ប៉ៃលិន៖ បុរសពីនាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់មិនទាន់ផ្ទុះប្រភេទ ៧៤មីលីម៉ែត្រ នៅចំណុចភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តបៃលិន។
អធិការរងនគរបាលក្រុងប៉ៃលិន លោកវរសេនីយ៍ទោ គង់ សំណាង បានឲ្យដឹងកាលពីថ្ងៃព្រហស្បត្តិ៍ថា ហេតុការណ៍ផ្ទុះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ បានកើតឡើងកាលពីម៉ោងជិត៥ល្ងាច ថ្ងៃពុធ បានបណ្តាលឲ្យបុរសពីរនាក់ មានឈ្មោះ ណារ៉ុន តេត្រា អាយុ៣៤ឆ្នាំ មានទីលំនៅនៅខេត្តបាត់ដំបង និងឈ្មោះ វង់ សំណាង អាយុ ៤៥ឆ្នាំ មានទីលំនៅនៅខេត្តប៉ៃលិន បានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកថា៖ «ជនរងគ្រោះទាំងពីរនាក់នេះ ជាកម្មករ បានបើកត្រាក់ទ័រឈូសឆាយដីដើម្បីរៀបចំ
ជាទីតាំងលក់ដូរ ហើយក៏ប៉ះចំគ្រាប់បណ្តាលឲ្យផ្ទុះតែម្តង ពួកគេបានរងរបួសត្រូវចំខ្លួន និងជើង ប៉ុន្តែពុំបង្កឲ្យធ្លាក់ខ្លួនពិការនោះទេ»។
បើតាម លោក គង់ សំណាង ក្រោយហេតុការណ៍នោះ សមត្ថកិច្ចក៏បានរកឃើញគ្រាប់ប្រភេទ ៧៤មីលីម៉ែត្រ មួយគ្រាប់ទៀត នៅកន្លែងកើតហេតុផងដែរ ហើយបច្ចុប្បន្ន ត្រូវបានយកមន្ត្រីជំនាញដោះបន្សាបដោយសុវត្ថិភាពហើយ។
កាលពីសប្តាហ៍មុន ក៏មានបុរសម្នាក់ឈ្មោះ ពុធ វ៉ាន់ អាយុ៥៣ឆ្នាំ រស់នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ដោយផ្ទុះមីន បណ្តាលឲ្យរងរបួសដាច់ជើងស្តាំ ក្នុងពេលដែលជនរងគ្រោះបានដើរមើលអន្ទាក់ដាក់សត្វនៅក្នុងព្រៃនៅក្បែរភូមិ។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីន បានឲ្យដឹងថា រយៈពេល៤ខែដើមឆ្នាំនេះ មានមនុស្សចំនួន៥នាក់ បានស្លាប់ និង ២១នាក់ បានរងរបួសធ្ងន់និងស្រាល ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ តួលេខនេះមានការថយចុះប្រមាណ ៤៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានអ្នកស្លាប់និងរបួសរហូតដល់៥០នាក់។
របាយការណ៍បានបន្តថា ក្នុងកំឡុងពេល៤ខែនេះដែរ ប្រតិបត្តិករបោសសំអាតមីនទូទាំងប្រទេស ក៏បានបោសសំអាតមីនលើផ្ទៃដី ៣៦,១៨០,៧០៤ម៉ែត្រក្រឡា ដោយរកឃើញមីនប្រឆាំងមនុស្សចំនួន ៤៨៩៣គ្រាប់ មីនប្រឆាំងរថក្រោះ ១២០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ១៤១៩៥គ្រាប់។
ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរមីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងជៀសវាងប៉ះពាល់ ឬដំ គប់លេង ឬកែច្នៃគ្រាប់យុត្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ព្រោះវាអាចបណ្តាលឲ្យផ្ទុះស្លាប់ និងរបួស ឬអាចធ្លាក់ខ្លួនពិការ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឬប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចោល៕