ana-air canadia-bank Silk-air nissan acleda cab-bank

ស្លាប់ ​២​នាក់ និង​របួស ៥ នាក់​ក្នុង​គ្រោះ​អគ្គិភ័យ​ពីរ​ទីតាំង​កាលពី​ម្សិលមិញ​

ប៉ិច សុធារី / Khmer Times No Comments Share:
​អគ្គិភ័យ​​បាន​ផ្ទះប្រជាពលរដ្ឋ​នៅសង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​​។ Fresh News

​ភ្នំពេញ​៖ ស្ត្រី​វ័យ​៧១​ឆ្នាំ​ម្នា​ក់បាន​ស្លាប់ និង​មនុស្ស​៥​នាក់​ទៀត បាន​រងរបួស នៅក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ កាលពី​ថ្ងៃ​ពុធ នៅ​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា គ្រោះ​អគ្គីភ័យ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ជិត​៦​ល្ងាច នៅ​ចំណុច​ផ្ទះ​លក់​ចាប់​ហ៊ួ​យ សាំង និង​បញ្ចូល​ហ្គាស់ បាន​បណ្តាល​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ យន់ ស្រ៊ី​ត បាន​ស្លាប់ និង​មនុស្ស​ប្រុស​ស្រី​ចំនួន ៥​នាក់​ទៀត បាន​រងរបួស​ធ្ងន់​និង​ស្រាល និង​មាន​សម្ភារ​ជាច្រើន​ទៀត រួមទាំង​ម៉ូតូ​ពីរ​គ្រឿង​បាន​រង​នូវ​ការខូចខាត​ផងដែរ​។

​លោក​បន្តថា​៖ «​ចំពោះ​មូលហេតុ​យ៉ាងណា​នោះ យើង​នៅ​ពុំទាន់​បានដឹង​នៅឡើយ ព្រោះ​យើង​កំពុងធ្វើការ​ជួយសង្គ្រោះ​នៅឡើយ ប៉ុន្តែ​បើតាម​ព័ត៌មាន​ពី​អ្នកជិតខាង​ថា គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​ដោយសារ​ផ្ទុះ​ហ្គាស់​»​។​

​ករណី​ដោយឡែក​មួយទៀត គឺ​កាលពី​ថ្ងៃ​អង្គារ មាន​បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវបាន​ភ្លើង​ឆេះ​រោល​ស្លាប់ នៅពេល​ព្យាយាម​ចូលទៅ​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​ចំការ​ស្វាយ​របស់គាត់ ស្ថិតនៅ​ភូមិ​ព្រែក​តា​រ័ត្ន ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ​ខេត្តព្រៃវែង​។​

​លោក​អនុសេនីយ៍ទោ ទឹម វាសនា មន្ត្រីនគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៥​កន្លះ​ល្ងាច​ថ្ងៃ​អង្គារ បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ចាន់ អឿន អាយុ​៧១​ឆ្នាំ បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​នៅក្នុង​ចំការ​របស់ខ្លួន​។​

​លោក​ថា​៖ «​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​កង់​ទៅ​ចំការ ដើម្បី​បោចស្មៅ និង​ប្រមូល​សំរាម​ដុត ដើម្បី​សម្អាត​ចំការ​ស្វាយ​របស់គាត់ ហើយ​ពេលនោះ ភ្លើង​បាន​ឆេះ​រាលដាល​កាន់តែខ្លាំង​ឡើង ដូច្នេះ​ជនរងគ្រោះ​ក៏បាន​ព្យាយាម​ចូលទៅ​ពន្លត់ ហើយក៏​ស្រាប់តែ​ខ្យល់គ​វិលមុខ​ដួល​ផ្កាប់មុខ​នៅក្នុង​ភ្នក់ភ្លើង បណ្តាល​ឲ្យ​ឆេះ​ស្លាប់​តែម្តង​»​។​

​លោក ទឹម វាសនា បាន​បន្តថា ក្នុង​ហេតុការណ៍​នោះ គ្រួសារ​របស់​ជនរងគ្រោះ និង​អ្នកភូមិ បាននាំគ្នា​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ជួយ​ពន្លត់ភ្លើង និង​ជួយ​ជង​រងគ្រោះ ប៉ុន្តែ​ជង​រងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​

​បើតាម លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នេ​ត វ​ន្ថា គិត​មកដល់​ពាក់កណ្តាល​ខែមីនា ដើមឆ្នាំ​នេះ គ្រោះ​អគ្គិភ័យ​បាន​កើតមាន​ចំនួន ២៦១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​រងរបួស ១៣​នាក់ និង​បាន​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ចំ​នន ១៨៩​ខ្នង និង​តូប​លក់ដូរ​អស់ ៦០​តូប រួម​និង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​តួលេខ​នេះ​មានការ​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ត្រីមាស​ទី​១ កាលពី​ឆ្នាំមុន ដែល​មានតែ​ជាង​១០០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​។​

​លោក​បន្តថា មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង នោះ ដោយសារ​ការឆ្លង​ចរន្តអគ្គិសនី និង​ការប្រើប្រាស់​សារធាតុ​ងាយ​ឆេះ ដូចជា ទៀន ធូប ចង្ក្រានហ្គាស​ជាដើម​។

​លោក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ រួម​និង​ម្ចាស់​រោងចក្រ​សហគ្រាស​នានា ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការប្រើប្រាស់​ចរន្តអគ្គិសនី​, ទុកដាក់​សារធាតុ​ងាយ​ឆេះ​ឲ្យ​មាន​សុវត្ថិភាព និង​មាន​ឧបករណ៍​សម្រាប់​ពន្លត់​អគ្គីភ័យ​ក្នុងករណី​មាន​អគ្គិ​ស​ភ័យ​កើតឡើង ជាពិសេស​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការដុត​សំរាម និង​ការដុត​ជញ្ជ្រាំង​ស្រែ​ឬ​ជាដើម ដោយសារ​កំណើន​នៃ​ការឆេះ​ព្រៃ ឬ​ការដុត​សំរាម​ហើយ​រាលដាល​ដល់ផ្ទះ និង​ចម្ការ​នេះ​មានការ​កើនឡើង​ច្រើន​៕

Related Posts

Previous Article

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ព្រមាន​អ្នក​ដែល​ចង់​បើក​បង្រៀន​សិស្ស​ក្នុងអំឡុងពេល​បិត​សាលា​

Next Article

លោក ហ៊ុន សែន​៖ សូមកុំ​ប្រើ​អ​បិ​យ​ជំនឿ​ដើម្បី​បណ្តេញ​កូ​វីដ​១៩