បញ្ចុះតម្លៃសិក្សា តាមអនឡាញ៣៥%

ប៉ិច សុធារី / Khmer Times Share:
Archive. KT/Pann Rachana

ភ្នំពេញ៖ ក្រុម​មាតា​បិតា និងអាណា​ព្យាបាល​​សិស្ស​​ដែល​​រៀន​នៅសាលា​​ CIA FIRST International School ​គ្រោងដាក់ញត្តិជូន​នាយករដ្ឋមន្ត្រី ស្នើឲ្យ​ជួយអន្តរាគមន៍​ទៅថ្នាក់ដឹកនាំសាលា ដើម្បីបញ្ចុះតម្លៃ​​​ ៣៥% អំឡុង​​​​ពេល​​កូនៗ​របស់ពួកគាត់​​សិក្សា​​​តាម​អន​​ឡាញដោយសារបញ្ហាជំងឺកូវីដ១៩។​​

ការប្រកាស​​ពីការគ្រោងដាក់ញត្តិនេះ បាន​ធ្វើឡើងកាលពីថ្ងៃព្រហស្បត្តិ៍ នៅពេល​ដែល​ក្រុម​មាតា​បិតានិ​​ង​អាណា​ព្យា​បាល​​​សិស្ស​​ជាង ៥០នាក់ តំណាង​ឲ្យជាង​៥០០នាក់ បានឈរប្រមូលផ្តុំគ្នាតវ៉ា​​មុខ0សាលាអន្តរជាតិ CIA First International School នៅ​សង្កាត់អូរ​បែកក្អម​ខណ្ឌសែនសុខ ​រាជធានីភ្នំពេញ។

​​លោក​ ឡុង ផល្លា​​ ដែលមានកូនរៀននៅសាលាអន្តរជាតិ CIA បានមានប្រសាសន៍ថា ការប្រមូលផ្តុំ​តវ៉ាជា​លើកទី​៣​នេះ ធ្វើឡើងក្នុងគោលបំណងស្នើដល់ថ្នាក់ដឹកនាំសាលា បញ្ចុះតម្លៃសិក្សា​រៀនពីចម្ងាយ ឬអនឡាញ​​​ចំនួន ៣៥​ភាគរយ​​ សម្រា​ប់​សិស្សថ្នាក់ទី​១ ដល់​ថ្នាក់ទី១២ និង​ផ្អាក​ការសិក្សាតាមអនឡាញ​សម្រាប់ថ្នាក់មត្តេយ្យគ្រប់កម្រិត ចាប់ពីខែ​មេសា រហូត​ដល់មានការជូន​ដំណឹងជាថ្មីពីក្រសួង​អប់រំ ឲ្យសិស្សចូលរួមឡើងវិញ។ លោកបន្តថា ​ក្រៅពីនោះ ពួកគាត់​ក៏ស្នើសុំដល់សាលា​កុំ​វាយតម្លៃការសិក្សា​ជាប់ឬ​​ធ្លាក់ តាមរយៈការ​ផ្តល់ពិន្ទុលើការរៀន​តាមអនឡាញនេះ ដោយ​សារ​មាន​​​សិស្ស​មួយ​​ចំនួនរៀនមិន​បាន​ទៀង​ទាត់ ពេលខ្លះពិបាកយល់​ និងខ្វះ​សៀវភៅសិក្សាជាដើម។​​​

លោកបាន​បញ្ជាក់​ថា៖ «ដូច្នេះ​​សូមឲ្យខាង​​សាលា ​​ធ្វើការពិចារណានិងផ្តល់ដំណោះស្រាយលើការស្នើសុំនេះ បើ​មិន​​ដូច្នេះទេ​ មាន​តែ​​យើងស្នើ​ទៅ​​សម្តេច​នាយករដ្ឋមន្ត្រី​ ឲ្យ​​ជួយ​អន្តរាគមន៍ ដោយ​​យើង​រំពឹង​ថា សម្តេច​នឹងពិនិត្យ និងមាន​យន្ត​ការ​ដោះ​​ស្រាយ​​បញ្ចប់បញ្ហានេះ»។

ស្ត្រីម្នាក់ទៀត​ ជាម្តាយសិស្សថ្នាក់ទី​៧ ដែលសុំ​មិនបញ្ចេញឈ្មោះ ហើយបាន​ឈរប្រមូល​ផ្តុំតវ៉ានៅមុខសាលាCIA បានលើកឡើងថា ការស្នើសុំឲ្យមានការបញ្ចុះ​តម្លៃសិក្សា​​៣៥% គឺពួកគាត់ស្នើសុំបញ្ចុះតែក្នុងកំឡុងពេល​ដែល​សិក្សា​តាមប្រព័ន្ធអនឡាញនេះ​ទេ ព្រោះពួកគាត់​ក៏​កំពុងជួបបញ្ហា​ធ្លាក់ចុះ​ចំណូល​ដោយសារ​បញ្ហាការឆ្លងរាលដាល​នៃ​ជំងឺ​​កូវីដ​​១៩នេះដែរ។ អ្នកស្រី​បន្តថា៖ «​កន្លងមក សាលាបាន​យល់​​ព្រមបញ្ចុះតម្លៃ​​២០ភាគរយ​ ហើ​យ ប៉ុន្តែចំនួននេះ ពួកខ្ញុំ​មិនអាច
​ទទួយយកបាន​ទេ​ ហើយណា​មួយ​កូន​ខ្ញុំ​រៀន​តាមអនឡាញ ក៏មានការលំ​បាក សេវាអ៉ឺនធឺណែ​ត​មិនសូវ​​ល្អ និងរៀន​មិនសូវយល់ ហើយពេលខ្លះ​មិនបានពេញម៉ោងទៀត​»។

