cellcard cellcard

តុលាការ​ប្រគល់​អត្ត​សញ្ញាណ​បណ្ណ​ដល់​លោក អួន ឈិន និងលោក យៀង សុធារិន​វិញ​តែ​នៅ​ដក​ហូត​លិខិត​ឆ្លងដែន​

ឃួន ណារីម / Khmer Times Share:

​កាលពី​ម្សិលមិញ​តុលាការ​កំពូល​បានសំរេច​ប្រគល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​របស់​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​លោក អ៊ួន ឈិន ​ដែល​កំពុង​ប្រឈម​នឹង​ការផ្តន្ទាទោស​ពីបទ​ផលិត​រឿង​អាសអាភាស ​និង​បទ​ចារកម្ម​រួមជាមួយ​អតីត​មិត្ត​រួមការ​ងារ​គឺ លោក​ យិន សុធារិន ប៉ុន្តែ​នៅតែ​ដកហូត​លិខិតឆ្លងដែន​របស់​ពួកលោក​ដដែល​។  សូមបញ្ជាក់ថា អតីត​អ្នកសារព័ត៌មាន​ទាំង​ពីររូប​កំពុងតែ​នៅក្រៅ​ឃុំ​។​

​នៅពេល​អ្នក​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន លោក អួន ឈិន មាន​អត្តសញ្ញាណប័ណ្ណ​និង​លិខិតឆ្លងដែន​ជាប់​មកជា​មួយ ខណៈ​លោក យៀន សុធារិន​មានតែ​លិខិតឆ្លងដែន​របស់លោក​ប៉ុណ្ណោះ​។​

​លោក​ចៅក្រម និល នុ​ន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​និយាយថា សាលាដំបូង​រាជធានី​ភ្នំពេញ​បានធ្វើ​សេចក្តីសម្រេច​មិន​ត្រឹមត្រូវ​ក្នុងការ​ដកហូត​អត្តសញ្ញាណប័ណ្ណ ប៉ុន្តែ​មាន​ភាពត្រឹមត្រូវ​ក្នុងការ​រក្សាទុក​លិខិតឆ្លងដែន​របស់​អ្នក​ទាំងពីរ​។​

​លោក​បាន​និយាយថា​៖ «​តុលាការ​កំពូល​បានសម្រេច​ប្រគល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ជនជាប់ចោទ​គឺ​លោក​អ៊ួ​ន​ឈិន ។ ប៉ុន្តែ​តុលាការ​កំពូល​សម្រេច​ត​ម្ក​ល់​សេចក្តីសម្រេច​លើ​ការដកហូត​លិខិតឆ្លងដែន​នេះ ពីព្រោះ​ជនជាប់ចោទ​ទាំង ២ នាក់​គឺ​ឈ្មោះ យិន សុធារិន​និង អ៊ួ​ន ឈិន​ត្រូវបាន​ចោទប្រកាន់​ពីបទ​ផ្តល់ព័ត៌មាន​ខុសច្បាប់​ដល់​រដ្ឋ​បរទេស​ដែល​អាច​បំផ្លាញ​សន្តិសុខ​ជាតិ ហើយ​រឿងក្តី​ពួកគាត់​កំពុងតែ​ត្រូវបាន​បន្ត​នៅ​តុលាការ​» ។​

​លោក អួន ឈិន និង​យៀន សុធារិន ត្រូវបាន​ចាប់ខ្លួន​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១៧ និង​ត្រូវបាន​ចោទប្រកាន់​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីបទ​« ផ្តល់ព័ត៌មាន​ប៉ះពាល់​ការការពារ​ជាតិ​» តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​និង​បទ​ផលិត​រឿង​អាសអាភាស​ដែល​បុរស​ទាំងពីរ​បាន​បដិសេធ​។​

​អ្នក​ទាំងពីរ​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​និង​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​នៅ​ខែសីហា​ឆ្នាំ ២០១៨ បន្ទាប់ពី​ចំណាយពេល​ជាច្រើន​ខែ​ក្នុងការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​។​

​នៅ​ថ្ងៃទី ៣ ខែតុលា​ឆ្នាំ ២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឱ្យ​បើក​ការស៊ើបអង្កេត​ឡើងវិញ​បន្ទាប់ពី​បើកសវនាការ​ចំនួន ២ លើក​នៅ​ខែកក្កដា​និង​សីហា​។ តុលាការ​បាន​និយាយថា​មិនមាន​ភ័ស្តុតាង​គ្រប់គ្រាន់​ក្នុងការ​ដោះលែង​ឬ​ផ្តន្ទាទោស​អតីត​អ្នកកាសែត​ទាំងពី​រូបនេះ​ឡើយ​។​

