រដ្ឋាភិបាលកម្ពុជាបានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងផ្អាកការជ្រើសរើសមន្ត្រីរាជការថ្មីជាបណ្តោះអាសន្នស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងជាប់គាំងដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ។
យោងតាមសេចក្តីប្រកាសជាផ្លូវការមួយដែលចេញដោយក្រសួងមុខងារសាធារណៈបានឲ្យដឹងថា រដ្ឋាភិបាលនឹងមិនជ្រើសរើសមន្ត្រីថ្មីសម្រាប់បម្រើការនៅតាមក្រសួងក៏ដូចជារដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រហូតដល់មានការជូនដំណឹងបន្ថែមទៀត។
សេចក្តីប្រកាសបានឲ្យដឹងថា៖ «អាស្រ័យហេតុនេះ ក្រសួងមុខងារសាធារណៈសូមសាធារណជនមេត្តាយោគយល់ចំពោះការលំបាករួមជាបណ្តោះអាសន្នក្នុងកាលៈទេសៈបច្ចុប្បន្ននេះ និងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។
លោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលទើបតែត្រូវបានតែងតាំងថ្មីៗនេះ បានប្រាប់កាសែតខ្មែរថាមស៍ថាការសម្រេចចិត្តនេះធ្វើឡើងដោយរដ្ឋាភិបាលដើម្បីបង្វិលធនធានទៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោកបានមានប្រសាសន៍ថា៖« ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ យើងមិនអាចជ្រើសរើសមន្ត្រីរាជការថ្មីដើម្បីធ្វើការនៅក្នុងរដ្ឋាភិបាលបានទេ ។ ជាបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែយើងមិនបានគ្រោងទុកថា នឹងដល់ពេលណានោះទេ» ។
លោក ព្រំ សុខា បានបន្ថែមថាការផ្អាកមួយរយៈនេះអាចប៉ះពាល់ដល់សេវាសាធារណៈដោយតាមការរអនុវត្តជាក់ស្តែង ការជ្រើសរើសបុគ្គលិកថ្មីគឺត្រូវជំនួសមន្ត្រីដែលចូលនិវត្តន៍។
លោកបានមានប្រសាសន៍ថា៖« ជំងឺរាតត្បាតកំពុងប៉ះពាល់ដល់គ្រប់វិស័យទាំងអស់នៅក្នុងប្រទេសរួមទាំងវិស័យសេវាសាធារណៈផងដែរ ។ ទោះយ៉ាងណា យើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាថាមន្ត្រីរបស់យើងកំពុងបម្រើប្រជាជនប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលពួកគាត់កំពុងការពារខ្លួនពីជំងឺកូវីដ១៩» ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកមិនបានដឹកជាក់លាក់ពីចំនួនមន្ត្រី ដែលរដ្ឋាភិបាលគ្រោងនឹងជ្រើសរើសនៅឆ្នាំនេះទេ។ ទោះយ៉ាងណា របាយការណ៍នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីខែតុលាឆ្នាំមុនបានបង្ហាញថារដ្ឋាភិបាលបានបម្រុងថវិកាទុកចំនួន ៤០ ពាន់លានរៀល (ប្រមាណ ១០ លានដុល្លារអាមេរិក) សម្រាប់ការជ្រើសរើសមន្ត្រីថ្មីនៅក្នុងក្រសួងនិងស្ថាប័នរដ្ឋផ្សេងទៀត។
ចាប់តាំងពីខែមីនា ដែលដែលករណីកូវីដ១៩ត្រូវបានរកឃើញដំបូងនៅលើជនជាតិកម្ពុជានៅក្នុងប្រទេស ក្រសួងនិងស្ថាប័នមួយចំនួនបានអនុវត្តគោលនយោបាយធ្វើការងារពីផ្ទះដែលជាវិធានការណ៍ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ។
ក្រសួងដែលអនុញ្ញាតឱ្យមន្ត្រីធ្វើការពីផ្ទះរួមមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡាក្រ សួងឧស្សាហកម្មនិងសិប្បកម្ម និងក្រសួងពាណិជ្ជកម្ម ព្រមទាំងរដ្ឋសភាផងដែរ។។
ក្នុងអំឡុងពេលនៃការអនុវត្តគោលនយោបាយធ្វើការងារពីផ្ទះ មន្ត្រីមួយចំនួនត្រូវបានស្នើសុំឱ្យឈរជើងនៅការិយាល័យរៀងៗខ្លួនដើម្បីផ្តល់សេវាកម្មសាធារណៈនិងផ្តល់ព័ត៌មានដល់សាធារណជន៕