ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃព្រហស្បត្តិ៍ បានបង្ហាញឆន្ទៈបន្តពង្រឹងការគ្រប់គ្រង និងបង្កើនគុណភាពបរិមាណផលិតផលកសិកម្ម អាជីវកម្ម ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជនពិការឲ្យកាន់តែមានភាពប្រសើរឡើង។
អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅទីស្តីការគណៈរដ្ឋមន្ត្រីថា ប្រជាពលរដ្ឋនៅក្នុងខេត្តនេះមានជាង ៤៩ម៉ឺននាក់ ក្នុងនោះ ប្រជាពលរដ្ឋដែលមានមុខរបរជាកសិករប្រកបរបរកសិកម្មមានប្រមាណ៧៥% និង២៥% ជាសេវាករ ពាណិជ្ជករ និងមន្ត្រីរាជការ។ លោកបន្ត ដោយសារតែប្រជាពលរដ្ឋមានចំនួនដ៏ច្រើនលើសលប់ ប្រកបរបរកសិកម្មនេះ បានធ្វើឲ្យវិស័យកសិកម្មជាវិស័យចម្បងមួយ ក្នុងការជួយដល់ការអភិវឌ្ឍ លើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ពង្រឹងវិស័យនេះបន្ថែមទៀត។
លោកថា៖ «ប្រជាពលរដ្ឋមានការផុសផុលខ្លាំងក្នុងវិស័យកសិកម្ម ជាមួយនឹងការប្រមូលផល និងការប្រឹងប្រែងដាំដុះ ក្នុងនោះដំណាំស្រូវក្នុងខេត្តនេះ ភាគច្រើនមិនសូវប្រើប្រាស់ជីគីមីទេ ដែលធ្វើឲ្យស្រូវមានគុណភាព និងរសជាតិល្អប្រសើរ»។
បើតាមលោក ម៉ៅ ធនិន បច្ចុប្បន្ន ខេត្តនេះ មានផ្ទៃដីដំណាំកសិកម្មប្រមាណ ១៥ម៉ឺនហិកតា ដែលទទួលបានផលស្រូវប្រចាំឆ្នាំចន្លោះពី ៣៨ម៉ឺនតោន ទៅ៤២ម៉ឺនតោន ខណៈវិស័យជលផលទទួលបានផលត្រីប្រមាណ ៤១២០០តោនក្នុងមួយឆ្នាំ។ ក្រៅពីដំណាំស្រូវ លោកថា ប្រជាពលរដ្ឋក្នុងខេត្តនេះ ក៏មានដាំដំណាំរួមផ្សំផ្សេងៗ ជាពិសេសការដាំដំណាំផ្លែក្រូចពោធិ៍សាត់ ដែលមានផ្ទៃដីដាំដុះនិងទទួលផលរហូតដល់ទៅ១២០០០ហិកតា។
លោកក៏បានគូសបញ្ជាក់ដែរថា ក្រៅពីវិស័យកសិកម្ម ក៏មានវិស័យទេសចរណ៍ ដែលមានសក្តានុពលខ្លាំងក្នុងការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋផងដែរ។ លោកបន្តថា បច្ចុប្បន្ន ខេត្តនេះ មានតំបន់ទេសចរណ៍សរុបចំនួន ៣៤កន្លែង ដូចជា តំបន់ទេសចរណ៍លើផ្ទៃទឹកបឹងទន្លេសាបដែលលាតសន្ទឹងប្រវែង ៨៦គីឡូម៉ែត្រ, តំបន់ទេសចរណ៍នៅជុំវិញស្រុកនិងក្រុង និងតំបន់ទេសចរណ៍នៅតាមតំបន់ភ្នំ ដែលទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិប្រមាណ ៦១ម៉ឺននាក់កាលពីឆ្នាំមុន។
ប្រធានមន្ទីរពាជិណ្ជកម្ម លោកស្រី ឈុន សេរីរ័ត្ន បានមានប្រសាសន៍ក្នុងសន្និសីទនោះដែរថា ទិន្នផលស្រូវ-អង្ករ ដែលជាផលិតផលអាទិភាពមួយនៅក្នុងខេត្តនេះ ត្រូវបាននាំចេញជាមធ្យមក្នុងមួយឆ្នាំប្រមាណ ២៣៥០០តោន។ ក្រៅពីនោះ ខេត្តនេះ ក៏មានផលិតផលដែលមានសក្តានុពលមួយចំនួនទៀតផងដែរ ដូចជា ក្រូចពោធិ៍សាត់ ដំឡូងមី ពោត ស្វាយកែវរមាត សិប្បកម្មចម្លាក់ថ្មកែវ សិប្បកម្មកែច្នៃពីដើមត្នោត និងស្ករត្នោតជាដើម។
លោកស្រីបន្តថា៖ «រដ្ឋបាលខេត្ត នឹងបន្តពង្រឹងវិស័យកសិកម្ម និងជំរុញនូវផលិតផលកសិកម្មទាំងនេះ ចូលទៅទីផ្សារជាតិ និងអន្តរជាតិ តាមរយៈការចូលរួមក្នុងពិពណ៌ពាណិជ្ជកម្មនានាទាំងនៅក្នុងខេត្ត និងនៅតាមបណ្តាខេត្តផ្សេងៗទៀត»។
បើតាមអាជ្ញាធរខេត្ត ក្រៅពីការពង្រឹងលើវិស័យកសិកម្ម និងទេសចរណ៍ ដែលជាវិស័យអាទិភាពនេះ រដ្ឋបាលខេត្តក៏នឹងបន្តពង្រឹងវិស័យផ្សេងៗទៀត ដូចជា វិស័យធនធានទឹក វិស័យរ៉ែនិងថាមពល វិស័យពាណិជ្ជកម្ម ការអភិវឌ្ឍជនបទ សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បន្ថែម ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
កាលពីដើមខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំដល់មន្ត្រីថ្នាក់ក្រោមឲ្យពង្រឹងវិស័យកសិកម្ម ដែលជាចំណុចខ្លាំងរបស់កម្ពុជា ជាពិសេសត្រៀមទំនិញស្បៀងចាំបាច់ដូចជា ស្រូវ អង្ករ និងអំបិលដើម្បីឆ្លើយតបនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ១៩ផងដែរ៕