cellcard cellcard

រដ្ឋាភិបាលត្រៀមផែនការជួយសង្គ្រោះពលរដ្ឋក្នុងគ្រាគ្រោះទឹកជំនន់

ប៉ិច សុធារី / Khmer Times Share:
MOWR

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ​បានដាក់ចេញនូវផែនការសកម្មភាព​មួយចំនួន ដើម្បីត្រៀម​ឆ្លើយ​តប​​ និងជួយសង្គ្រោះ​ដល់ប្រជាពលរដ្ឋ ក្នុងរដូវ​ទឹក​ជំនន់​នៅឆ្នាំ​នេះ ខណៈ​ការ​ព្យាករណ៍​​កម្ពស់ទឹកជា​បឋម​ បាន​បង្ហាញ​​ថា ឆ្នាំ​នេះកម្ពស់​ទឹក​​អាច​ខ្ពស់ជាង​ឆ្នាំ​មុន។

កាលពីរសៀល​ថ្ងៃ​អង្គារ លោក​ទេស​រដ្ឋមន្ត្រី គន់ គីម អនុប្រធានទី​១គណៈ​កម្មការធិការ​ជាតិគ្រប់គ្រង​​គ្រោះមហន្ត​រាយ បានដឹកនាំ​កិច្ច​ប្រជុំ​​ប្រគល់ភារកិច្ច និងអនុវត្ត​ផែនការ​សកម្មភាព​រៀបចំឆ្លើយ​តប​ក្នុងរដូវទឹកជំនន់ ជាមួយ​មន្ត្រី​អគ្គ​លេខា​ធិការដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ។

លោក​ សៀក វិចិត្រ អ្នកនាំ​ពាក្យគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ បានមានប្រសាសន៍​កាលពីថ្ងៃ​ពុធ​​​ថា ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ បានបែង​ចែកតួនាទី និងការទទួលខុស​ត្រូវ​មួយចំនួន​ដល់មន្ត្រីឱ​វាទ ដោយមានការត្រៀមកងកម្លាំង​មានសមត្ថកិច្ចប្រមាណជាង ៧០០នាក់ រួមនិងសម្ភារៈ​ជួយសង្គ្រោះ​នានា ក្នុង​ការ​​ត្រៀម​​ជួយដល់ប្រជាពលរដ្ឋ​​ដែលរង​គ្រោះ ក្នុងករណីមានទឹកជំនន់កើតឡើង។

លោកបន្តថា៖ «​ក្រៅពីនោះ​​ ក៏មានគម្រោងរៀបចំទីទួលសុវត្ថិភាព​សម្រាប់ជម្លៀសប្រជាពលរដ្ឋនៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​​ផងដែរ​ ប្រហែលជា​អាច​​​​​​ធ្វើរួចឆាប់ៗ​នេះ​នៅតាមបណ្តា​ខេត្ត​មួយ​ចំនួន[ដែលធ្លាប់រង​​គ្រោះ]​ …​ហើយ​យើង​ក៏​មាន​ប្រព័ន្ធ​​ប្រកាស​ព័ត៌មានជា​មុន​ តាមលេខទូរស័ព្ទ​ ១២៩៤ (Early Warning System) សម្រាប់​​ផ្ញើសារ​ជា​សំឡេង​​ ទៅ​ប្រជាពលរដ្ឋដែល​បានចុះឈ្មោះក្នុងប្រព័ន្ធនេះ ដើម្បី​ឲ្យពួកគាត់​​​​​បាន​​ដឹង​ជា​មុន ​ប្រសិនបើមានគ្រោះទឹកជំនន់​​កើត​ឡើង​ក្នុងតំបន់របស់​ពួក​គាត់រស់នៅ»។

ទោះយ៉ាង​​ណា លោកសៀក វិចិត្រ បានបញ្ជាក់ថា នេះជាកិច្ចប្រជុំរៀបចំចាត់​ចែង​ភារកិច្ចដល់មន្ត្រីពាក់ព័ន្ធ​ក្នុង​គណៈ​កម្មា​​ធិ​​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយប៉ុណ្ណោះ ហើយសម្រាប់ផែនការសកម្មភាពនៅថ្នាក់ក្រោមជាតិ នឹង​ធ្វើ​ឡើង​នៅ​ពេល​​ខាង​មុនបន្តទៀត ទៅតាមស្ថាន​ភាពជាក់ស្តែង។

តែ​យ៉ាងណា លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំង​អស់​ មានការប្រុងប្រយ័ត្នខ្ពស់​ និងត្រៀមខ្លួនជាមុនផងដែរ ក្នុង​ករណី​​​​បើសិន​មាន​​​​បញ្ហាគ្រោះទឹកជំនន់កើតឡើង។

