ana-air canadia-bank Silk-air nissan acleda cab-bank

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ការ​ទប់​ស្កាត់​បារី​អេឡិច​ត្រូនិច​ដែល​ប៉ះពាល់​សុខ​ភាព​

ប៉ិច សុធារី / Khmer Times No Comments Share:

​ភ្នំពេញ​៖ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ស្នើ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បង្កើន​ការទប់ស្កាត់​ការផ្សព្វផ្សាយ​លក់​បារី​អេ​ឡិច​ត្រូ​និ​ច​នៅតាម​បណ្តាញ​សង្គម ដើម្បី​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ ខណៈ​ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​មាន​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ដល់​អ្នក​ជក់ និង​អ្នក​ស្រូប​ចំហាយ​ពី​គេ ដូច​បារី​ធម្មតា​ដែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា កាលពី​ថ្ងៃ​ពុធ បាន​លើកឡើងថា បារី​អេ​ឡិច​ត្រូ​និ​ច ត្រូវបាន​ឧស្សាហកម្ម​ថ្នាំជក់​ប្រើ​កលល្បិច​បំភ័ន​ថា ជា​ម៉ាស៊ីន​ផ្ដាច់​បារី មាន​សុវត្ថិភាព​ជាង ឬ​មាន​អនាម័យ​ជាង​បារី​ធម្មតា ខណៈដែល​ឧស្សាហកម្ម​ថ្នាំជក់ ក៏បាន​ផលិត​នូវ​រសជាតិ​ជាច្រើន​ជម្រើស សម្រាប់​ទាក់ទាញ​យុវជន​វ័យក្មេង​ឲ្យ​ប្រើប្រាស់​ផងដែរ​។​

​អង្គការ​នេះ បាន​បន្តថា​៖ «​រហូតមកទល់​ពេលនេះ មិនទាន់មាន​ភ័ស្តុតាង​ណាមួយ​ត្រូវបាន​គេ​បង្ហាញថា បារី​អេ​ឡិច​ត្រូ​និ​ច​ជា​ឧបករណ៍​ម៉ាស៊ីន​ផ្ដាច់​បារី​នៅឡើយ​ទេ​។ ផ្ទុយទៅវិញ ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​ប៉ះពាល់​សុខភាព​ដូច​បារី​ធម្មតា​ដែរ​។ ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច អាច​ជំរុញ​ឱ្យ​យុវជន​វ័យក្មេងៗ ឈានទៅ​បោះបង់​ការសិក្សា ប្រើប្រាស់​គ្រឿងញៀន និង​ប្រព្រឹត្តិ​អំពើ​អបាយមុខ​ផ្សេងៗ​នៅក្នុង​សង្គម​»​។​

​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​បន្តទៀតថា បើទោះបីជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាត់វិធានការ​បន្តបន្ទាប់​ក៏ដោយ ប៉ុ​ន្ត​តែ​ការផ្សព្វផ្សាយ​លក់​បារី​អេ​ឡិច​ត្រូ​និ​ច​នៅតាម​បណ្ដាញ​សង្គម Facebook និង YouTube នៅតែ​កើតមាន​ជា​ហូរហែ ដែល​កត្តា​ទាំងនេះ គឺជា​ក្ដីបារម្ភ​មួយ ដែល​អាច​ឈានទៅរក​វិបត្តិ​សង្គម​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ដូច​បញ្ហា​គ្រឿងញៀន​ដែរ​។

​យោងតាម​របាយការណ៍​ដែល​អង្គការ​នេះ​ទទួលបាន​ពី​ប្រភព​នានា បាន​ឲ្យ​ដឹងថា ការ​បំភ័ន​ថា បារី​អេឡិចត្រូនិក ជា​ម៉ាស៊ីន​ផ្ដាច់​បារី បាន​អូសទាញ​អ្នក​ដែលមាន​បំណង​ចង់​ផ្ដាច់​បារី​ប្រមាណ ៦០% នៃ​អ្នក​ជក់បារី​ប្រមាណ ១.១​ពាន់​លាន​នាក់​ទូទាំង​ពិភពលោក ឱ្យ​ចាប់ផ្ដើម​ងាក​មកប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​។ ហើយ​ការ​ងាក​មកប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​វិញ នាំឱ្យ​ពួកគាត់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ច្រើន​មុខ​បញ្ចូល​គ្នា ឈានទៅរក​ការប៉ះពាល់​សុខភាព​រឹតតែ​ធ្ងន់ធ្ងរ​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ពុំ​អាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ កាលពី​ថ្ងៃ​ម្សិលមិញ​។​

​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​នៃ​ក្រសួងសុខាភិបាល លោកស្រី ឈា ឆដាភា បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា បារី​អេ​ឡិច​ត្រូ​និ​ច ជា​បារី​បែប​ថ្មី​មួយ ដែលមាន​ផ្ទុក​សារធាតុ​នីកូទីន​ឬ​សារជាតិ​ញៀន និង​សារធាតុពុល​ផ្សេងទៀត ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជក់ និង​អ្នក​ស្រូប​ចំហាយ​ពី​គេ​។ លោកស្រី​បន្តថា ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​នេះ កន្លងមក រាជរដ្ឋាភិបាល បាន​ហាមឃាត់ និង​ទប់ស្កាត់​ការនាំ​ចូល ព្រមទាំង​បាន​ចុះបង្ក្រាប​ក្នុងករណី​មានការ​លក់ដូរ​បារី​ប្រភេទ​នេះ​។​

​លោកស្រី​ថា​៖ «​ក្រសួង និង​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ហាមឃាត់​យូរហើយ មានការ​ចុះបង្ក្រាប​ជា​ហូរហែ​រដែរ ហើយ​ការផ្សព្វផ្សាយ​តាម​អន​ឡាញ​ក៏​យើង​បានធ្វើ​ការតាមដាន និង​ចុះទៅ​បង្ក្រាប​ផ្ទាល់​ផង ដូច្នេះ​យើង​មាន​វិធានការ​ជា​បន្តបន្ទាប់​លើ​ករណីនេះ​»៕

Related Posts

Previous Article

ការ​រើស​មន្ត្រី​រាជការ​ស៊ីវិល​នៅ​ឆ្នាំ ២០២០ ត្រូវ​បាន​ផ្អាក​ដោយ​សារ​ជំងឺ​កូវីដ​១៩

Next Article

បន្ទាប់ពី​គ្មាន​ករណី​ថ្មី ៣៨ ថ្ងៃ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ម្នាក់