ana-air canadia-bank Silk-air nissan acleda cab-bank

អាជ្ញាធរ​អប្សរា​ចាប់​ផ្តើម​ផ្គុំ ​និង​ជួសជុល​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​បរិវេណ​ប្រសាទ​អង្គរវត្ត​

ប៉ិច សុធារី / Khmer Times No Comments Share:

​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​សិក្សា​ផ្គុំ​រូបរាង និង​ជួសជុល​អភិរក្ស​បំណែក​ព្រះ​ពុទ្ធបដិមា​ជាង ១០០​អង្គ រួម​និង​បំណែក​តូចៗ​ជិត​២០០​ដុំ​ទៀត ដែល​បាន​រកឃើញ​នៅក្នុង​រណ្តៅ​កំណាយ​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប​។​

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក​ឡុង កុសល បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា បំណែក​ព្រះ​ពុទ្ធបដិមា​ចំនួន​១០៥ ក្នុងនោះ​មាន​ពុទ្ធបដិមា​មាន​រូប​មិន​ពេញលេញ​ចំនួន ៣៥​អង្គ និង​មួយអង្គ​មាន​រូបរាង​ពេញលេញ​ជាងគេ រួម​នឹង​បំណែក​តូចៗ​ចំនួន ១៨០​ដុំ​ផ្សេងទៀត រួម​និង​សន្លឹក​សីមា ត្រូវបាន​ប្រទះឃើញ​ជា​បន្តបន្ទាប់ ដោយ​ក្រុម​ជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា តាំងពី​ខែមេសា ខណៈដែល​ពួកគាត់់​បាននិងកំពុង​ធ្វើ​កំណាយ​ក្នុងការ​អនុវត្ត​គម្រោង​រៀបចំ​ប្រព័ន្ធ​ស្រោច​ស្រ​ព្វ​នៅ​តំបន់​អង្គរ នៅ​ចំណុច​មុខ​ព្រះ​ថែវ​ព្រះ​រយ​ព្រះ​ពាន់​នៅ​ប្រាសាទអង្គរវត្ត​។​

​លោក​ថា​៖ «​បំណែក​ចំនួន ១៨០​ដុំ​នោះ យើង​នៅ​មិនទាន់​ដឹងថា​ជា​បំណែក​អ្វី​នៅឡើយ ហើយ​អ្វីដែល​យើង​បន្តធ្វើ គឺ​យើង​មក​រក្សាទុក​នៅ​សារមន្ទីរ ដោយ​សំ​អាល ជួសជុល និង​សាកល្បង​ដាក់​ផ្គុំ​រូប​បំណែក​ទាំងនោះ​ឡើងវិញ​»​។​

​កាលពី​ថ្ងៃ​អង្គារ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​រៀបចំ​ធ្វើ​ពិធី​យោង​បំណែក​ព្រះ​ពុទ្ធបដិមា​ទាំងនោះ ចេញពី​រណ្តៅ​កំណាយ ដើម្បី​សិក្សា​ផ្គុំ​រូបរាង ជួសជុល​អភិរក្ស និង​លើក​តម្លៃ​វត្ថុ​បុរាណ​។​

​អគ្គ​នាយ​អាជ្ញាធរ​ជាតិ​អប្សរា លោក​ហង់  ពៅ បាន​មានប្រសាសន៍​ក្នុង​ពិធី​នោះ​ថា បដិមា​មួយអង្គ​ដែលមាន​រូបរាង​ពេញលេញ​ជាងគេ នឹងត្រូវ​ជួសជុល​សម្អាត និង​ដាក់សំណើរ​សុំ​អនុសាសន៍​ពី​គណៈកម្មការ​អាយ​ស៊ី​ស៊ី​-​អង្គរ ដើម្បី​យកទៅដាក់​នៅ​ទីតាំង​ដើម​វិញ​។ លោក​ថា​៖ «​ព្រោះ​គេ​ស្គាល់​ច្បាស់​ថា បំណែក​ព្រះ​ពុទ្ធបដិមា​ទាំងនោះ មាន​ប្រភព​នៅ​ថែវ​ព្រះ​រយ​ព្រះ​ពាន់ ដែលមាន​កាលបរិច្ឆេត​ប្រហែល​ស្ថិតនៅ​ក្នុងសម័យ​កណ្តាល​[​ស​ត្ស​វត្ស​ទី​១៦​ឬ​១៧]»​។​

​លោក ស្រ៊ុន តិច ប្រធាន​គម្រោង​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទអង្គរវត្ត នៃ​អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់បាន​គូសបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា ក្រៅពី​ការរកឃើញ​បំណែក​រូប​ព្រះ​ពុទ្ធបដិមា​ទាំងនេះ​នៅក្នុង​រណ្តៅ​កំណាយ ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​បុរាណវិទ្យា  ក៏បាន​ប្រទះឃើញ​មានការ​កប់​លាយឡំ​ជាមួយនឹង​សំណល់​សម័យ​ទំនើប​ខ្លះ​ផងដែរ ដូចជា ជំ​រឹង​ទ្វារ​ដែក អំបែង​កែវ កណ្តឹង​កង់ ថង់​ប្លា​ស្ទិ​ក ខ្នងកង់​ជាដើម​។​

​លោក​បាន​បន្ថែមថា តាម​ការមើល​លើ​ស្រទាប់ដី ការ​កប់​រូប​ព្រះពុទ្ធ​បដិមា​នេះ មាន​ទម្រង់​ជា​រាង​ការ៉េ និង​មានការ​រៀបចំ​ទុកដាក់​ជា​ជាន់ៗ​យ៉ាង​មាន​សណ្តាប់ធ្នាប់ ដែល​អាចជា​ចេតនា​កប់​ទុក​ដើម្បី​បញ្ចៀស​ហានិភ័យ​ផ្សេងៗ​របស់​មនុស្ស​សម័យមុន​។ លោក​ថា​៖ «​ដូច្នេះ អង្គរវត្ត នៅតែ​ជា​ចំណុច​សំខាន់​ដែល​អ្នកស្រាវជ្រាវ​ទូទៅ នៅតែ​មិនទាន់​យល់​អំពី​អាថ៌កំបាំង​ឲ្យ​បាន​ស៊ីជម្រៅ​នៅឡើយ​»​។​

​កាលពី​ចុងខែ​មិនា ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា ក៏បាន​រកឃើញ​របក​គំហើញ​ថ្មី​នៃ​សំណង់​ឈើ​ដែលមាន​អាយុកាល​ប្រមាណ ១​ពាន់​ឆ្នាំ រួម​និង​រូប​បដិមា​ព្រះ​គណេស នៅ​ចំ​កណ្តា​លបាត​ស្រះ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត​នេះដែរ ខណៈ​ក្រុម​អ្នកជំនាញ បានធ្វើ​ការស្តារ​កំណក​អាច​ន៍​ដី​នៅក្នុង​ស្រះ និង​សិក្សា​ស្រាវជ្រាវ​ពី​រចនាសម្ព័ន្ធ​របស់​ស្រះ​៕

Related Posts

Previous Article

អាម៉ូនីត​សត្វ​សមុទ្រ​អាយុ​ជាង​ ១០០លាន​ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​មណ្ឌលគិរី​

Next Article

រដ្ឋាភិបាល​សម្រេច​ឲ្យ​បើក​សារមន្ទីរ​ទូទាំងប្រទេស​ឡើងវិញ​នៅ​ខែក្រោយ​