លោក ​ចាន់ យុត្ថា​ អ្នកនាំពាក្យក្រសួងធនធាន​ទឹក និងឧតុនិយម បានមានប្រសាសន៍កាលពីថ្ងៃពុធ​​ថា យោង​តាម​​ការព្យាករណ៍​កម្ពស់ទឹកទន្លេ លើកទី​១ ឃើញថា កម្ពស់ទឹកឆ្នាំនេះមានកម្ពស់​ ៩,៧០ម៉ែត្រ អាច​មាន​កម្រិត​ខ្ពស់​ជាង​ឆ្នាំ​មុន ដែលអាច​ចាត់ទុកថាជា​ជំនន់ប្រភេទ​មធ្យម។ លោក​ថា៖ «​ទោះជាយ៉ាង​​ណា យើងនឹង​ធ្វើការតាម​ដាន​ ព្យា​ករណ៍​​​​កម្ពស់ទឹកបន្តទៀត ​ហើយក្នុងករណីដែលមានការប្រែប្រួលយ៉ាងម៉េច​នោះ យើងនឹង​ជូនដំណឹង​ជាបន្ត​​បន្ទាប់»។

បើតាម លោកចាន់ យុត្ថា ​បញ្ហាទឹកជំនន់ គឺ​​មិនមែនសុទ្ធតែផ្តល់ផលអវិជ្ជមានទាំងនោះទេ ប៉ុន្តែវាក៏ផ្តល់​ផល​ប្រយោជន៍​​មួយចំនួន​​ផង​ដែរ​​ដល់វិស័យកសិកម្ម​​ ប្រសិនបើមានទឹកជំនន់តិចតួចឬមធ្យមនោះ។

លោកថា៖ «ប្រសិនបើ​​​​មាន​ទឹកជំនន់ធំហួស​ហេតុ​ដូចកាលឆ្នាំ​២០១១ និង២០១៣នោះ វា​ផ្តល់នូវគ្រោះ​មហន្ត​រាយ​​​ច្រើន ប៉ុន្តតែ​បើសិនជា​ជំនន់​តិច​​តួច ឬ​មធ្យម នោះវា​នឹង​ផ្តល់នូវអត្ថប្រយោជន៍ជា​​​ច្រើន​សម្រាប់យើង​វិញ ព្រោះវា​អាច​ហូរ​​ទៅចាក់បំពេញបឹង​ទន្លេសាប​ ដែលជា​ជម្រកមច្ឆាជាតិដ៏សំខាន់ និងហូរចាក់ចូលព្រែក បឹងបួរ​​នានា ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់ប្រជាពលរដ្ឋ ហើយជំនន់នោះក៏នាំមកនូវដីល្បាប់សម្រាប់​បង្កើនជីវជាតិដី និងសម្លាប់សត្វល្អិត​មួយ​ចំនួន​​​ក្នុងវិស័យកសិកម្មផងដែរ»។ ​

យោងតាមការព្យាករណ៍​កម្ពស់ទឹកជំនន់ទន្លេមេគង្គ​លើកទី​១ប្រចាំ​ឆ្នាំ​២០២០ របស់ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កាលពី​សប្តាហ៍​​មុន បានឲ្យដឹង​ថា ចាប់ពីខែមិថុនា ដល់ខែ​តុលា បាតុភូត Neutral មាន៦០% និង​បាតុភូត​ El Nino មាន​១០% និងបាតុ​ភូត La Nina មាន៣០% ដែលស្ថានភាព​បែបនេះ នឹង​ធ្វើឲ្យ​​​ភ្លៀង​ធ្លាក់​ក្នុងកម្រិត​ពីធម្យមទៅ​​ច្រើន ទាំង​ក្នុង​អាងទន្លេមេគង្គ និងនៅក្នុងប្រទេស​កម្ពុជា។ ក្រសួងបន្តថា តាមរយៈកត្តា​​​អាកាស​ធាតុ ការ​វិភាគ​ទំនាក់​ទំនង​​រវាង​កម្ពស់ទឹកអប្បបរមានិងអតិបរមា ​ព្រមទាំងការវិភាគ​លើវដ្ត​​ទឹក​ បង្ហាញថា ស្ថានភាពទឹកជំនន់ឆ្នាំ​នេះ​​អាចជា​ប្រភេទ​ជំនន់មធ្យម៕

Previous Article

គម្រោង The Bridge ថែរក្សា​សុវត្ថិភាព​អ្នក​រាល់​គ្នា​នៅ​អំឡុង​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩

Next Article

ខេត្តកំពង់ធំប្រកាសពីកង្វះខាតនៃប្រព័ន្ធធារាសាស្ដ្រ ដើម្បីពង្រីកវិស័យកសិកម្ម