បើតាមក្រុមមាតា​បិតា និងអាណាព្យាបាលសិស្ស ​ក្នុងមួយ​ខែ​ពួកគាត់ត្រូវ​បង់ថ្លៃ​សាលា​ក្នុងសិស្ស​ម្នាក់ ចាប់ពី​៤០០០​ទៅ​​៧៨០០ដុល្លារ​ក្នុងមួយ​ឆ្នាំ សម្រាប់សិស្សរៀនពីថ្នាក់មត្តេយ្យ​ដល់ថ្នាក់ទី១២។

ក្រុមមាតាបិតា និងអាណាព្យាបាល​សិស្ស​​រៀន​នៅសាលា​អន្តរជាតិ CIA First បានធ្វើការប្រមូលផ្តុំតវ៉ា​ជាច្រើន​លើក​ច្រើន​​សារមកហើយ តាំង​ពី​ដើមខែ​មេសាមក​​ ដោយស្នើសុំបញ្ចុះ​តម្លៃសិក្សាចំនួន​ ៥០%​ ក្នុងកំឡុងពេល​រៀន​តាម​អន​ឡាញ​​​នេះ ហើយ​​ចុង​​ក្រោយនេះ​ក៏បានសម្រេច​ស្នើសុំ​បញ្ចុះ​ ៣៥​%។

អ្នកនាំ​ពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក​រស់ សុវា​ចា បានបដិសេធ​អត្ថាធិប្បាយ​ចំពោះករណីនេះ ខណៈ​​តំណាង​​សាលា CIA First International School ពុំអាច​សុំការអត្ថា​ធិប្បាយបានទេ កាលពីថ្ងៃព្រហស្បត្តិ៍។​

ប៉ុន្តែ​បើតាមសេចក្តីជូនដំណឹង​ចុង​ក្រោយ​​របស់សាលា កាលពីថ្ងៃ​​អង្គារ​​ បានលើកថា កន្លងមក ក្រុម​ប្រឹក្សា​ភិបាល​​សាលា​ បាន​ជួប​ជាមួយ​​ក្រសួង​អប់រំ និងមាតា​បិតា និង​​អាណាព្យាបាល​សិស្សជា​ច្រើនលើកច្រើន​សារ​មក​ហើយ ដូច្នេះ​សាលា​សម្រេច​ផ្តល់​ជូន​នូវដំណោះស្រាយចុង​ក្រោយ​តាម​លទ្ធភាព​ដែលអាច​​ធ្វើទៅបាន ក្នុងនោះ សាលា​ទុក​ល្ធភាព​ជូន​មាតា​បិតា​ អាណា​ព្យាបាល​ អាច​បង់ថ្លៃ​សិក្សា​៥០%​សិន ក្នុង​រយៈ​ពេល៣ខែ ចាប់ពី​ខែ​មេសា​ដល់ខែ​មថុនា ហើយ​​៥០% ទៀត អាច​បង់រំលស់ក្នុងរយៈ​ពេល​១២​ខែ ដោយគិតចាប់ពី​ឆ្នាំ​សិក្សា​ថ្មី​​ ២០២០-២០២១​ខាង​មុខ ដោយ​គ្មាន​ការប្រាក់​។ សាលា នឹង​​​អនុញ្ញាតឲ្យផ្អាក​ ឬព្យួរ​សម្រាប់​កម្រិត​មត្តេយ្យសិក្សា និង​​មិន​ដំឡើងថ្លៃ​សិក្សា​​សម្រាប់​​ឆ្នាំ​ក្រោយ រួមនិង​ការលើកលែង​សេវាមួយ​ចំនួនទៀត​។

សេចក្តីជូនដំណឹង​ បានបញ្ជាក់​ថា៖ «សាលា​សុំការយោគ​យល់​ និង​អធ្យាស្រ័យ​ ដោយមិនអាច​ចុះ​ថ្លៃ​សិក្សា​តាម​សំណើរ​របស់មាតា​បិតា​​ដែលស្នើសុំ[បញ្ចុះតម្លៃ ៣៥% នៅគ្រប់កម្រិតសិក្សា​​ បានឡើយ​​។ សាលា​សុំរក្សា​ជំហរ​ចុះ​ថ្លៃសិក្សា​ ២៥%សម្រាប់មត្តេយ្យ និង២០%​សម្រាប់ថ្នាក់ទី​១ដល់ថ្នាក់ទី​១២ ចាប់​ពី​ខែ​មេសា រហូត​ដល់ខែមិថុនា»។

ក្រសួង​អប់រំ យុវជន និងកីឡា កាលពី​ថ្ងៃទី១៧ ខែមេសា​នេះ បាន​ប្រកាស​ពន្យារពេល​ចូលរៀន​វិញ​សម្រាប់​ការសិក្សា​គ្រប់​កម្រិត​ទាំងអស់​​នៅ​ទូទាំង​ប្រទេស ដោយ​មិនកំណត់​ពេល​រហូតដល់​មានការ​ប្រកាស​ថ្មី ដើម្បី​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩៕

Previous Article

ផ្ទុះគ្រាប់ ៧៤ មីលីម៉ែត្រ របួសពីរនាក់នៅប៉ៃលិន

Next Article

លោក ស ខេង អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​រឹត​បន្តឹង​វិធាន​ការណ៍​តាម​ព្រំដែន