cellcard cellcard

ឡាន​ក្រុង​សាធារណៈ​ត្រៀម​ខ្លួន​ដើម្បី​ដំណើរ​ការ​ឡើង​វិញ​

សែន ដាវីត / Khmer Times Share:
អ្នកបើកបរឡានក្រុងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការការពារអនាម័យក្រោមចំណងជើងថា​ «គ្មានការឆ្លងមេរោគកូវីដ-១៩» ដែលរៀបចំដោយអង្គការ JICA នៅឯរដ្ឋាស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង។

​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) សហការ​ជាមួយ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ (PPCB) បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខ្លួន​កំពុង​អនុវត្ត​វិធានការ​ការពារ​មេរោគ ​និង​បណ្តុះបណ្តាល​បុគ្គលិក​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​កូ​វីដ​១៩​ ចំពោះ​អ្នកបើកបរ​រថយន្តក្រុង ​និង​អ្នកដំណើរ​នៅពេល​ប្រតិបត្តិការ​ឡើងវិញ។

​អាជ្ញាធរ PPCB ក៏បាន​និយាយ​ផងដែរ​ថា​ខ្លួន​កំពុង​រៀបចំ​ផែនការ​បទ​ប្បញ្ញត្តិ​ដែល​អនុញ្ញាត​ឱ្យមាន​អ្នកដំណើរ​អតិបរមា​ត្រឹម ២០ នាក់​ក្នុង​រថយន្តក្រុង​មួយ​ដើម្បី​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​គម្លាត​សង្គម នៅពេល​សេវា​កម្មនេះ​ត្រូវ​បានដាក់​ដំណើរការ​ឡើងវិញ​។​

​ទោះយ៉ាងណា​លោក​ អ៊ា​ន សុខ​ឃីម ប្រធាន PPCB បាន​និយាយថា អាជ្ញាធរ​រថយន្តក្រុង​មិនបាន​ដឹងថា ពេលណា​ពិតប្រាកដ​ដែល​រដ្ឋាភិបាល​នឹង​អនុញ្ញាតឱ្យ​ប្រតិបត្តិការ​ឡើងវិញ​ទេ​។​

​លោក​បាន​និយាយថា « យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​បើក​ជើង​រថយន្ដក្រុង​ម្តង​ទៀតហើយ​កំពុង​បណ្តុះបណ្តាល​បុគ្គលិក​និង​អ្នកបើកបរ​របស់​យើង​ដើម្បី​ការពារ​ពួកគេ​និង​អ្នកដំណើរ​ឱ្យមាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ​១៩» ។​

​លោក​បន្តថា​៖ «​អាជ្ញាធរ​របស់​យើង​បានរៀបចំ​ទឹក​លាង​សម្អាត​ដៃ​ដែលមាន​ជាតិ​អាល់កុល ម៉ាស់ ឧបករណ៍​វាស់​សីតុណ្ហភាព និង​កែប្រែ​ការរៀបចំ​កន្លែង​អង្គុយ ។ កាលពីមុន​យើង​បាន​អនុញ្ញាតឱ្យ​អ្នកដំណើរ​ចំនួន ៤០ នាក់​នៅក្នុង​ឡានក្រុង​តែមួយ​ប៉ុន្តែ​ឥឡូវនេះ​យើង​នឹង​អនុញ្ញាត​ឱ្យតែ ២០ នាក់​ប៉ុណ្ណោះ​ដើម្បី​អនុវត្តតាម​គោលការណ៍​ណែនាំ​ដែល​ត្រូវ​បានចេញ​ដោយ​ក្រសួងសុខាភិបាល​។ យើង​ក៏​នឹង​តម្រូវ ឲ្យ អ្នកដំណើរ​ពាក់​ម៉ាស​ពេល​ប្រើ​សេវាកម្ម​របស់​យើង​ផងដែរ​» ។​

​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ JICA ដែល​បានផ្តល់​ការបណ្តុះបណ្តាល​និង​ឧបករណ៍​ការពារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ JICA បានឱ្យដឹងថា​មុនពេល​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា ការកែលម្អ​បណ្តាញ​រថយន្តក្រុង​និង​សេវាកម្ម​បានឃើញ​ចំនួន​អ្នកដំណើរ​បាន​កើនឡើង​យ៉ាងខ្លាំង​ពី ៧ ០០០ នាក់​ក្នុង​មួយថ្ងៃ​នៅក្នុង​ឆ្នាំ ២០១៧ ដល់​ជិត ៣០ ០០០ នាក់​ក្នុង​ឆ្នាំ ២០១៩ ។​

JICA មាន​ឲ្យ​ដឹងថា​៖ «​រដ្ឋបាល PPBC អាជ្ញាធរ PPBC និង JICA ប្តេជ្ញា​រៀបចំ​និង​អនុវត្ត​ផែនការ​ប្រតិ​ប​ត្ដិ​រថយន្តក្រុង​ដោយមាន​ពាក្យស្លោក​ថា​«​គ្មាន​ការឆ្លង​ពី​អ្នកបើក​រថយន្ដក្រុង​និង​អ្នកដំណើរ​»​ខណៈពេលដែល​រៀបចំ​ការបណ្តុះបណ្តាល​អ​នា​ម័​យ​និង​ការការពារ​បុគ្គលិក​ជាង ៦០០ នាក់​»​។​

JICA មាន​ឲ្យ​ដឹង​ទៀតថា​៖« វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកបើកបរ​និង​អ្នកដំណើរ​តាម​រថយន្តក្រុង​ដោយ​ធានា​នូវ​បទពិសោធន៍​ដែលមាន​សុវត្ថិភាព​បំផុត​” ៕ ប្រែ​សម្រួល តាំង រី​និត្យ​

Previous Article

តុលាការ​ប្រគល់​អត្ត​សញ្ញាណ​បណ្ណ​ដល់​លោក អួន ឈិន និងលោក យៀង សុធារិន​វិញ​តែ​នៅ​ដក​ហូត​លិខិត​ឆ្លងដែន​

Next Article

បទ​វិភាគ​៖ ក្រសួង​សុខាភិបាល​ត្រូវ​តែ​បង្កើត​ទិន្នន័យ​ និង​ការ​វិភាគ​