​កាលពី​ខែមករា សាលាឧទ្ធរណ៍​បាន​ច្រានចោល​សំណើ​របស់​អ្នក​ទាំងពីរ​ឱ្យ​បញ្ឈប់​ការស៊ើបអង្កេត​ឡើងវិញ​។​

​លោក​អួន ឈិន​បាន​និយាយថា​៖« ខ្ញុំ​សប្បាយចិត្ត​ដែល​បានទទួល​អត្តសញ្ញាណប័ណ្ណ​ត្រឡប់មកវិញ​ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់ខ្ញុំ​ដូចជា​ការប្រើ​វា​ដើម្បី​កែ​ឯកសារ​មួយចំនួន​ទាក់ទង​នឹង​សំបុត្រកំណើត​របស់ខ្ញុំ​។ ទោះយ៉ាងណា បើ​គ្មាន​លិខិតឆ្លងដែន​ខ្ញុំ​គ្មាន​ឱកាស​ទទួល​ការព្យាបាល​នៅ​ប្រទេសជិតខាង​ឬ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​នៅក្រៅ​ប្រទេស​ទេ​»​។​

​ចំណែក លោក​យៀន សុធារិន​បាន​សម្តែង​ការខកចិត្ត​ជាមួយនឹង​ការច្រានចោល​របស់​តុលាការ​កំពូល​ចំពោះ​ការស្នើ​សុំឱ្យ​ប្រគល់​លិខិតឆ្លងដែន​របស់លោក​ម​ក​វិញ​។​

​លោក​បាន​មានប្រសាសន៍ថា​៖« ខ្ញុំ​ពិតជា​ត្រូវការ​លិខិតឆ្លងដែន ដើម្បី​ខ្ញុំ​អាច​ទៅលេង​ឪពុកម្តាយ​របស់ខ្ញុំ​នៅ​កម្ពុជា​ក្រោម [​នៅ​ប្រទេស​វៀតណាម​] ។ ចាប់តាំងពី​ការចាប់ខ្លួន​ខ្ញុំ ខ្ញុំ​មិនបាន​ជួប​ពួកគេ​ទេ​»​។​

​មេធាវី​ការពារ​ក្តី​របស់​អ្នក​ទាំងពីរ លោក​សំ ចំរើន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មានការ​សោកស្តាយ​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​។​

​លោក​បាន​និយាយថា​៖« សេចក្តីសម្រេច​របស់​តុលាការ​កំពូល​មិនបាន​ពិចារណា​ឬ ឲ្យ តម្លៃ​លើ​សេរីភាព​របស់​បុគ្គល​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះទេ »​។​

​ជាមួយគ្នា​នោះដែរ លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកកាសែត​កម្ពុជា​កាលពី​ម្សិលមិញ​បាន​អំពាវនាវ ឲ្យ​មន្ត្រី​តុលាការ​ទម្លាក់​ការចោទប្រកាន់​លើ​បុរស​ទាំងពីរ​នាក់​និង​ដោះលែង​ពួកគេ​។​

​លោក​បាន​មានប្រសាសន៍ថា​៖« យើង​ជឿថា​ករណីនេះ​មាន​លក្ខណៈ​នយោបាយ​ដូច្នេះ​តុលា​ការគួរ​ពិចារណា​ទម្លាក់ចោល​រាល់​បទ​ចោទ​ប្រឆាំងនឹង​ពួកគាត់​» ។​

​លោក អួន ឈិន​និង យៀន សុធារិន​បាន​បម្រើ​ការងារ​នៅ​វិទ្យុផ្សាយសម្លេង​ភាសា​ខ្មែរ​របស់​វិទ្យុ​អាស៊ីសេរី​រហូតដល់​អង្គ​ភាព​សារព័ត៌មាន​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋអាមេរិក​បាន​បិទ​ការិយាល័យ​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី ១២ ខែកញ្ញា​ឆ្នាំ ២០១៧ ដោយ​លើកឡើង​ពី​ការគាបសង្កត់​របស់រ​ដ្ឋា​ភិ​បាល​និង​ការ បង្ខំ​ឲ្យ បិទ​វិទ្យុ FM របស់ខ្លួន​៕ ប្រែ​សម្រួល តាំង រី​និត្យ​

Previous Article

លោក ស ខេង អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​រឹត​បន្តឹង​វិធាន​ការណ៍​តាម​ព្រំដែន

Next Article

ឡាន​ក្រុង​សាធារណៈ​ត្រៀម​ខ្លួន​ដើម្បី​ដំណើរ​ការ​ឡើង​វិញ​